សម្តេចហ៊ុន សែនប្រកាសបញ្ជាក់បេក្ខភាពជានាយករដ្ឋមន្ត្រី
បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានប្រកាសគាំទ្រកូនប្រុសច្បងគឺលោកហ៊ុន ម៉ាណែត ជាបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រីរួចមក។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃចន្ទនេះបានប្រកាសកុំឲ្យមានការព្រួយបារម្ភអំពីការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្នុងពេលឆាប់ៗនៅខាងមុខនេះទេ។សម្តេចហ៊ុន សែន បានចេញមកបញ្ជាក់ឡើងវិញពីការប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្តេចគឺលោកហ៊ុន ម៉ាណែត ក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងពេលបោះឆ្នោតនាពេលខាងមុខ។ បើតាមសម្តេចហ៊ុន សែនការបញ្ជាក់នេះធ្វើឡើងដើម្បីកុំមានការភ័ន្តច្រលំណាមួយខណៈដែលមានការវិភាគមួយចំនួនលើកឡើងអំពីការផ្ទេរអំណាចរបស់សម្តេចទៅឲ្យកូនប្រុសរបស់ខ្លួនរំលងសម្តេចសខេង។ទោះយ៉ាងណាបន្ទាប់ពីការប្រកាសរបស់សម្តេចកាលពីថ្ងៃទី២ធ្នូក្នុងការគាំទ្រកូនប្រុសខ្លួនជាបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រីមួយរូបញត្តិគាំទ្របានធ្លាក់មកជាបន្តបន្ទាប់មិនថាទាំងជួរផ្ទៃក្នុងបក្សស្ថាប័នរដ្ឋនិងឯកជននោះទេ។ តែបើតាមសម្តេចក្រៅពី លោក ហ៊ុន ម៉ាណែត គណបក្សប្រជាជនកម្ពុជានៅមានបេក្ខភាព៣រូបផ្សេងទៀត ដែលមានសមត្ថភាពដើម្បីឲ្យសមាជិកគណបក្សធ្វើការបោះឆ្នោតគាំទ្រ ហើយបើក្នុងលក្ខខណ្ឌណាមួយ ដែលលោកហ៊ុន ម៉ាណែតប្រព្រឹត្តកំហុសឆ្គងអ្វីមួយនោះក៏នឹងត្រូវបាត់បង់បេក្ខភាពដូចគ្នា។
លោកហ៊ុន ម៉ាណែត ក៏មិនទាន់អាចដល់ពេលធ្វើជានាយករដ្ឋមន្ត្រីភ្លាមៗដែរ ដ្បិតថ្នាក់ដឹកនាំចាស់ៗ កំពុងឈរជើងនៅឡើយនៅក្នុងជួរបក្សកាន់អំណាច។នេះបើតាមសម្តេចហ៊ុនសែន។ត្រង់ចំណុចនេះហើយសម្តេចបញ្ជាក់ថានឹងមិនមានការរៀបចំផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្នុងពេលឆាប់ខាងមុខណាមួយឡើយ ហើយយ៉ាងហោចណាស់ក៏ពី៨ទៅ១០ឆ្នាំទៀតដែរខណៈដែលសម្តេចហ៊ុន សែនអះអាងថាសុខភាពលោកនៅរឹងមាំ។យ៉ាងណក៏ដោយសម្តេចហ៊ុន សែន បានព្រមានថា ប្រសិនសម្តេចស្លាប់ដោយសារការធ្វើឃាតណាមួយនៅក្នុងអំឡុងពេលនេះ នោះសង្គ្រាមអាចនឹងកើតមានឡើង។ ប៉ុន្តែប្រសិនបើសម្តេចស្លាប់ដោយសារជំងឺ នោះបេក្ខជននាយករដ្ឋមន្ត្រីគឺទុកឲ្យអ្នកដឹកនាំជំនាន់សម្តេចជាអ្នករៀបចំចាត់ចែងទៅតាមរដ្ឋធម្មនុញ្ញ។គួរបញ្ជាក់ដែរថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១និងផ្លូវក្នុងក្រុងព្រៃវែងលោក Wang Wentianឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើងថាមានដំណឹងល្អចំនួន២សុំចែករំលែកជូនអ្នកទាំងអស់គ្នាដោយទី១ភាគីចិនបានសម្រេចចិត្តធ្វើការសិក្សានិងវិភាគហានិភ័យលើផ្លែមៀននិងត្រីប្រាកម្ពុជាដោយតាមរយៈវីដេអូពីចម្ងាយ គឺជាវិធានការសំខាន់មួយដើម្បីអនុវត្តន៍កុងសុងស៊ីសក្នុងកិច្ចប្រជុំតាមរយៈវីឌីអូរវាងឯកឧត្ដមនាយករដ្ឋមន្រ្តី Li Keqiang និងសម្ដេចតេជោ ហ៊ុន សែន។ ប្រសិនជារលូន ផ្លែមៀនកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ។ រីឯត្រីប្រាវិញនឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទី២ គឺ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកឡើងរបស់សម្ដេចតេជោស្តីអំពីគម្រោងបង្កើតរោងចក្រវ៉ាក់សាំង ក្រុមហ៊ុនស៊ីណូហ្វាមចិនកំពុងតែទំនាក់ទំនងជាមួយក្រសួងសុខាភិបាលកម្ពុជា។ ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងកូវីដដែលផលិតក្នុងស្រុកខ្មែរបាន។ ឯកអគ្គរដ្ឋទូតចិនបានបន្តថា «ខ្ញុំជឿជាក់ថាតាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ(RCEP)ដែលមានការចូលរួមពីភាគីចិននិងកម្ពុជា ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានឹងបញ្ចេញថាមពលកាន់តែខ្លាំងក្លា។លោកWang Wentian បានថ្លែងសង្កត់ធ្ងន់ថា «ចូរយើងពួតដៃគ្នាបោះជំហាន ទៅមុខ ដើម្បីបង្កើតសមិទ្ធផលថ្មីៗសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជានាពេលខាងមុខ៕សហការី