
ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសធ្វើការជាមួយចិននិងសមាជិកអាស៊ានជុំវិញបញ្ហាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនថ្លែងនៅក្នុងពិធីសម្ពោធសណ្ឋាគារមួយនៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃពុធនេះបានប្រកាសធ្វើការជាមួយចិននិងសមាជិកអាស៊ានជុំវិញបញ្ហាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)និងស្នើកុំឲ្យបន្ទោសកម្ពុជាប្រសិនបើCOCមិនអាចសម្រេចបាននៅកម្ពុជា។សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរថាតើមានអ្វីនៅពីក្រោយការចេញមិនរួចនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)កាលពីកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២កន្លងទៅនោះ?ជាចម្លើយលោកថាប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្តីទេប្រធានអាស៊ានមិនមានសិទ្ធិទេខណៈដែលប្រទេសជាសមាជិកអាស៊ានពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូងចង់ឲ្យកម្ពុជាទទួលស្គាល់ទឹកដីរៀងៗខ្លួន។ក្នុងបំណងចង់ឲ្យអ្នកវិភាគលើកាសែតបរទេសធំៗយល់ច្បាស់សម្តេចហ៊ុនសែនបញ្ជាក់ថាកម្ពុជាកាលពី១០ឆ្នាំមុនក្នុងនាមប្រធានអាស៊ានមិនបានកាន់ជើងចិនទេតែសម្តេចបន្ទោសទៅលើប្រទេសសមាជិកអាស៊ានដទៃទៀតដែលទាមទារឲ្យកម្ពុជាប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង។សម្តេចហ៊ុនសែនថាសម្តេចនឹងខិតខំរួមជាមួយប្រទេសអាស៊ានដទៃទៀតរួមនឹងប្រទេសចិនដើម្បីធ្វើការចរចាសម្រេចនូវCOCមួយដែលមានប្រសិទ្ធភាព និងអាចទទួលយកបាន។ជាមួយគ្នានេះ អ្នកវិភាគនយោបាយ និងទំនាក់ទំនងការបរទេសមួយចំនួន យល់ឃើញថាកម្ពុជាទំនងជាពិបាកសម្រេចបាននូវការព្រមព្រៀង COC ដោយសារ COC នេះត្រូវគេមើលឃើញថាឲ្យតម្លៃខ្លាំងទៅលើចិនខណៈចិនបានកាន់កាប់ដែនកោះនៅតំបន់ជំលោះជាឯកត្តោភាគីជាច្រើនចាប់តាំងពីឆ្នាំ២០១២មកជាហេតុធ្វើឲ្យគូភាគីជម្លោះផ្សេងទៀតដូចជាហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ជាដើមនឹងអាចមិនយល់ព្រម។ទោះយ៉ាងណាសម្តេចហ៊ុន សែន បញ្ជាក់ថាកុំបន្ទោសកម្ពុជាក្នុងករណីCOC មិនអាចចេញរួចគឺសម្តេចថាមានមូលហេតុងាយយល់។ ងាយយល់ដោយសារតែប្រទេសអាស៊ានផ្សេងៗទៀត ធ្លាប់ធ្វើជាប្រធានអាស៊ានបន្តគ្នាកន្លងមក មិនអាចដោះបញ្ហានេះចេញរួមទាំងប្រទេសដែលពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូងនេះផងដែរ។សូមជម្រាបជូនថាប្រទេសកម្ពុជាសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះក្នុងការកាន់ញញួរធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២៕សហការី