សម្តេច​ហ៊ុនសែ​ន៖សូម​អរគុណចំ​ពោះសហរដ្ឋអាមេរិ​កលើបម្រាម​​ការល​ក់ដូរ​អាវុ​​ធនិង​​សម្ភារៈយោ​ធា​មក​ក​​ម្ពុជា

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី១០ខែធ្នូឆ្នាំ២០២១បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះសហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធនិងសម្ភារៈយោធាដល់កម្ពុជា។សម្តេចរៀបរាប់លើផេកថាខ្ញុំឆ្លៀតយកឱកាសនេះសូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធនិងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំកាលពីឆ្នាំ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្តដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះទៅទិញប្រព័ន្ធអាវុធអាមេរិក។សម្តេចបន្តថាទន្ទឹមនឹងនេះខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធនិងសម្ភារៈយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធនិងសម្ភារៈយោធាអាមេរិកទាំងអស់ប្រសិនបើមានយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង។បើតាមសម្តេចហ៊ុនសែនបានលើកឡើងថាតាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើនបានចាញ់សង្រ្គាមដូចជាក្នុងរបបសាធារណខ្មែររបស់លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិកនិងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះរហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោតគឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិកក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតីនិងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។សម្តេចបន្ថែមថាជាថ្មីម្តងទៀតខ្ញុំសូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថាការសម្រេចចិត្តរបស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជាហើយវាក៍ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱយបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់អាមេរិក៕សហការី