
ការបញ្ចប់យុគសម័យMerkelជាផ្លូវការប្រទេសអាល្លឺម៉ង់មានអធិការបតីថ្មី
សភាអាល្លឺម៉ង់កាលពីថ្ងៃទី៨ខែធ្នូបានបោះឆ្នោតជ្រើសរើសOlafScholzជាអធិការបតីថ្មីដោយបញ្ចប់ជាផ្លូវការនូវការគ្រប់គ្រងរយៈពេល១៦ឆ្នាំរបស់”ស្ត្រីចិត្តដែក” Angela Merkel ។យោងតាម AFP រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោកOlaf Scholz ត្រូវបានបោះឆ្នោតជ្រើសរើសជាអធិការបតីកាលពីថ្ងៃទី៨ ខែធ្នូជាមួយនឹងសំឡេង៣៩៥គាំទ្រសរុប៧៣៦សំឡេងនៅក្នុងសភា។ជាមួយនឹងលទ្ធផលនេះ លោក Scholz បានក្លាយជាអ្នកស្នងតំណែងអធិការបតី Angela Merkel ជាផ្លូវការ ហើយបានបង្កើតរដ្ឋាភិបាលចម្រុះ៣ភាគីដែលមានអាសនៈចំនួន៤១៦នៅក្នុងសភាជាន់ទាប។លោក Scholz អាយុ ៦៣ឆ្នាំគឺជាអ្នកនយោបាយជើងចាស់។លោកបានបម្រើការជាអភិបាលក្រុង Hamburg ពីឆ្នាំ ២០១១ដល់ឆ្នាំ២០១៨ ចន្លោះឆ្នាំ២០០៩និង ២០១៩លោកក៏ជាអនុប្រធានគណបក្សសង្គមប្រជាធិបតេយ្យ (SPD) ផងដែរ។ លោកក៏ធ្លាប់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុនិងជាអធិការបតីរងក្នុងរដ្ឋបាលរបស់អធិការបតី Merkel តាំងពីខែមីនា ឆ្នាំ២០១៨។ការឡើងកាន់អំណាចរបស់លោកScholzត្រូវបានចាត់ទុកថាជាការបើកសករាជថ្មីសម្រាប់នយោបាយអាល្លឺម៉ង់និងអឺរ៉ុបដោយបញ្ចប់រយៈពេល១៦ឆ្នាំនៃការដឹកនាំដែលត្រូវបានសម្គាល់ដោយ”ស្ត្រីចិត្តដែក” របស់លោកស្រី Merkel ។រដ្ឋាភិបាលអាល្លឺម៉ង់ថ្មីនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងការប្រយុទ្ធប្រឆាំងនឹងCovid-19 ការស្តារសេដ្ឋកិច្ចឡើងវិញ ការដោះស្រាយទំនាក់ទំនងរបស់អឺរ៉ុបជាមួយរុស្ស៊ី។បន្ទាប់ពីរយៈពេល១៦ឆ្នាំ លោកស្រី Merkel អាយុ៦៧ឆ្នាំបានប្រកាសចូលនិវត្តន៍ពីនយោបាយដោយសម្រេចចិត្តមិនឈរឈ្មោះក្នុងការបោះឆ្នោតសកលនៅខែកញ្ញាឆ្នាំនេះ។ ជាមួយនឹងការសម្រេចចិត្តនោះ លោកស្រី Merkel បានក្លាយជាអធិការបតីអាល្លឺម៉ង់ដំបូងគេដែលចាកចេញពីតំណែងដោយឈរលើមូលដ្ឋានផ្ទាល់ខ្លួន និងជាអធិការបតីដែលកាន់តំណែងយូរជាងគេទី២ក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់។ លោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរហូតដល់ចប់អាណត្តិជាផ្លូវការនៅថ្ងៃទី៨ខែធ្នូ៕យោងតាមAFP
លោកOlafScholzជាអធិការបតីអាល្លឺថ្មី។រូបភាពReuters