រុស្ស៊ីនិងឥណ្ឌា​ចុះកិច្ចព្រមព្រៀងយោ​ធានិងពាណិជ្ជកម្ម​ជាបន្ត​បន្ទាប់

រុស្ស៊ីនិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងយោធាជាបន្តបន្ទាប់ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីPutinរួមទាំងការអនុញ្ញាតឱ្យឥណ្ឌាផលិតកាំភ្លើងវែងKalashnikov ជាង៦០០,០០០ដើម។ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinកាលពីថ្ងៃទី៦ខែធ្នូជាមួយរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។តាមនោះភាគីទាំង២បានឯកភាពបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសយោធារហូតដល់ឆ្នាំ២០៣១និងប្តេជ្ញាជំរុញពាណិជ្ជកម្មប្រចាំឆ្នាំឱ្យកើនដល់៣០ ពាន់លានដុល្លារនៅឆ្នាំ២០២៥។Reutersបានរាយការណ៍ថាសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីVladimir Putinនិងនាយករដ្ឋមន្ត្រីNarendra Modi បាននិយាយថារុស្ស៊ីនិងឥណ្ឌា “បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងការរួមគ្នាអភិវឌ្ឍការផលិតឧបករណ៍យោធា”។បន្ថែមពីលើកិច្ចព្រមព្រៀងសម្រាប់ឥណ្ឌាក្នុងការផលិតកាំភ្លើង AK-203 រុស្ស៊ីក៏បានកត់សម្គាល់ផងដែរអំពីការបន្តផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400 ដល់ឥណ្ឌា។រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បាននិយាយថា ប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចំនួន២៨រួមទាំងកិច្ចព្រមព្រៀងលើដែកថែប ការកសាងនាវា ធ្យូងថ្ម និងថាមពល។ លោកបានបន្ថែមថា កិច្ចសន្យាឆ្នាំ២០១៨ សម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធកាំជ្រួចS-400 របស់រុស្ស៊ីដល់ប្រទេសឥណ្ឌាបច្ចុប្បន្នកំពុងដំណើរការ និងចាប់ផ្តើមនៅក្នុងខែនេះ។ទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូបានធ្វើឱ្យទីក្រុងញូវដែលីប្រឈមនឹងហានិភ័យនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅក្រោមច្បាប់ឆ្នាំ២០១៧ដែលមានបំណងការពារប្រទេសនានាពីការទិញផ្នែករឹងយោធារបស់រុស្ស៊ី។លើសពីនេះទៀតក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft បាននិយាយថាខ្លួនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនIndianOilដើម្បីផ្គត់ផ្គង់ប្រេងដល់ទៅ២លានតោនដល់ប្រទេសឥណ្ឌានៅចុងឆ្នាំ២០២២។លើសពីនេះប្រទេសទាំង២ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថារុស្ស៊ីនឹងផ្តល់ធ្យូងថ្ម ដើម្បីគាំទ្រដល់ឧស្សាហកម្មដែករបស់ឥណ្ឌា។លោកPutinនិងលោកModi ក៏បានពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងបានសន្យាថានឹងធានាថា ប្រទេសអាស៊ីកណ្តាលមិនដែលក្លាយជាជម្រកសម្រាប់អំពើភេរវកម្មអន្តរជាតិឡើយ។ដំណើរទស្សនកិច្ចរបស់លោកPutinត្រូវបានគេចាត់ទុកថាបានជួយភាគីទាំង២ពង្រឹងវិស័យសហប្រតិបត្តិការជាប្រពៃណីស្របពេលដែលការពង្រឹងទិដ្ឋភាពអភិវឌ្ឍន៍ថ្មីៗដើម្បីធ្វើពិពិធកម្មនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។នេះជាជំនួបលើកដំបូងរវាងប្រធានាធិបតីPutinនិងនាយករដ្ឋមន្ត្រីModi ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ និងជាដំណើរទស្សនកិច្ចលើកទី២របស់មេដឹកនាំរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើងនៃមេរោគរាតត្បាត Covid-19។ មុននេះប្រធានាធិបតីPutinបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅទីក្រុងហ្សឺណែវប្រទេសស្វីសក្នុងខែមិថុនា ឆ្នាំ ២០២១។ក្រុមអ្នកវិភាគនិយាយថា ដំណើរទស្សនកិច្ចរបស់លោកPutinធ្វើឡើងចំពេលមានការរំពឹងទុកថាទំនាក់ទំនងរុស្ស៊ី-ឥណ្ឌាកំពុងត្រជាក់ចុះចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាអំណាចធំៗខណៈដែលភាគីម្ខាងកាន់តែតានតឹងក្នុងទីក្រុងវ៉ាស៊ីនតោននិងញូវដេលីម្ខាងទៀតទីក្រុងប៉េកាំងនិងទីក្រុងម៉ូស្គូ៕យោងតាមCNA, SCMP


លោក​ប្រធានាធិបតីPutinនិង​លោក​នាយក​រដ្ឋមន្ត្រី Modi ក្នុង​ទីក្រុង New Delhi កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ (រូបថត៖ AFP)។