
អាមេរិកហាមនាំអាវុធមកកម្ពុជា
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មអាវុធនិងការរឹតត្បិតការនាំចេញថ្មីមកលើប្រទេសកម្ពុជាដោយសារប្រទេសនេះ«បន្តអនុញ្ញាតឲ្យចិនពង្រីកវត្តមានយោធារបស់ខ្លួន»។ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែធ្នូបានបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីប្រទេសដែលហាមឃាត់ការនាំចេញអាវុធ។យោងតាមឯកសារដែលបានដាក់ជូនដោយក្រសួងការបរទេសសហរដ្ឋអាមេរិកទៅកាន់ការិយាល័យចុះបញ្ជីសហព័ន្ធថា៖ «កម្ពុជាបន្តអនុញ្ញាតឲ្យចិនពង្រីកវត្តមានយោធារបស់ខ្លួននិងសាងសង់កន្លែងផ្ទាល់ខ្លួននៅឈូងសមុទ្រ»។ឥទ្ធិពលនៃការហាមប្រាមការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកមកលើកម្ពុជាគឺមិនច្បាស់លាស់។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពStockholm(SIPRI)បាននិយាយថាសហរដ្ឋអាមេរិកមិនមែនជាអ្នកផ្គត់ផ្គង់អាវុធដល់កម្ពុជានោះទេ។ កាលពីខែមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើឧត្តមសេនីយយោធាកម្ពុជាពីររូបពីបទ«កេងចំណេញពីគម្រោងសាងសង់មូលដ្ឋានទ័ពជើងទឹករាម»។ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកក៏បានចេញការរឹតបន្តឹងការនាំចេញថ្មីសម្រាប់កម្ពុជាផងដែរ។ ការសម្រេចចិត្តនេះនឹងកំណត់ការចូលប្រើប្រាស់របស់កម្ពុជាចំពោះវត្ថុប្រើប្រាស់ពីរដែលអាចប្រើប្រាស់ក្នុងកម្មវិធីស៊ីវិលនិងយោធាព្រមទាំងសម្ភារៈយោធានិងសេវាកម្មការពារជាតិដែលមិនសូវមានភាពរសើប។នៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo បានអំពាវនាវឱ្យកម្ពុជា “ដោះស្រាយអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្សនិងចាត់វិធានការកាត់បន្ថយឥទ្ធិពលនៃយោធាចិននៅកម្ពុជាដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់និងពិភពលោក”។មន្ត្រីកម្ពុជាមិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ។ការហាមប្រាមការនាំចេញអាវុធនិងការរឹតបន្តឹងការនាំចេញត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក មុនពេលដែលទីប្រឹក្សាក្រសួងការបរទេស Derek Chollet ចាកចេញមកកាន់កម្ពុជា។កម្ពុជាកាលពីឆ្នាំមុនបានប្រកាសថាខ្លួនបានវាយកម្ទេចទីតាំងដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពជើងទឹករាមបន្ទាប់មកបានប្រកាសការគាំទ្ររបស់ប្រទេសចិនដើម្បីធ្វើទំនើបកម្ម និងពង្រីកមូលដ្ឋាន។ សហរដ្ឋអាមេរិកបាននិយាយថាកម្ពុជាក្នុងឆ្នាំ ២០១៩បានបដិសេធសំណើរបស់ក្រុងវ៉ាស៊ីនតោនក្នុងការជួសជុលមូលដ្ឋាន។សហរដ្ឋអាមេរិកកាលពីខែតុលាបានចោទប្រកាន់កម្ពុជាពី«កង្វះតម្លាភាព»អំពីសកម្មភាពសាងសង់របស់ចិននៅមូលដ្ឋានទ័ពជើងទឹករាម។សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភម្តងហើយម្តងទៀតអំពីការកើនឡើងនៃវត្តមានយោធារបស់ចិននៅទីនោះ។ក្រសួងការពារជាតិកម្ពុជាកាលពីខែមិថុនាបានអំពាវនាវឱ្យភាគីអាមេរិក”បញ្ឈប់ការបង្កើតស្ថានភាពអវិជ្ជមានថ្មី ដោយទាមទារឱ្យសហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពនិងអាថ៌កំបាំងយោធារបស់កម្ពុជា”។អ្នកនាំពាក្យរដ្ឋាភិបាលលោកផៃស៊ីផានបាននិយាយនៅថ្ងៃទី១១/១១ថា“ទណ្ឌកម្មធ្វើឡើងដោយឯកតោភាគីដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកហើយការសម្រេចចិត្តរបស់អាមេរិកមិនផ្អែកលើនីតិរដ្ឋទេ នោះគឺជាអំពើអយុត្តិធម៌ចំពោះកម្ពុជា”។ លោកផៃ ស៊ីផានបានថ្លែងថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺ «មានហេតុផលនយោបាយ»៕យោងតាមAFP
ទាហានកម្ពុជានៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខែកក្កដា ឆ្នាំ ២០១៩។រូបថត៖ AFP។