សម្តេចហ៊ុ​ន​​​សែន​ប្រកាស​​ថា​​​​គណបក្ស​ប្រជាជ​ន​ក​ម្ពុជា​នឹ​ង​ធ្វើការ​សម្រេច​ទៅលើ​បេក្ខភាព​បន្តវេន​ដឹកនាំ​បក្ស​នៅក្នុង​សន្និបា​ត​រ​បស់​​គណៈ​​កម្មាកា​រ​​ធិការ​​នៅ​ថ្ងៃ​ទី២​៤​ធ្នូខាង​​មុ​ខ

សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​នាឱកាស​ចុះត្រួត​ពិនិត្យការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅខេត្ត​កណ្តាល​នាព្រឹក​ថ្ងៃទី​៩ធ្នូនេះ​បាន​ប្រកាស​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើការ​សម្រេច​ទៅលើ​បេក្ខភាព​បន្តវេន​ដឹកនាំ​បក្ស​នៅក្នុង​សន្និបាត​របស់​គណៈកម្មាការ​ធិការ​បក្ស​នៅថ្ងៃ​ទី២៤​ធ្នូខាង​មុខ​។​ សម្តេចហ៊ុនសែនបាន​ប្រាប់​អោយ​អ្នក​ប្រឆាំង​ទាំងឡាយ​ទន្ទឹង​រងចាំ​មើលថា​គណបក្ស​កាន់​អំណាច​មាន​ឯកភាពនិងសាមគ្គីភាពគ្នា​កម្រិតណា។​សម្ដេចហ៊ុនសែនបានឱ្យដឹងថាក្រោយមានការជួបប្រជុំកាលពីថ្ងៃ០៨ ខែធ្នូជាមួយមន្រ្តីជាន់ខ្ពស់នៅគេហដ្ឋាន​របស់​សម្ដេច​ផ្ទាល់ ដោយមានសម្ដេច សាយ ឈុំ សម្ដេច ស ខេង សម្ដេច ទៀ បាញ់ និង​ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន គឺបានសម្រេចរួចរាល់ហើយ នូវបញ្ជីគណៈរដ្ឋមន្ត្រីថ្មីដើម្បី​បម្រុងទុកសម្រាប់ក្មេងជំនាន់ក្រោយ។ សម្តេចថ្លែងបន្តថា «សាកល្បងមើលទៅជាមួយ​ធនធានមនុស្សរបស់គណបក្សប្រជាជន ដោយអាយុជាស្តង់ដារក្រោម ៦០ឆ្នាំ»។សម្ដេចក៏ផ្ដាំឱ្យអ្នកវិនិយោគនិងរកស៊ីនៅកម្ពុជាទាំងអស់កុំមានការព្រួយបារម្ភនៅពេលឮដែលសម្ដេចនិយាយបែបនេះ។ ដោយសម្ដេចតេជោបាន​លើកឡើងថា«ប៉ុន្តែមិនមែនឆ្នាំ២០២៣ទេ ព្រោះឆ្នាំ២០២៣ខ្ញុំនៅជាបេក្ខជនតែពេលណា​មួយចាំមើលសភាពការណ៍ជាក់ស្ដែងហើយមាននិរន្តរភាព ដូច្នេះក្រុមហ៊ុននានាកុំបារម្ភ កសាងព្រលានយន្តហោះគិតតែកសាងទៅ ព្រោះវាច្បាស់ណាស់ហើយ អស់ពីឪគឺកូនធ្វើ វាទៅណាមិនឆ្ងាយទេ»។សម្ដេចថ្លែងអះអាងថាគណបក្សប្រជា​ជនកម្ពុជានឹងនៅឈរជើង និងកម្លាំងដឹកនាំប្រទេសដោយទំនងគ្មានគណបក្សណាអាចមា​លទ្ធភាពយកឈ្នះបក្សកាន់អំណាចឡើយ។គួរឲ្យដឹងថាកាលពីពេលថ្មីៗនេះសម្តេចហ៊ុនសែនបានប្រកាសគាំទ្រលោកហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់សម្ដេច ជាបេក្ខភាពបេក្ខជននាយករដ្ឋមន្ត្រីបន្តដោយ​ឆ្លងកាត់ការបោះឆ្នោត ហើយសម្តេចតេជោក៏បានបើកឱកាសឱ្យថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀតអាចដាក់បេក្ខជនជាកូនរបស់ខ្លួនក្នុងការប្រជែងបេក្ខជននាយក​រដ្ឋមន្ត្រីបាន។ហើយមានបេក្ខជននាយក​រដ្ឋ​មន្រ្តី​៤រូបផ្សេងទៀតក៏បេក្ខភាពបេក្ខជននាយករដ្ឋមន្ត្រីផងដែរ។នេះបើតាមបង្ហើបរបស់សម្តេចនាយករដ្ឋមន្រ្តី៕សហការី