
លោកសម៉ាប់និងលោកសុខសុងរងការរិះគន់កាប់ទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចព្រែកល្វាឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម
សៀមរាប៖លោកសម៉ាប់នាយផ្នែករដ្ឋបាលជលផលសូទ្រនិគមនិងលោកសុខសុងនាយសង្កាត់រដ្ឋបាលជលផលសូទ្រនិគមរងការរិះគន់ពីប្រជាពលរដ្ឋកាប់ទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋជាច្រើនហិកតាក្នុងតំបន់៣នៅចំណុចព្រែកល្វាឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាបត្រូវបានកាប់គាស់រុករានឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធយ៉ាងអនាធិបតេយ្យ។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះអង្គភាពយើងនាព្រឹកថៃ្ង៦ខែធ្នូឆ្នាំ២០២១នេះលោកលោកសម៉ាប់នាយផ្នែករដ្ឋបាលជលផលសូទ្រនិគមបានបញ្ជាក់តាមទូរស័ព្ទថាលោកពុំមានពាក់ព័ន្ធទេរកតែដីមួយចម្អាមគ្មានផង។ចំណែកលោកសុខសុងនាយសង្កាត់រដ្ឋបាលជលផលសូទ្រនិគមបានឲ្យដឹងថាដីនៅចំណុចខាងលើនេះលោកក៏គ្មានពាក់ព័ន្ធដែរព្រោះកើតឡើងតាំងពីលោកមិនទាន់មកគ្រប់គ្រងនៅឡើយ។បច្ចុប្បន្នគេសង្កេតឃើញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅក្នុងភូមិសាស្ត្រត្រង់ចំណុចព្រែកល្វាឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាបត្រូវបានរងនូវការវិនាសហិនហោចខ្ទេចខ្ទីដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករានទន្ទ្រាននិងឈូសឆាយយកធ្វើជាកម្មសិទ្ធិរៀងៗខ្លួនដោយមានការចូលរួមឃុបឃិតគ្នាពីមន្ត្រីជំនាញនិងបើកភ្លើងខៀវ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលជាជនទុច្ចរិត ខិលខូចមួយចំនួនផងដែរ។ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ឃ្លាំងសុំមិនបញ្ចេញឈ្មោះបានឱ្យសារព័ត៌មានយើងដឹងថាដីព្រៃលិចទឹក ដែលស្ថិតក្នុងភូមិសាស្ត្រ តំបន់ព្រែកល្វា នៃមាត់បឹងទន្លេសាបនិង ត្រង់ចំណុច ផ្សេងៗទៀតក្នុង ខេត្តសៀមរាប ដែលជាដែនការពារដោយក្រុមជំនាញជលផល ត្រូវបានជនទុច្ចរិតខិលខូចយកត្រាក់ទ័រ ជាច្រើនគ្រឿងមកលួចចូលឈូសឆាយ ធ្វើសកម្មភាពតែមួយពព្រិចភ្នែក ត្រូវបានបំផ្លិចបំផ្លាញ បាត់បង់អស់ ព្រៃលិចទឹក រាប់សិបហិកតា។ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការឈូសឆាយដីព្រៃ លិចទឹករបស់រដ្ឋ អស់រាប់សិបហិកតាខាងលើនេះវាធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រីពងកូនហ្នឹងគោកទន្លេផង។បច្ចុប្បន្នដីព្រៃលិចទឹកនៅចំណុចខាងលើនេះត្រូវបានគេឈូសឆាយអស់ជាច្រើនហិកតាដោយកន្លងមកមិនដែលឃើញមានសមត្ថកិច្ច និងមន្រ្តីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលទទួលខុសត្រូវឈរជើងនៅតំបន់នោះ ធ្វើការទប់ស្កាត់ឬចាត់វិធាការបង្ក្រាបម្ដងណាឡើយ។សូមបញ្ជាក់ថាដីព្រៃលិចទឹក ដែលបានរងការកាប់បំផ្លាញទន្រ្ទានយកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ ខាងលើនេះ គឺស្ថិតនៅចំណុចព្រែកល្វាស្ថិតក្នុងឃុំ កំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប ។ប្រភពពីពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាដីនៅចំណុច ព្រែកល្វា ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុក សូទ្រនិគមដែលគេកុំពុងឈួសឆាយយកជាកម្មសិទ្ធិមានទំហំរាប់សិបហិកតា។
ប្រជាពលរដ្ឋដែលមិនមានការពាក់ព័ន្ធរឿងដីព្រៃលិចទឹករបស់រដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមជាច្រើនគ្រួសារសប្បាយចិត្តណាស់ដែលបានឮថាសម្តេចប្រមុខដឹកនាំនៅកម្ពុជាគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាអោយក្រសួងពាក់ព័ន្ធនានាចុះបង្ក្រាបនិងរឹបអូសយកដីព្រៃលិចទឹករបស់រដ្ឋមកធ្វើជាសម្បត្តិរដ្ឋវិញ។ប្រជាពលរដ្ឋក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជាសុផារ៉ាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់សូមមេត្តាបើកការស្រាវជ្រាវស៊ើបអង្កេតជុំវិញរឿងដីព្រៃលិចទឹករបស់រដ្ឋជាច្រើនហិកតាដែលត្រូវក្រុមអ្នកមានលុយឃុបឃិតជាមួយនិងអ្នកមានអំណាចយកគ្រឿងចក្រឈួសឆាយបំផ្លាញព្រៃលិចទឹកអស់រាប់សិបហិតានេះផងដើម្បីសង្គ្រោះដីព្រៃលិចទឹករបស់រដ្ឋមកវិញ។សូមរំឭកថាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី២៨ ខែវិច្ឆិកា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាបត្រូវធ្វើការទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹកនិងវាទទីយកដីនៅតាមបឹងទន្លេសាបបន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបជាពិសេសនៅខេត្តកំពង់ឆ្នាំង។ក្នុងនោះលោក ជា សុផារ៉ា បានដាក់ចេញវិធានការមួយចំនួន ដោយឱ្យអាជ្ញាធរខេត្ត និងក្រុមការងារចម្រុះ ត្រូវកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់និងត្រូវធ្វើការដកហូតដីព្រៃលិចទឹកដែលរងការកាប់ទន្រ្ទានទាំងនោះយកមករក្សាទុកជារបស់រដ្ឋវិញនិងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចូលមកធ្វើស្រែនៅលើតំបន់ហាមឃាត់នេះជាដាច់ខាតចាប់ពីពេលនេះតទៅ។សូមជម្រាបជូនថាក្នុងសារពិសេសជាសំឡេង នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាឲ្យអភិបាលខេត្ត នៅជាប់បឹងទន្លេសាប រួមទាំងគណៈកម្មការសូរិយោដីថ្នាក់ជាតិ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិដទៃទៀត ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីទប់ស្កាត់ការកាប់រានព្រៃលិចទឹក ដើម្បីយកដីធ្វើកម្មសិទ្ធិ នៅតំបន់បឹងទន្លេសាប។ចំពោះមុខសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យដកហូតនូវដីព្រៃលិចទឹក នៅបឹងទន្លេសាប ដែលអតីតអភិបាលខេត្តកំពង់ឆ្នាំង រំលោភយកជាង ២០០០ហិកតា ផងដែរ។យោងតាមផេកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតាចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួន៤៖ ក្រុងស្ទឹងសែន មាន៣ករណី, ស្រុកបារាយ មានចំនួន២ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី។ប្រភពដដែលបន្តថាក្នុងនេះនៅឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍។ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។ ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ ។សូមបញ្ជាក់ថា ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ ។ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ លោកជា សុផារ៉ា ប្រធានអង្គប្រជុំ បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។សូមបញ្ជាក់ថាបញ្ជីឈ្មោះសមត្ថកិច្ច អាជ្ញាធរ ឈ្មួញអ្នកមានប្រាក់មានអំណាចនិងបុណ្យស័ក្តិខ្ពង់ខ្ពស់ ដែលបានរួមគំនិតគ្នា រំលោភកាន់កាប់ រំលោភយកដីព្រៃលិចទឹកដែលបណ្តាញព័ត៌មានក្នុងស្រុកចុះផ្សាយរួមមាន÷
១/ -លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង មានដីទំហំ ៦៧៥ ហិកតា។
២/-លោកវរ:សេនីយ៍ទោ កែវ ណារុន ថ្នាក់ជានាយ-ការិយាល័យ មានដីទំហំ ចំនួន៣២ ហិកតា។
៣/-ឈ្មោះ ស្រី ស៊ីថា ជាមន្ត្រីចូលនិវត្តន៍ មានដីទំហំ២៥ ហិកតា។
៤/-ឈ្មោះ យឹម សារ៉ាត់ មេយោធាសឹករង-ស្រុកំពង់លែង ដីទំហំ ចំនួន ៦០ហិកតា។
៥/-ឈ្មោះ គង់ ស៊ីម ជាប្រជាពលរដ្ឋ ជាមេឈ្មួញធំមានដីទំហំ ដល់ចំនួន ២០០ហិកតា។
៦/-ឈ្មោះ ស៊ន បូរិន មន្រ្តីចូលនិវត្តន៍មានដីទំហំចំនួន២៥ហិកតា។
៧/- ឈ្មោះ នូ ដេត ជាប្រជាពលរដ្ឋ មេឈ្មួញមានដីទំហំ ចំនួន ៨៩ហិកតា។
៨/-ឈ្មោះ ឡុង សុខេង ជាប្រជាពលរដ្ឋ មេឈ្មួញធំមានដីទំហំ ចំនួន ៤០០ ហិកតា។
៩/-ឈ្មោះ ស៊ិន ប៉ូលីន ជាប្រជាពលរដ្ឋ មេឈ្មួញធំ មានដីទំហំចំនួន ២៦០ ហិកតា។
១០/- ឈ្មោះសៅ ស៊ុយ អតីត-ស្មៀនឃុំច្រណូក ដីទំហំ ចំនួន ៣០ ហិកតា។
១១/-ឈ្មោះ សែប ស៊ីវុតធី ជាប្រជាពលរដ្ឋ មេឈ្មួញធំ មានដីទំហំ ចំនួន ១៧៥ ហិកតា។
១២/-ឈ្មោះ ស្រី ងួន គឹមយួន ជាប្រជាពលរដ្ឋ មេឈ្មួញ មានដីទំហំ ចំនួន ៥៧ ហិកតា។
ទី១៣/-ឈ្មោះស្រី ប៉ូ ចំរ៉ុង ជាប្រជាពលរដ្ឋ មេឈ្មួញមានដីទំហំ ចំនួន ៣០ ហិកតា។
សូមជម្រាបជូនថាសមត្ថកិច្ច អាជ្ញាធរ ឈ្មួញ ទាំង១៣ នាក់ខាងលើនេះបានរួមគំនិតគ្នាជាមួយមន្រ្តីជំនាញ មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធព្រមទាំងបើកភ្លើងខៀវជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាច្រើនឆ្នាំកន្លងមកក៏ដូចជាពេលថ្មីៗផងដែរ៕ពុតសាម៉ាត់