ភាពតាន​តឹង​ជាមួយ​ចិនកាន់តែកើ​ន​ឡើងប្រជា​ជ​ននៅតំប​ន់ព្រំដែនឥណ្ឌាមា​ន​ការព្រួយបារម្ភ

ប្រជាជននៅLadakhប្រទេសឥណ្ឌាជាប់ព្រំដែនប្រទេសចិនបានដាក់ញត្តិសុំឱ្យរដ្ឋាភិបាលផ្លាស់ប្តូរទីលំនៅព្រោះពួកគេតែងតែរស់នៅដោយខ្លាចមានជម្លោះផ្ទុះឡើងជាពិសេសនៅពេលដែលប្រទេសទាំង២បន្តដាក់ពង្រាយកងទ័ពនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មានជម្លោះ។អស់ជាច្រើនជំនាន់មកហើយដែលលោកGyalsonនិងក្រុមគ្រួសាររបស់លោកបានរស់នៅក្នុងភូមិChushul ឥណ្ឌាក្បែរព្រំដែនមានជម្លោះជាមួយប្រទេសចិន។ប៉ុន្តែឥឡូវនេះលោកGyalsonអាយុ៥០ ឆ្នាំជាអ្នកឃ្វាលគោមកពីសហគមន៍Changpaកំពុងពិចារណាចាកចេញនិងតាំងទីលំនៅនៅកន្លែងផ្សេងទៀតនៅពេលដែលការប្រឈមមុខដាក់គ្នារវាងកងទ័ពទាំង២កើនឡើង។ទេសភាពនៃតំបន់ព្រំដែនធ្វើឱ្យអ្នកភូមិព្រួយបារម្ភអំពីជម្លោះពេញទំហឹងដូចឧប្បត្តិហេតុឆ្នាំ១៩៦២។យើងមិនមានសិទ្ធិចូលទៅវាលស្មៅដែលប៉ះពាល់ដល់ការរស់នៅរបស់យើងទេ។ភាពតានតឹងនៅតាមព្រំដែនចិន-ឥណ្ឌាបានកើនឡើងចាប់តាំងពីខែមិថុនាឆ្នាំ២០២០បន្ទាប់ពីកងទ័ពប្រទេសទាំង២បានប៉ះទង្គិចគ្នានៅជ្រលងភ្នំGalwan ដែលបានសម្លាប់ទាហានឥណ្ឌា២០នាក់និងទាហានចិនយ៉ាងតិច៤នាក់។ វាគឺជាការប្រឈមមុខដាក់គ្នាដ៏បង្ហូរឈាមបំផុតរវាងប្រទេសជិតខាងទាំង២ក្នុងរយៈពេល៥ទសវត្សរ៍ចាប់តាំងពីពេលនោះមកកងទ័ពបន្ថែមរាប់ម៉ឺននាក់និងអាវុធដ៏ធំត្រូវបានប្រញាប់ប្រញាល់ទៅដល់ព្រំដែនដោយភាគីទាំង២នៅក្នុងការបង្កើនកម្លាំងយោធាដ៏ធំមួយ។រដ្ឋាភិបាលឥណ្ឌាក៏កំពុងផ្សព្វផ្សាយយុទ្ធសាស្ត្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដូចជាផ្លូវថ្នល់ឧទ្ធម្ភាគចក្រនិងកន្លែងចុះចត។ប្រទេសឥណ្ឌា-ចិនបានរៀបចំកិច្ចចរចាព្រំដែនជុំចុងក្រោយនៅថ្ងៃទី១០ខែតុលា។ប៉ុន្តែមិនមានការរីកចម្រើនទេ។

“រស់នៅក្នុងភាពភ័យខ្លាច”

