ការចាប់ដៃយោធារុស្ស៊ី-ឥណ្ឌាអាច​ធ្វើឱ្យទាំង​អាមេ​រិកនិងចិ​នពិចារ​ណាពីរបៀប​ឆ្លើយតប

ការប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាទ្រង់ទ្រាយធំរវាងរុស្ស៊ីនិងឥណ្ឌាត្រូវបានចាត់ទុកថាជាវិធានការមួយដែលអាចបណ្តាលឱ្យទាំងចិននិងអាមេរិកពិចារណាពីរបៀបឆ្លើយតប។ទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងឥណ្ឌានិងរុស្ស៊ីបានឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញមួយដោយសារកត្តាភូមិសាស្ត្រនយោបាយ។ប៉ុន្តែជំនួបកំពូលកាលពីសប្តាហ៍មុនរវាងនាយករដ្ឋមន្ត្រីឥណ្ឌា Narenda Modi និងប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបានបង្ហាញថាមានបំណងចង់ធ្វើឱ្យមានភាពជិតស្និទ្ធជាមួយគ្នានៃភាគីទាំង២។ ហើយ​ទង្វើ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​អាមេរិកនិង​ចិន «​មាន​តុល្យភាព​ខួរក្បាល​»។លោក Harsha Kakar ឧត្តមសេនីយចូលនិវត្តន៍ក្នុងជួរកងទ័ពឥណ្ឌាបាននិយាយថាជំនួបរវាងមេដឹកនាំទាំង២បានបង្ហាញថា ទោះបីជារុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយចិននិងឥណ្ឌាមានទំនោរទៅជិតលោកខាងលិចក៏ដោយ ។ចាប់តាំងពីការបញ្ចូលឧបទ្វីបគ្រីមេរបស់រុស្ស៊ីនៅក្នុងឆ្នាំ១០១៤ទីក្រុងម៉ូស្គូមានទំនោរក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចិនចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ទន្ទឹមនឹងនេះ ឥណ្ឌាបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូលោកខាងលិចរួមទាំងការចូលរួមក្នុងក្រុម “Quad” ជាមួយសហរដ្ឋអាមេរិកជប៉ុននិងអូស្ត្រាលីដែលជាទង្វើមួយដែលត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ភាព​តានតឹង​រវាង​ចិន​និង​ឥណ្ឌា​ក៏​បាន​កើនឡើង​ផងដែរ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំមុន​បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​តំបន់​ព្រំដែន​ហិមាល័យ។ក្នុងជំនួបកាលពីសប្តាហ៍មុនមេដឹកនាំទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៨លើវិស័យដូចជា ធ្យូងថ្មការសាងសង់នាវាប្រេង…រុស្ស៊ីនិងឥណ្ឌាក៏បានសន្យាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់៣០ពាន់លានដុល្លារនិងការវិនិយោគទុនទៅវិញទៅមកដល់៥០ពាន់លានដុល្លារដោយ ២០២៥។លោក Modi និងលោកPutinបានចុះហត្ថលេខាលើកិច្ចសន្យាដែលអនុញ្ញាតឱ្យឥណ្ឌាផលិតកាំភ្លើង AK-203 របស់រុស្ស៊ីជាង៦០០,០០០ដើមសម្រាប់កងទ័ពនៃភាគីញូវដែលី។ប្រទេសទាំង២ក៏បានពង្រីកកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសយោធាដែលអាចគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យាការពារជាតិរវាងភាគីទាំង២ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ចាប់តាំងពីឆ្នាំ១៩៩៩១រុស្ស៊ីបានលក់សព្វាវុធចំនួន៧០ពាន់លានដុល្លារឥណ្ឌា។ ទោះបីជាចំនួននេះមានទំនោរថយចុះប៉ុន្មានឆ្នាំមកនេះដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការផលិតអាវុធក្នុងស្រុកក៏ដោយក៏ភាគីទាំង២នៅតែសហការលើគម្រោងអភិវឌ្ឍន៍អាវុធរួមគ្នាចាប់ពីកាំជ្រួចល្បឿនលឿនជាងសំឡេងរហូតដល់នាវាចម្បាំងបំបាំងកាយ។

