សម្តេច​តេជោហ៊ុន ​សែនអញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់ជា​ផ្លូវ​ការសណ្ឋាគា​រ«ហាយ៉ាត់រីជិ​នស៊ីភ្នំ​ពេញ»

នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។តាមការអោយដឹងពីអ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានអោយដឹងថា សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។ សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។ វត្តមានសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនិងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានអបអសាទរចំពោះក្រុមហ៊ុន ជីប ម៉ុង ។ សម្តេចចាត់ទុកថាសណ្ឋាគារនេះជាសមិទ្ធផលមួយសម្រាប់ជាតិកម្ពុជាផងដែរ ហើយតាមរយ:សណ្ឋាគារនេះក៏បានផ្តល់ការងារ ផ្តល់ពន្ធជូនរដ្ឋ និងទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះក្រុមហ៊ុន ជីបម៉ុង និងក្រុមហ៊ុនដទៃទៀតនៅកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាមានវឌ្ឍនភាពលើវិស័យសំខាន់ៗ។
សម្តេចតេជោបានមានប្រសាសន៍ថា សមិទ្ធផលដែលកើតមានឡើងនេះ គឺដោយសារយើងមានថ្ងៃរំដោះថ្ងៃ៧ មករា១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ហើយគ្មានអ្វីនឹងខ្លាចក្នុងការនិយាយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹក ថា រាជធានីភ្នំពេញពីមុន គឺជាទីក្រុងមួយដ៏ស្ងប់ស្ងាត់ និងឯកោបំផុតនៅក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ
និងការប្រឹងប្រែងស្វែងរកសុខសន្តិភាព ពិសេសក្រោយឆ្នាំ១៩៩៨ ប្រទេសជាតិយើងបានចាប់ផ្តើមមានសន្តិភាព និងមានការអភិវឌ្ឍចម្រើនលូតលាស់ជាបន្តបន្ទាប់។
ទាក់ទងស្ថានភាពជម្ងឺកូវីដ-១៩នៅថ្ងៃនេះសម្តេចតេជោបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិនត្រូវស្លន់ស្លោខ្លាំងពេកនោះទេ។ សម្តេចតេជោបានថ្លែងថា ការធ្លាក់ចុះនៃការរាតត្បាតជំងឺកូវីដ-១៩ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋនិងក្រុមហ៊ុននានាជាពិសេសការចូលរួមបរិច្ចាគថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ និងបានអរគុណដល់បណ្ដាប្រទេសមួយចំនួនដែលបានផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា ទាំងជំនួយ ទាំងការបញ្ហាទិញ ជាពិសេសប្រទេសចិនដែលបានផ្តល់ច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការវ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ទេ ត្រូវតែបន្តការប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ»។ នៅថ្ងៃនេះ សម្ដេចតេជោបានអំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់ដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ សូមប្រញ៉ាប់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំ២០២១នេះ ពោលគឺផុតកំណត់នៅថ្ងៃទី៣០ធ្នូ២០២១ ដើម្បីទទួលបានការអនុគ្រោះ១០% ហើយបើមិនបង់មុនឆ្នាំ២០២១នោះទេ មិនមានការអនុគ្រោះគ្រោះ១០%ឡើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្ដេចបានមានប្រសាន៍បញ្ជាក់ថា សម្ដេចនឹងតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានអបអសាទរចំពោះសមិទ្ធផល នៃសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី នាថ្ងៃនេះ និងជូនពរអោយក្រុមហ៊ុនទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ព្រមទាំងបានប្រកាសសម្ពោធបើកអោយដំណើរជាផ្លូវការចាប់ពីពេលនេះតទៅ៕សហការី