
សម្តេចហ៊ុន សែននឹងផ្តោតកុងសង់ស៊ីស៥ចំណុចលើរបបយោធាមីយ៉ាន់ម៉ា
ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នៅថ្ងៃព្រហស្បតិ៍ស្អែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយមេដឹកនាំរដ្ឋប្រហាយោធាមីយ៉ាន់ម៉ាក្នុងគោលបំណងជួយស្វែងរកដំណោះស្រាយ ខណៈដែលប្រទេសនេះ កំពុងធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម។ ការធ្វើដំណើររបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ាពេលនេះ គឺជាការចាប់ផ្តើមធ្វើសកម្មភាពដំបូង របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ។«សូមកុំទុកចិត្តពេកលើប្រធានអាស៊ានតែកុំអាលបន្ទោសប្រធានអាស៊ានអីសូមរង់ចាំមើល…»នេះជាការបញ្ជាក់ជាថ្មីម្តងទៀតដោយសម្តេចនៅក្នុងពិធីប្រគល់រង្វាន់នាព្រឹកថ្ងៃពុធជូនកីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសពិភពលោកកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញកន្លងទៅ។
សម្តេចហ៊ុនសែនថាសម្តេចទៅប្រទេសមីយ៉ាន់ម៉ាពេលនេះគឺមិនឃ្លាតឆ្ងាយពីកុងសង់ស៊ីស ៥ចំណុចដែលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី។ កុងសង់ស៊ីស៥ចំណុច រួមមានទី១៖បិទបញ្ចប់អំពើហិង្សា ទី២៖រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទី៣៖ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ាទី៤៖តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥៖ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ។ តាមសម្តេចហ៊ុន សែន ប្រធានបទចំនួន៥ចំណុចនេះគឺជាប្រធានបទនៃការជជែកដោយសម្តេចមិនបានដាក់លក្ខខណ្ឌទុកជាមុននោះទេ។ ការព្រមព្រៀងគ្នាលើកុងសង់ស៊ីស៥ចំណុចនេះក៏មានការយល់ព្រមពី មីយ៉ាន់ម៉ាដែរ តែនៅឡើយការអនុវត្ត។សម្តេចថា បើការជជែកគ្នាជាមួយមេដឹកនាំមីយ៉ាន់ម៉ាខ្វះម៉ោង សម្តេចក៏នឹងអាចលើកពេលវិលត្រឡប់មកកម្ពុជាវិញរហូតដល់ថ្ងៃទី៩ ខែមករា។
សម្តេចហ៊ុនសែនក៏បានលើកឡើងដែរពីការបង្កអំពើហិង្សាររបស់ភាគីជម្លោះនៅមីយ៉ាន់ម៉ាតាមរយៈការដុតរូបថតរបស់សម្តេចនិងការដាក់គ្រាប់បែកបំផ្ទុះ២គ្រាប់នៅជិតស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ាព្រមទាំងពន្យល់ទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ាថាប្រសិនបើមានសន្តិភាពនិងប្រជាធិបតេយ្យពួកគេនឹងទទួលបានផលប្រយោជន៍ពីការខិតខំរបស់សមាជិកអាស៊ាន។ក៏ប៉ុន្តែសម្តេចថាអ្វីៗគឺស្ថិតនៅលើដែនសមត្ថកិច្ចរបស់មីយ៉ាន់ម៉ាដោយឡែកសម្តេចនិងអាស៊ានគឺគ្រាន់តែជួយសម្របសម្រួលពីខាងក្រៅតែប៉ុណ្ណោះ។សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរ ក្រោយពេលមានរដ្ឋប្រហារយោធា ប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី និងមន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អំពើរដ្ឋប្រហារយោធានេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្ដរជាតិ ជាពិសេស ប្រទេសមហាអំណាចលោកខាងលិច។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ក៏បានសម្រេចដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងរបបគ្រប់គ្រងយោធានេះ៕សហការី