
លោកហ៊ុនម៉ាណែតបានផ្លែផ្កាទៅលោកសម រង្ស៊ីថាជាមនុស្សគ្មានឆន្ទៈចេញមកភ្នាល់
នៅថ្ងៃព្រហស្បតិ៍នេះលោកហ៊ុន ម៉ាណែតបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានចេញសារនយោបាយទៅកាន់ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី។តាមរយៈសារនយោបាយថ្មីមួយនេះលោកហ៊ុន ម៉ាណែតបានផ្លែផ្កាទៅលោកសម រង្ស៊ីថាជាមនុស្សគ្មានឆន្ទៈចេញមកភ្នាល់ជាមួយលោក។ បន្ថែមពីនេះលោកហ៊ុន ម៉ាណែត ឌឺដងថាលោកសម រង្ស៊ីគ្មានឆន្ទៈផ្តល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយបន្តវេននយោបាយ។សារនយោបាយផ្លោងទៅផ្លោងមក រវាងអ្នកនយោបាយជំនាន់ថ្មីនិងអ្នកនយោបាយជំនាន់ចាស់។លោកហ៊ុនម៉ាណែតក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សកាន់អំណាចនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ធ្នូនេះបានចេញមុខមកថាឲ្យលោកសម រង្ស៊ីថាជាមនុស្សគ្មានភាពហានក្លាចេញមកតតាំងជាមួយក្មេង។ការលើកឡើងដូច្នេះ គឺបន្ទាប់ពីគ្មានការឆ្លើយតបពីលោកសម រង្ស៊ី ដែលបានរិះគន់គុណភាពសញ្ញប័ត្រលោកហ៊ុន ម៉ាណែត ថាជាសញ្ញាប័ត្រក្លែងក្លាយឬសញ្ញាប័ត្រយោគយល់។ បើតាមលោកហ៊ុន ម៉ាណែត ភាពស្ងៀមស្ងាត់របស់លោកសម រង្ស៊ីបង្ហាញថាប្រធានស្តីទីអតីតគណបក្សប្រឆាំងរូបនេះ មិនហ៊ានភ្នាល់ជាមួយរូបលោកព្រោះការិះគន់នោះគ្មានមូលដ្ឋានច្បាស់លាស់។លើសពីនេះ លោកហ៊ុន ម៉ាណែត បានព្រលយពាក្យទៅលោកសម រង្ស៊ី ទៀតថាបើមិនហ៊ានចេញមកតតាំងជាមួយលោកនោះទេ គួរបញ្ចេញយុវជនបន្តវេនមកប្រជែងជាមួយលោកតែម្តង។ ហើយសម្រាប់លោកសម រង្ស៊ី គួរល្មមសម្រាក និងលះបង់មហិច្ចតាចង់បានអំណាច។នេះបើតាមលោកហ៊ុនម៉ាណែត។បេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគតគណបក្សកាន់អំណាចបានរិះគន់ទៅកាន់លោក សម រង្ស៊ី ថាលោកសម រង្ស៊ី ធ្វើនយោបាយដោយខ្វះឆន្ទៈ មិនបើកឱកាសឲ្យក្មេងៗក្លាយជាអ្នកបន្តវេន។ជាការកត់សម្គាល់នេះគឺជាសារនយោបាយទី២ហើយរបស់លោកហ៊ុន ម៉ាណែត ផ្ញើទៅកាន់លោកសម រង្ស៊ី បន្ទាប់ពីអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៤ធ្នូបានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទឲ្យលោកហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕សហការី