មេខេត្តមួយនៅភូមិភាគឥសាន្តបញ្ច្រាស់គោលនយោបាយអនក្ខរកម្មរាជរដ្ឋាភិបាល
ស្របពេលរដ្ឋាភិបាលអនុវត្តន៍គោលនយោបាយប្រជាជនកម្ពុជាឲ្យទទួលចំណេះដឹងជំនាញមុខរបរការចេះអានចេះសរសេរចេះគិតលេខនិងចេះដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃដើម្បីចៀសចេញភាពអត់ចេះអក្សរនោះរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានកាត់បន្ថយយ៉ាងច្រើនជូនបងប្អូនជនរួមជាតិខ្មែរបានចាកផុតពីអនក្ខរកម្ម។ដោយឡែកតែអធិរាជស្តេចត្រាញ់នៅខេត្តរតនគិរីភូមិភាគឥសាន្តនៅតែដៀលខ្មែរថាអត់ចេះអក្សរហើយសរសេរមិនត្រង់បន្ទាត់ទៅវិញ។
សូមរឭកថារាជរដ្ឋាភិបាលរៀបចំគោលនយោបាយដើម្បីដោះស្រាយបញ្ហាអនក្ខរកម្មក្រសួងអប់រំបានយកចិត្តទុកដាក់រៀបចំគោលនយោបាយអប់រំក្រៅប្រព័ន្ធនិងគោលនយោបាយសិក្សាពេញមួយជីវិតរៀបចំលិខិតបទដ្ឋានគាំទ្រដែលមានអនុក្រឹត្យប្រកាសនិងសេចក្តីណែនាំការអនុវត្តកម្មវិធីអប់រំក្រៅប្រព័ន្ធ និងផែនការយុទ្ធសាស្ត្រ និងបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍និងផ្នែកឯកជន។កន្លងមកលោករស់សុវាចាអ្នកនាំពាក្យក្រសួងអប់រំថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថាក្រសួងក៏បានយកចិត្តទុកដាក់លើការផ្សព្វផ្សាយរៀបចំ និងកែលម្អកម្មវិធីសិក្សា ដែលមានកម្មវិធីអក្ខរកម្មថ្នាក់ជាតិ និងកម្មវិធីអក្ខរកម្មសម្រាប់កម្មករនៅតាមរោងចក្រសហគ្រាស។ លើសពីនេះក្រសួងក៏ផ្តល់ក្របខ័ណ្ឌគ្រូអក្ខរកម្មជាប់កិច្ចសន្យាជាមួយប្រាក់ឧបត្ថម្ភប្រចាំខែពី៥០ភាគរយ ទៅ៦០ភាគរយ នៃប្រាក់បៀវត្សរ៍គ្រូបឋមសិក្សាចេញថ្មី។លោកបន្តថាក្រសួងក៏យកចិត្តទុកដាក់ផ្តល់សម្ភារសម្រាប់ដំណើរការថ្នាក់រៀននិងរៀបចំដំណើរការថ្នាក់នៅតំបន់ដែលមានអនក្ខរជនច្រើននៅតាមរាជធានីខេត្តទាំង ២៥ តាមមណ្ឌលអប់រំកែប្រែ ពន្ធនាគារ រោងចក្រ និងសហគ្រាស។លោក សុវាចា ថ្លែងថា៖ «អក្ខរកម្មជាស្ពានចម្លងអក្ខរជនទៅកាន់ភាពរឹតតែភ្លឺស្វាង ដើម្បីអភិវឌ្ឍន៍បុគ្គល ក្រុមគ្រួសារ និងសង្គមជាតិ។ ដោយសារអក្ខរជនជាកាតាលីករសកម្មក្នុងការចូលរួមលើកកម្ពស់ការងារសង្គម វប្បធម៌ និងសេដ្ឋកិច្ច ក្រសួងអប់រំ យុវជន និងកីឡាទទួលអនុវត្តអនុសាសន៍សម្តេចតេជោ (ហ៊ុន សែន) ជាពិសេសដើរតួសម្របសម្រួលយន្តការពាក់ព័ន្ធ»។បើតាមលោក រស់ សុវាចា អត្រាអក្ខរកម្មយុវជនអាយុពី ១៥ ឆ្នាំ ដល់ ២៤ ឆ្នាំ មាន ៩៤,៦ ភាគរយ និងអត្រាអក្ខរកម្មជនពេញវ័យមាន ៨២,៥ ភាគរយ នៅឆ្នាំ ២០១៧។ក្នុងទិវាអក្ខរកម្មជាតិថ្ងៃទី ៨ ខែ កញ្ញាខាងមុខ តាមរយៈសារលិខិតកាលពីថ្ងៃទី ១៩ សីហា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាក្នុងអាណត្តិទី ៦ របស់រដ្ឋាភិបាល ក្រសួងអប់រំបានសហការជាមួយក្រសួងមហាផ្ទៃបានបើកថ្នាក់អក្ខរកម្មបាន ២៥ ថ្នាក់ដល់អ្នកជាប់ឃុំឃាំងចំនួន ៥៩២ នាក់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។សម្តេច ហ៊ុន សែន បន្តថាការបើកថ្នាក់រៀននេះគឺដើម្បីផ្តល់ឱ្យអ្នកជាប់ឃុំឃាំងទទួលបានចំណេះដឹង ជំនាញ មុខរបរ ការចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ។សម្តេចបញ្ជាក់ថា៖ «ពួកគេ (អ្នកជាប់ឃុំ) នឹងមានឱកាសរៀនសូត្របន្តលើជំនាញមុខរបរដើម្បីរកប្រាក់ចំណូល បន្ទាប់ពីទទួលបានសិទ្ធិសេរីភាព និងការធ្វើសហរណកម្មទៅក្នុងសង្គមជាតិឡើងវិញ»។ ក្រៅពីនេះសម្តេចហ៊ុន សែន បញ្ជាក់ទៀតថាក្រសួងអប់រំបានសហការជាមួយវិស័យឯកជននៅតាមរោងចក្រចំនួន ១១ ដោយឱ្យកម្មករបានចូលរៀនកម្មវិធីអក្ខរកម្មដើម្បីធ្វើឱ្យការបំពេញការងាររបស់ពួកគេប្រសើរជាងមុន និងជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។ ម្ចាស់រោងចក្រក៏បានទទួលបានប្រយោជន៍ពីកម្មវិធីអក្ខរកម្មនេះដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតដល់ការងារអក្ខរកម្មក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕ពុតសាម៉ាត់
សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាខិតខំឲ្យខ្មែរចៀសផុតអនក្ខរកម្ម។រូបភាពសហការី