លោកPutin​ហៅជម្លោះ​នៅភាគខា​ងកើត​​អ៊ុយក្រែនថា​ជា”អំ​ពើប្រល័យពូ​ជសាសន៍”

លោកPutinពណ៌នាជម្លោះនៅភាគខាងកើតអ៊ុយក្រែនរវាងកងទ័ពរដ្ឋាភិបាលនិងក្រុមបំបែកខ្លួនថាជា “ដូចជាអំពើប្រល័យពូជសាសន៍”ខណៈដែលភាពតានតឹងកើនឡើងជាមួយលោកខាងលិច។ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសង្គមស៊ីវិល និងសិទ្ធិមនុស្សនៅជាយក្រុងម៉ូស្គូកាលពីថ្ងៃទី៩ខែធ្នូថា“ខ្ញុំត្រូវតែនិយាយថារោគសញ្ញាស្អប់រុស្ស៊ីគឺជាជំហានដំបូងឆ្ពោះទៅរកការប្រល័យពូជសាសន៍”។លោកPutinបានបន្ថែមថា”យើងដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងDonbass។វាប្រាកដជាមើលទៅដូចជាអំពើប្រល័យពូជសាសន៍”ដោយសំដៅទៅលើតំបន់ជម្លោះនៅភាគខាងកើតប្រទេសជិតខាងអ៊ុយក្រែន។លោកPutinក្នុងឆ្នាំ២០១៥និង២០១៩បានធ្វើការប្រៀបធៀបស្រដៀងគ្នាអំពីសង្រ្គាមនៅភាគខាងកើតអ៊ុយក្រែន។ប្រជាជនអ៊ុយក្រែនភាគច្រើននិយាយទាំងអ៊ុយក្រែននិងរុស្ស៊ី ទោះបីជាតំបន់ភាគខាងត្បូងខាងកើតនិងកណ្តាលភាគច្រើននិយាយភាសារុស្ស៊ីក៏ដោយ។ ទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលទីក្រុងម៉ូស្គូបានបញ្ចូលឧបទ្វីបគ្រីមៀនិងគាំទ្រក្រុមបំបែកខ្លួននៅក្នុងតំបន់Donbass ដែលរួមមានខេត្តភាគខាងកើត២គឺ Donetsk និង Lugansk ។ យោធាអ៊ុយក្រែនបានប្រយុទ្ធជាមួយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០១៤ដោយបានសម្លាប់មនុស្សជាង១៣,០០០នាក់ទាំងសងខាង។ការអត្ថាធិប្បាយរបស់លោក Vladimir Putin ធ្វើឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោកJoeBidenត្រូវបានគេរំពឹងថានឹងនិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskyនិងមេដឹកនាំប្រទេសជាប់ព្រំដែនរុស្ស៊ី។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាច្រើនសប្តាហ៍បានចោទប្រកាន់រុស្ស៊ីពីបទប្រមូលផ្តុំកងទ័ពជាង១០០,០០០ នាក់នៅតាមព្រំដែនជាមួយអ៊ុយក្រែននិងរៀបចំផែនការវាយប្រហារលើប្រទេសនេះ។ក្នុងអំឡុងកិច្ចប្រជុំកំពូលជាមួយលោកPutinនៅដើមសប្តាហ៍នេះ លោក Biden បានគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ី ។ប្រសិនបើខ្លួនចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែន។រុស្សីពណ៌នាការចោទប្រកាន់ទាំងនេះថាជា “រឿងអាស្រូវ” បដិសេធព័ត៌មានអំពីចេតនាឈ្លានពាននិងអះអាងថាជាការបង្កហេតុដោយលោកខាងលិច ជាពិសេសទាក់ទងនឹងសមយុទ្ធនៅសមុទ្រខ្មៅ។ លោកPutinក៏ជឿដែរថាអង្គការណាតូនិងក្រុងគៀវ កំពុងគំរាមកំហែងសន្តិសុខរបស់ទីក្រុងម៉ូស្គូ។អ៊ុយក្រែនដែលមិនមែនជាសមាជិកណាតូបានស្វែងរកជាយូរមកហើយដើម្បីពង្រឹងទំនាក់ទំនងជាមួយលោកខាងលិចខណៈដែលរុស្ស៊ីប្រឆាំងយ៉ាងដាច់អហង្ការចំពោះគំនិតដែលអង្គការណាតូទទួលស្គាល់ប្រទេសនេះនៅជិតព្រំដែនខាងលិចរបស់ខ្លួន៕យោងតាមAFP, RT

ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។រូបភាពAP