បារំាង​កោត​សរសើរនិងវា​យតម្លៃខ្ពស់ការបើកប្រទេសឡើងវិញដោយសារយុទ្ធសាស្រ្តចាក់​វ៉ាក់សំាង​​ដ៏ត្រឹមត្រូវរបស់​​រាជរដ្ឋាភិបាល​កម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ពើឡេ (Jacques Pellet)ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាង ប្រចំាកម្ពុជាចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ្សាក់ ពើឡេដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានិងបានគូសបញ្ជាក់ថារដ្ឋសភាកម្ពុជាបានត្រៀមជាស្រេចនៅក្នុងការបង្ករលក្ខណៈងាយស្រួលបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថាកម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានបន្តពង្រឹង និង ពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។
សម្តេច សង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម នឹងបន្តរួមចំណែកពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ឯកឧត្តមហ្សាក់ពើឡេបានថ្លែងអំណរគុណជ្រាលជ្រៅចំពោះសម្តេចប្រធានដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសមនាពេលនេះ។ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាង ដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ការបើកប្រទេសរបស់ កម្ពុជាឡើងវិញ បានធ្វើឲ្យរដ្ឋសភាបារំាងនិងកម្ពុជាមានលទ្ធភាពនៅក្នុងការជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្តទៀត នៅក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង។
ឯកឧត្តម ហ្សាក់ ពើឡេ បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា។ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថានៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដែលជាឱកាសសំខាន់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាផងដែរ។ឯកឧត្តមហ្សាក់ពើឡេបានជម្រាបសម្តេចប្រធានរដ្ឋសភាថាប្រទេសបារំាងនៅតែបន្តកិច្ចសហប្រតបត្តិការនិងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត៕សហការី