សម្តេចហ៊ុន សែនថ្លែងអំណរគុណដល់រដ្ឋាភិបាលក្រុងប៉េកាំងនិងប្រជាជនចិនចំពោះទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយសន្ធឹកសន្ធាប់ដល់កម្ពុជា
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននៅព្រឹកថ្ងៃសៅរ៍ទី១៨ខែធ្នូនេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។ នេះគឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជានិងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ដែលទទួលបានថវិកាជាជំនួយឥតសំណងសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លារ។ វិមានកីឡដ្ឋាន នេះមានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ សម្តេចហ៊ុន សែន កោតសរសើរនិងអរគុណមិត្តចិន តែលោកសង្ឃឹមថា «នឹងមិនមានសម្ពាធ» បន្ថែមតាមរយៈមិត្តភាពកម្ពុជា-ចិន នេះទេ។
«វិមានកីឡដ្ឋាន» ខ្នាតអន្តរជាតិថ្មីនេះសង់ដោយក្រុមហ៊ុនឯកជន តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា «នេះជាសមិទ្ធផលរបស់ជាតិ»។ នៅកៀកក្បែរនឹងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រជាជនចិន ចំពោះទឹកចិត្តដ៏ធំធេង ក្នុងការផ្ដល់ជំនួយសន្ធឹកសន្ធាប់ដល់កម្ពុជា។ វិមានកីឡដ្ឋាននេះ គឺជាកញ្ចប់អំណោយធំជាងគេរបស់ចិនចំពោះស្រុកខ្មែរ។ សម្តេច បានសរសើរមិត្តចិនរបស់ខ្លួន ដែលផ្ដល់ឱកាសឲ្យជាងខ្មែរជាអ្នកជ្រើសរើសរចនាប័ទ្មម៉ូដពហុកីឡដ្ឋាន ទោះបីលុយសាងសង់ ជារបស់ចិនទាំងស្រុងក្តី។យ៉ាងណាក៏ដោយចុះ សម្តេចសង្ឃឹមថា «នឹងគ្មានសម្ពាធណាមួយថែមទៀត ដោយសារតែទំនាក់ទំនងស្អិតរមួត រវាងកម្ពុជា-ចិន»។ ក៏ប៉ុន្តែ ទោះបីជាមានសម្ពាធពីមហាអំណាចណាក៏ដោយ ក៏សម្តេចហ៊ុន សែន នៅតែប្រកាសពីគោលជំហររបស់ខ្លួន ក្នុងការរក្សាការពារសន្តិភាព។
ឆ្នាំខាងមុខនេះ ក្នុងឋានៈកម្ពុជាជាប្រធានវិលជុំអាស៊ាន គឺអ្នកឃ្លាំមើលជំហរការទូតរបស់កម្ពុជា គេដាក់ក្តីបារម្ភស្រេចទៅហើយ ថា កម្ពុជាអាចនឹងផ្អៀង ទៅផ្តល់ប្រយោជន៍ឲ្យ ចិន ជាម្ចាស់ជំនួយធំ គឺល្អៀងទៅចិន ជុំវិញការសម្រេចចិត្តណាមួយ ដែលមាន ចិន ក្នុងជម្លោះនានាក្នុងតំបន់។
សម្តេច ហ៊ុន សែន បានថ្លែងអំណរអរព្រះគុណ ចំពោះ សម្តេច នរោត្តម សីហនុ ដែលបានផ្ដើមទាក់ទងជាមួយចិន ហើយបន្សល់កេរមរតកចំណងទូត រវាងប្រទេសទាំង២ដល់អ្នកជាន់ក្រោយ។ ចំពោះចិន ផ្អែកតាមប្រវត្តិសាស្ត្រសម័យទំនើប គឺបក្សកុម្មុយនីស្តចិន មិនដែលបោះបង់ស្រុកខ្មែរ ឡើយទោះបីក្នុងសម័យវាលពិឃាតខ្មែរក្រហមក្តី។សម្ដេចតេជោបានផ្ដាំផ្ញើតាមរយៈអគ្គរដ្ឋទូតចិនដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយដល់កម្ពុជានាពេលនេះ។ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានបន្តជំរុញឲ្យបន្តចាក់វ៉ាក់សាំងដល់ការជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សចាស់ និងកុមារ ព្រោះជំងឺកូវីដ-១៩មិនទាន់ចប់ទេ។សម្ដេចតេជោបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោខ្លាំងពេកជាមួយនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គេត្រូវតែអនុវត្តវិធានការការពារជាប់ជានិច្ច។ សម្តេចតេជោ ហ៊ុន សែន អរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអបអរសាទរនូវសមិទ្ធផលជាតិដ៏ធំនាថ្ងៃនេះ និងជូនពរឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕សហការី