ស្អែកនេះ​ថ្នាំព្យាបាលជំងឺកូវីដ១៩​នឹងមា​នចែកចាយនៅ​កម្ពុជា

សេចក្ដី​ជូន​ដំណឹង​របស់​ក្រុម​ការងារ​ចំពោះ​កិច្ចគ្រប់គ្រងបែង​ចែកនិង​ផ្គត់ផ្គង់​ឱសថ​យុទ្ធសាស្ត្រសម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ឈ្មោះ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវាកាប់ស៊ុល​២០០​មីលីក្រាម នឹង​មាន​ចែក​ចាយនៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣​ខែធ្នូស្អែកនេះ ត​ទៅក្នុង​តម្លៃ​៥៥​ដុល្លារក្នុង​មួយ​កំប៉ុងដែល​មាន​ចំនួន​៤០​គ្រាប់​។
បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ការងារ​ចំពោះ​កិច្ចការ​ចែកចាយ​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ បើក​ទូលាយ​សម្រាប់​មន្ទីរ​ពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថ​ស្ថាន​រង និង​សាធារណជន។ ក្នុង​នោះ ​បុគ្គល​ម្នាក់ មាន​សិទ្ធិ​បញ្ជា​ទិញ ពី​៥​ដល់​១០​កំប៉ុង​។ ចំណែកមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០កំប៉ុង ហើយអាចលក់បន្ត ក្នុង​តម្លៃ​មិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង១កំប៉ុង​។ឱសថ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០មីលីក្រាម អាច​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ចាប់​ពី​កម្រិត​ស្រាល​ទៅ​មធ្យម ចំពោះ​មនុស្ស​ពេញ​វ័យ អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​។ ឱសថ​នេះ ត្រូវ​លេប១​ថ្ងៃ​២​ដងម្ដង​៤​គ្រាប់ក្រោយពេល​​ទទួល​ទាន​អាហារ​រួចឬ​ពេល​ពោះ​ទទេរនិង​គួរ​លេប​ទាំង​មូល​ជាមួយ​ទឹក​មួយ​កែវ ដោយមិន​ត្រូវ​បើក​គ្រាប់កិន​បំបែក ឬ​ទំពារ​ឡើយ​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​​ក្រុម​ការងារ​ចំពោះ​កិច្ច គ្រប់គ្រង បែង​ចែក និង​ផ្គត់ផ្គង់​ឱសថ​យុទ្ធសាស្ត្រ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​៕សហការី

ទិន្នន័យដែលបានមកពីការសាកល្បងព្យាបាលបានបង្ហាញថាថ្នាំនេះមានប្រសិទ្ធភាពបំផុតនៅពេលដែលត្រូវបានផ្តល់ឱ្យនៅដំណាក់កាលដំបូងនៃការឆ្លងមេរោគ។ រូបថត៖ REUTERS