
សម្តេចហ៊ុនសែននៅតែប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យត្រឡប់មកជាអាស៊ាន១០ប្រទេសឡើងវិញ
ថ្លែងនៅក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់អគារអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ធ្នូនេះមេដឹកនាំកម្ពុជាសម្តេចហ៊ុន សែនបានប្តេជ្ញាចិត្តជាថ្មីជុំវិញដំណើរទស្សកិច្ចរបស់សម្តេចទៅកាន់ប្រទេសភូមា។សម្តេចហ៊ុន សែននៅតែប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យអាស៊ានត្រឡប់មកជាអាស៊ាន១០ប្រទេសឡើងវិញបើទោះបីគម្រោងទស្សកិច្ចរបស់សម្តេចទទួលរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិក៏ដោយ។
សម្តេចហ៊ុនសែនបន្តលើកឡើងថាអាស៊ានដែលមានតែ៩ប្រទេសជាអាស៊ានមិនគ្រប់ទឹកមិនអាចឈានទៅសម្រេចបានកុងសង់ស៊ីស។ដូច្នេះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយសម្តេចហ៊ុនសែនប្តេជ្ញាធ្វើយ៉ាងណាឲ្យសសរភូមាដែលខូចខាតវិលចូលជាសសរទី១០ឡើងវិញតាមរយៈដំណើរទស្សកិច្ចរបស់លោកទៅកាន់ភូមានៅដើមឆ្នាំ២០២២។ជាការកត់សម្គាល់ក្រោយពេលប្រកាសពីគម្រោងដំណើរទស្សកិច្ចទៅកាន់ភូមាប្រទេសក្នុងតំបន់និងអន្តរជាតិបានចោទប្រកាន់សម្តេចហ៊ុនសែនថាកំពុងទទួលស្គាល់របបយោធាភូមាដែលកំពុងកាន់កាប់អំណាចពេលបច្ចុប្បន្ន។លើសពីនេះថែមទាំងថាសម្តេចហ៊ុនសែនបានធ្វើឲ្យការខិតខំរបស់ពួកគេកន្លងមកនោះក្លាយជាអសារបង់។ក៏ប៉ុន្តែសម្តេចហ៊ុន សែន បានតបទៅវិញថា ដំណើរទស្សកិច្ចរបស់លោកនៅពេលខាងមុខនេះ គឺគ្មានអ្វីខុសទាល់តែសោះ។ មិនខុសព្រោះថា កម្ពុជាក៏កំពុងមានស្ថានទូតនៅភូមា ហើយភូមាក៏នៅមានស្ថានទូតនៅទីក្រុងភ្នំពេញ។នេះហើយជាការធ្វើការតាមផ្លូវការទូត។ជាមួយនេះសម្តេចក៏បានចុចឈ្មោះចំៗតែម្តងទៅលើអ្នកដែលរិះគន់ដំណើរទស្សកិច្ចបស់លោករួមមានអតីតរដ្ឋមន្ត្រីការបរទេសថៃលោកកាស៊ីតភិរម្យនិងតំណាងរាស្រ្តម្នាក់របស់ម៉ាឡេស៊ីថាបើចិត្តសឿងបិទទូតរបស់ខ្លួននៅប្រទេសភូមាជាមុនរួចចាំមកបន្ទោសហ៊ុនសែន។បើតាមសម្តេចមកដល់ពេលនេះនៅមិនទាន់មានប្រទេសណាមួយផ្តាច់ទំនាក់ការទូតជាមួយភូមានៅឡើយ។ពាក់ព័ន្ធនឹងអាស៊ាននេះដែរសម្តេចតេជោក៏បានលើកឡើងដែរថា ក្នុងប៉ុន្មានថ្ងៃមកនេះមានការលើកឡើងពីក្រុមប្រឆាំងនៅក្នុងតំបន់អាស៊ាននិងមានក្រៅតំបន់ខ្លះថាដំណើរទស្សនកិច្ចរបស់ សម្តេចទៅភូមាបែបនេះ បែបនោះ។សម្តេចថាបើអ្នកផ្តាច់ទូតពីមីយ៉ាន់ម៉ា ជាសិទ្ធិរបស់អ្នកហើយកម្ពុជារក្សាទូតនៅមីយ៉ាន់ម៉ាគឺ ជាសិទ្ធិកម្ពុជាក្នុងនាមរដ្ឋអធិបតេយ្យ។ទន្ទឹមនេះ កម្ពុជានឹងខិតខំធ្វើយ៉ាងណាឱ្យអាស៊ានមានឯកភាពគ្នាចំនួន១០ប្រទេសមកវិញពីព្រោះថាកន្លងមកនេះអាស៊ានមិនបានឯកភាពគ្នានោះទេ និងចូលរួមចំណែកអនុវត្តន៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន។
សម្ដេចថា “ការដោះស្រាយបញ្ហានៅភូមាមិនអាចដោះស្រាយ ឬជួបគ្នាជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ា តែម្តងរួចនោះទេ បញ្ហានេះ មានភាពស្មុគស្មាញដែលត្រូវការពេលវេលាច្រើន”។
សូមជម្រាជូនថាគម្រោងដំណើរទស្សកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ភូមានៅថ្ងៃទី០៧មករាខាងមុខនេះ បានធ្វើឲ្យប្រជាពលរដ្ឋភូមាមានការផ្ទុះកំហឹងយ៉ាងខ្លាំងនិងសម្តែងការមិនពេញចិត្ត តាមរយៈការយករូបថតសម្តេចហ៊ុន សែន មកជាន់ឈ្លីនិងដុតកម្ទេចចោលផងដែរ៕សហការី