ស្ថានភាពភូមិសាស្ត្រនយោបាយស្មុគស្មាញ

ការពារដែនអាកាស S-400 ដែលឥណ្ឌាទិញពីរុស្ស៊ីត្រូវបានអ្នកជំនាញចាត់ទុកថា ស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញដែលភាគីទាំង២កំពុងប្រឈមមុខ។ឥណ្ឌាត្រូវបានគេនិយាយថាចង់ដាក់S-400នៅជិតបន្ទាត់ត្រួតពិនិត្យឥណ្ឌា-ចិន (LoC) ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ចិននូវការដឹកជញ្ជូនS-400 ដែលទិញពីរុស្ស៊ីផងដែរទៅកាន់ស៊ីនជាំងនិងទីបេ។ លោក Kakarបាននិយាយថា ប្រព័ន្ធ S-400 របស់ឥណ្ឌានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងបណ្តាញការពារដែនអាកាសរបស់ប្រទេសក្នុងជម្លោះលើអធិបតេយ្យភាពជាមួយប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរចំនួនពីរគឺចិននិងប៉ាគីស្ថាន។លោក Alexey Kuprinov អ្នកជំនាញនៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបាននិយាយថារុស្ស៊ីបានអនុញ្ញាតឱ្យទាំងចិន និងឥណ្ឌាជាម្ចាស់ S-400 ដើម្បីកាត់បន្ថយហានិភ័យនៃសង្គ្រាម ដោយអនុញ្ញាតឱ្យភាគីទាំង២មានតុល្យភាពនៅក្នុងលក្ខខណ្ឌនៃអំណាចខ្លាំង។លើសពីនេះ លោកបាននិយាយថាការកែលម្អទំនាក់ទំនងជាមួយឥណ្ឌាគឺជា”ឱកាសសម្រាប់រុស្ស៊ី ដើម្បីបន្តភាពជាដៃគូរបស់ខ្លួនទៅកាន់អាស៊ីដោយមិនពឹងពាក់ចិនច្រើនពេក”។ទោះជាយ៉ាងណាក៏ដោយ ចិនមិនមែនជាប្រទេសតែមួយគត់ដែលអាចមានបញ្ហាជាមួយឥណ្ឌាដែលមានS-400 នោះទេ។ ក្នុងឆ្នាំ ២០១៧សហរដ្ឋអាមេរិកបានអនុម័តច្បាប់CAATSA ដើម្បីដាក់ទណ្ឌកម្មបុគ្គលនិងអង្គភាពដែលមាន “ប្រតិបត្តិការទ្រង់ទ្រាយធំ”ជាមួយវិស័យការពារជាតិរុស្ស៊ី។ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិននិង​តួកគី​ចំពោះ​ការទិញS-400 ពី​រុស្ស៊ី។ទោះ​យ៉ាង​ណា​ក៏​មាន​លទ្ធភាព​ដែល​ឥណ្ឌា​នឹង​មិន​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដូចប្រទេសទាំង២​ដូចបានលើកឡើងខាងលើ​ដែរ។សមាជិកសភារបស់ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកកុំឱ្យដាក់ទណ្ឌកម្មលើដៃគូអាមេរិកនៅក្នុង”Quad” ។ អ្នក​ជំនាញ​ក៏​បាន​និយាយ​ថាអាមេរិកអាចនឹងមានវិធានការលើកលែងឥណ្ឌា​ពីទណ្ឌកម្ម។ទោះបីជាសេណារីយ៉ូនៃការលើកលែងទណ្ឌកម្មនឹងអនុវត្តចំពោះប្រទេសឥណ្ឌាក៏ដោយភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិចជុំវិញអ៊ុយក្រែនទំនងជានឹងបន្តធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានបញ្ជូនទាហានជិត១០០,០០០នាក់ទៅជិតព្រំដែនអ៊ុយក្រែន ហើយមានបំណងវាយប្រហារទីក្រុងគៀវដែលជាការចោទប្រកាន់ដែលក្រុងម៉ូស្គូបានបដិសេធយ៉ាងខ្លាំង។នៅក្នុងសេណារីយ៉ូដែលភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិកកើនឡើង អ្នកជំនាញ Richard Rossow នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បាននិយាយថា សហរដ្ឋអាមេរិកនឹងព្យាយាមជៀសវាងការដាក់ប្រទេសឥណ្ឌាក្នុងស្ថានភាពឆ្គាំឆ្គងនិងមិនស្នើសុំឱ្យទីក្រុងញូវដែលីចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ទោះជាយ៉ាងណាក៏ដោយទីក្រុងវ៉ាស៊ីនតោនទំនងជាជំរុញឱ្យឥណ្ឌាបន្ធូរបន្ថយទំនាក់ទំនងជាមួយរុស្ស៊ី។ជាពិសេសក្នុងវិស័យការពារជាតិ។ឧត្តមសេនីយ Kakar បាននិយាយថាប្រទេសឥណ្ឌានឹងមិនធ្វើដូចគ្នានោះទេ។លោកបាននិយាយថា “មិនថាមានអ្វីកើតឡើងចំពោះភាគីទី៣នោះទេខ្ញុំគិតថាទំនាក់ទំនងរុស្ស៊ី-ឥណ្ឌានឹងបន្តអភិវឌ្ឍ។ វានឹងមិនមានការពន្យាពេលឬការធ្លាក់ចុះនៅក្នុងទំនាក់ទំនងនេះឡើយ”៕យោងតាមSCMP

នាយករដ្ឋមន្ត្រីឥណ្ឌា Narenda Modi (ស្តាំ) បានស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងទីក្រុង New Delhi កាលពីសប្តាហ៍មុន (រូបថត៖ EPA)។