អ្នក​ផ្សព្វផ្សាយសាសនា​អាមេរិក១​៧នាក់​និងគ្រួសាររ​បស់ពួកគេត្រូវបា​នចា​ប់ជំរិត

អ្នកផ្សព្វផ្សាយសាសនាអាមេរិកនិងសមាជិកគ្រួសារ១៧នាក់ត្រូវបានក្រុមក្មេងទំនើងចាប់ពង្រត់នៅរដ្ឋធានីហៃទីកាលពីថ្ងៃទី១៦ខែតុលា។កាសែតNewYorkTimesបានស្រង់សម្តីមន្រ្តីសន្តិសុខក្នុងតំបន់ដែលនិយាយថាអ្នកផ្សព្វផ្សាយសាសនាអាមេរិកចំនួន១៧នាក់និងក្រុមគ្រួសាររបស់ពួកគេរួមទាំងកុមារផងត្រូវបានក្រុមក្មេងទំនើងចាប់ពង្រត់កាលពីថ្ងៃទី១៦ខែតុលានៅទីក្រុងPort-au-Princeនៃប្រទេសហៃទី។ការចាប់ពង្រត់បានកើតឡើងនៅពេលអ្នកផ្សព្វផ្សាយសាសនាបានចាកចេញពីមណ្ឌលកុមារកំព្រាមួយនៅប្រទេសហៃទី។មន្រ្តីក្នុងតំបន់បាននិយាយថាក្រុមអ្នកផ្សព្វផ្សាយសាសនាត្រូវបានចាប់ពង្រត់នៅពេលធ្វើដំណើរតាមរថយន្តក្រុងដើម្បីនាំសមាជិកក្រុមខ្លះទៅព្រលានយន្តហោះមុននឹងបន្តដំណើរទៅគោលដៅផ្សេងទៀតនៅប្រទេសហៃទី។លោកស្រីJenniferViauអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលបញ្ហានេះ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថាសុខភាពនិងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកនៅបរទេសគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់ក្រសួងការបរទេសអាមេរិក។ស្ថានទូតអាមេរិកនៅហៃទីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយក្រៅម៉ោងធ្វើការឡើយ។អ្នកនាំពាក្យប៉ូលិសហៃទីបាននិយាយថាខ្លួនកំពុងស្វែងរកព័ត៌មានអំពីបញ្ហានេះ។របាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្នកផ្សព្វផ្សាយសាសនាឬព្រះវិហាររបស់ពួកគេឡើយ។អំពើហិង្សាកាន់តែកើនឡើងបានផ្លាស់ទីលំនៅមនុស្សរាប់ពាន់នាក់និងរារាំងសកម្មភាពសេដ្ឋកិច្ចនៅហៃទីដែលជាប្រទេសក្រីក្របំផុត។អំពើហិង្សាបានកើនឡើងបន្ទាប់ពីការធ្វើឃាតប្រធានាធិបតីJovenel Moise កាលពីខែកក្កដានិងការរញ្ជួយដីនៅខែសីហាដែលបណ្តាលឱ្យមនុស្សជាង២.០០០នាក់ស្លាប់។ជនសង្ស័យនៅក្នុងការចាប់ជំរិតចុងក្រោយរបស់អ្នកផ្សព្វផ្សាយសាសនាអាមេរិកត្រូវបានគេជឿថាជាក្រុមប្រដាប់អាវុធដែលបានធ្វើសកម្មភាពប្លន់និងចាប់ជំរិតជាច្រើនខែកន្លងមកនេះនៅក្នុងតំបន់ទីក្រុងPort-au-Princeនិងព្រំដែននៃសាធារណរដ្ឋDominica។ក្រុមក្មេងទំនើងប្រដាប់អាវុធបានគ្រប់គ្រងតំបន់ក្រីក្របំផុតនៃរដ្ឋធានីហៃទីអស់ជាច្រើនឆ្នាំមកហើយ។ ពួកគេបានពង្រីកវិសាលភាពរបស់ពួកគេទៅកាន់តំបន់ផ្សេងទៀតនៃទីក្រុងPort-au-Princeនិងតំបន់ជុំវិញដោយរាលដាលភេរវកម្មតាមរយៈការចាប់ជំរិត។យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវនិងវិភាគសិទ្ធិមនុស្សដែលជាអង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅទីក្រុងហៃទីបានអោយដឹងថាការចាប់ពង្រត់មនុស្សជាង៦០០នាក់ត្រូវបានកត់ត្រានៅក្នុងត្រីមាសទី៣នៃឆ្នាំ ២០២១បើប្រៀបធៀបទៅនឹង២៣១នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អស់រយៈពេលជាច្រើនឆ្នាំមកហើយប្រទេសហៃទីបានជួបវិបត្តិសេដ្ឋកិច្ចនិងនយោបាយយ៉ាងជ្រាលជ្រៅហើយការធ្វើឃាតប្រធានាធិបតីJovenel Moiseបានធ្វើឱ្យប្រទេសកាន់តែច្របូកច្របល់។ប្រធានាធិបតី Jovenel Moise ត្រូវបានគេធ្វើឃាតនៅផ្ទះរបស់លោកបន្ទាប់ពីម៉ោង១ព្រឹកថ្ងៃទី៧ខែកក្កដានៅជាយក្រុង Port-au-Prince ។ អាជ្ញាធរហៃទីបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់រួមទាំងអតីតទាហានកូឡុំប៊ី១៨ នាក់។ទោះយ៉ាងណាក៏ដោយអ្នកស៊ើបអង្កេតហៃទីមិនទាន់កំណត់ថាអ្នកណាអាចជាមេខ្លោងនៅពីក្រោយការធ្វើឃាតដ៏រន្ធត់នេះ។កាលពីដើមខែនេះលោកស្រី Martine Moise ភរិយារបស់ប្រធានាធិបតី Moise បានប្តេជ្ញាថានឹងបន្តរហូតដល់ឃាតករត្រូវបាននាំយកមកកាត់ទោស៕យោងតាមReuters, AFP


បាតុកម្មនៅPort-au-Princeប្រទេសហៃទីបន្ទាប់ពីការធ្វើឃាតប្រធានាធិបតីJovenel Moise (រូបថត៖ AFP)