កងទ័ពឥណ្ឌាបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងភូមិGyalsonចម្ងាយប្រហែល២០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងHimalayaដែលជាទីក្រុងសំខាន់នៅក្នុងតំបន់ហិមពាន្ត។ ឥឡូវនេះអ្នកស្រុកកំពុងសុំជំនួយពីអាជ្ញាធរនៅទីក្រុងញូវដេលីដោយនិយាយថាពួកគេមិនមានធនធានគ្រប់គ្រាន់ដើម្បីចាកចេញនិងតាំងទីលំនៅថ្មីនៅកន្លែងផ្សេង។កាលពីខែមុនKonchokStanzinដែលជាក្រុមប្រឹក្សាតំបន់បានផ្ញើលិខិតមួយទៅប្រធានសភាលោកOm Birlaដោយសុំដីនិងជម្រកសុវត្ថិភាពសម្រាប់អ្នកដែលរស់នៅតំបន់ព្រំដែនចំណុចក្តៅនេះ។លោក Stanzin បានមានប្រសាសន៍ថា“ខ្ញុំក៏កំពុងលើកបញ្ហានេះជាមួយមន្រ្តីនិងរដ្ឋមន្រ្តីដទៃទៀតដែរ។ប្រជាជនកំពុងរស់នៅក្នុងភាពភ័យខ្លាចហើយរដ្ឋាភិបាលនឹងត្រូវធ្វើអ្វីមួយសម្រាប់យើង”។លោកStanzinបាននិយាយថាប្រជាពលរដ្ឋជាច្រើនកាន់តែមានការព្រួយបារម្ភនៅពេលដែលរដ្ឋាភិបាលបានប្រកាសពីគម្រោងសាងសង់លេនដ្ឋានជាច្រើននៅតាមភូមិក្បែរបន្ទាត់ត្រួតពិនិត្យជាក់ស្តែង(LAC) ។ ស្នងការ Stanzin បាននិយាយថាការសាងសង់លានដ្ឋាននេះបានចំណាយរហូតដល់ទៅ៥០០លានរូពី (៦.៦លានដុល្លារ)ហើយបានសង្កត់ធ្ងន់ថានេះជាលើកដំបូងដែលរដ្ឋាភិបាលបានសាងសង់លេនដ្ឋានខ្នាតធំបែបនេះ។ចាប់តាំងពីការប៉ះទង្គិចគ្នានៅGalwanអ្នកតំណាងជាប់ឆ្នោតនៅLadakhបានទាមទារឱ្យរដ្ឋាភិបាលសាងសង់លេនដ្ឋានប្រភេទនេះដើម្បីធានាសុវត្ថិភាពរបស់អ្នកដែលរស់នៅជិតព្រំដែន។ យោធាក៏បានសាងសង់លេនដ្ឋានបន្ថែមទៀតនៅក្នុងតំបន់នេះដើម្បីបំពេញតម្រូវការកងទ័ពបន្ថែម។ ទោះយ៉ាងណាអ្នកភូមិមិនចង់សាងសង់លេនដ្ឋានសម្រាប់ពួកគេទេ។ប៉ុន្តែមានបំណងចង់ផ្លាស់ទៅកន្លែងផ្សេង។លោកStanzinបានបន្ថែមថា”ជំនួសឱ្យការសាងសង់ជម្រកបែបនេះវាជាការប្រសើរជាងក្នុងការរៀបចំឱ្យពួកគេទៅរស់នៅកន្លែងផ្សេង។មនុស្សពិតជាភ័យខ្លាចព្រោះភាពតានតឹងនៅតែបន្តកើនឡើង”៕យោងតាមSCMP


ជម្លោះរវាងឥណ្ឌានិងចិនបានផ្ទុះឡើងនៅតំបន់Ladakhកាលពីឆ្នាំមុនដោយបានសម្លាប់ទាហានទាំងសងខាង (រូបភាព៖ NDTV)


កុមារម្នាក់រស់នៅក្នុងភូមិជាប់ព្រំដែនក្នុងតំបន់Ladakhភាគខាងកើតប្រទេសឥណ្ឌា(រូបភាព៖ SCMP)