ប្រតិ​ភូក្រសួ​ងកសិកម្មបា​នអញ្ជើញម​កបំពេញបេ​សកកម្មនៅខេត្តមណ្ឌលគីរីដើម្បីពិនិត្យតាម​ដាន​និងវាយ​តម្លៃ​លើវឌ្ឍនភា​ពផលិតក​ម្មប​ន្លែ

នាព្រឹក ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១
ឆ្លៀតយកពេលឈប់សម្រាកចុងសប្តាហ៍ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀត បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តមណ្ឌលគីរីដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពផលិតកម្មបន្លែ ដែលមានកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម ៖
កម្មវិធីទី១ ៖
អញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែ និងអាជីវកម្មលក់គ្រឿងយន្តកសិកម្មរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ដែលសហការជាមួយក្រុមហ៊ុន Fukada Machinery Co., Ltd។ កសិដ្ឋាននេះមានទីតាំងនៅក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លើផ្ទៃដីជាង ៣,៥០ហត ហើយបច្ចុប្បន្នកំពុងសាងសង់ផ្ទះសំណាញ់បាន ២១ផ្ទះ និងរោងបណ្តុះកូន ០១ នឹងចាប់ផ្តើមដាំក្នុងពេលឆាប់ៗខាងមុខនេះ។ កសិដ្ឋានគ្រោងរៀបចំជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ តាំងបង្ហាញផលិតផល និងវេចខ្ចប់ ផ្សារលក់បន្លែ និងផ្លែឈើ។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញទស្សន:គាំទ្រ និងកោតសរសើរចំពោះឆន្ទ:មោះមុតរបស់ក្រុមហ៊ុន ក្នុងការអនុវត្ត MOU ដែលបានចុះហត្ថលេខាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក ក្នុងគោលបំណងជំរុញផលិតកម្មបន្លែនៅកម្ពុជាជារួម និងដោយឡែកនៅក្នុង ខេត្តមណ្ឌលគីរីដែលជាតំបន់មានសក្តានុពលលើផលិតកម្មបន្លែដែលតំបន់ផ្សេងៗពិបាកផលិត មានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង។ ឆ្លៀតយក ឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនមតិឲ្យក្រុមហ៊ុនពិចារណា ៖ ទី១- ចំពោះគ្រឿងចក្រ ហាក់មានតម្លៃខ្ពស់សម្រាប់ប្រជាកសិករជាវយកទៅប្រើ ក្រុមហ៊ុនគួរពិនិត្យលទ្ធភាពនាំចូលគ្រឿងចក្រ ដែលប្រើរួចហើយ អាចមានតម្លៃសមរម្យ។ ទី២- ជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើប្រព័ន្ឌឌីជីថលក្នុងផលិតកម្មបន្លែ ធ្វើយ៉ាងនេះអាចគ្រប់គ្រងបានខ្សែច្រវាក់ផលិតកម្ម បរិមាណផ្គត់ផ្គង់ គុណភាពផលិតផល សារធាតុចំណីអាហារដែលបន្លែត្រូវការ បរិមាណទឹក និងជាពិសេសគឺឆ្លើយតបតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ ទី៣- ជួយផ្សព្វផ្សាយ ឬបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ និងដៃគូផលិតបន្ថែមទៀត ដើម្បីឲ្យពួកគាត់យកបច្ចេកទេសនេះទៅអនុវត្តនៅចំការ ឬកសិដ្ឋានរបស់ខ្លួន សំដៅរួមគ្នាផលិតបន្លែ ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព។ ទី៤- ក្រុមហ៊ុនគួរតែចងក្រងបណ្តុំផលិតទៅតាមប្រភេទបន្លែ ធ្វើនេះដើម្បីជួយរកទីផ្សារ ធានាតម្លៃ និងរក្សានិរន្តរភាពផលិតកម្ម។
កម្មវិធីទី២ ៖
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានបន្លែរបស់លោក គ្រី ម៉េងឈៀង នៅចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ បច្ចុប្បន្ន កសិដ្ឋានបានដាំស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ខាត់ណាផ្កា ឆៃថាវ ដំឡូងបារាំង និងខ្ទឹមស។ ដាំក្នុងផ្ទះសំណាញ់ និងដាំនៅទីវាល ដោយសហការជាមួយក្រុមហ៊ុន TropicCam Friut and Vegetable Co., Ltd ក្នុងការផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅរាជធានីភ្នំពេញ។
កម្មវិធីទី៣ ៖
ចេញពីកសិដ្ឋានលោក គ្រី ម៉េងឈៀង ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកចំការបន្លែរបស់លោក ពូ ភិន ថន ភូមិដោះក្រមុំ សង្កាត់សុខដុម្យ ក្រុងសែនមនោរម្យ។ ចំការមានដាំស្ពៃក្តោប និងស្ពៃ ក្រញាញ់ ដោយចុះកុងត្រាប្រមូលទិញជាមួយក្រុមហ៊ុន មាស បៃតង។
សរុបលទ្ធផលសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចាប់អារម្មណ៍ថា ៖ សម្រាប់កម្មវិធីទី១ ក្រុមហ៊ុនបានត្រៀមលក្ខណរួចរាល់ដើម្បីអនុវត្តបច្ចេកទេសលើផលិតកម្មបន្លែ ដែលនឹងផ្តល់ឱកាសឲ្យអ្នកផលិតក្នុងតំបន់នេះធ្វើការសិក្សា រៀនសូត្រ និងយកទៅអនុវត្តក្នុងចំការផ្ទាល់ខ្លួនដើម្បីបង្កើនផលិតកម្មបន្លែ ធានានិរន្តរភាពផ្គត់ផ្គង់ និងតម្លៃ។ ជាងនេះទៅទៀត នេះជាការចាប់ ផ្តើមផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឌីជីថល ធានាបានគុណភាព សុវត្ថិភាព និងរក្សាបាននូវកំណើនផលិតកម្ម។ ដោយឡែក កម្មវិធីទី២ និងទី៣ វិញ ឃើញថាកសិករបានយល់ពីអត្ថប្រយោជន៍នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការប្រើប្រាស់គ្រឿងចក្រជំនួសឲ្យពលកម្មមនុស្ស ចំណេញពេល និងធានាបាននូវប្រសិទ្ធភាពការងារ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រិន ក៏ដូចជាកសិករផ្សេងទៀតឲ្យគិតគូ យកចិត្តទុកដាក់លើការអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវល្អ ការប្រើជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃឲ្យបានសមស្របតាមការណែនាំរបស់មន្រ្តីជំនាញ និងការប្រើប្រព័ន្ធដំណក់ ទឹក។ល។ដោយឡែកមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសហការជាមួយនាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុន សិក្សាពីលទ្ធភាពផលិត និងផ្គត់ផ្គង់ពូជបន្លែក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពូជ៕សហការី