កងកម្លាំ​ងសន្តិសុខមី​យ៉ាន់ម៉ាត្រូវបា​នគេសង្ស័យថាបានបើករថ​យន្តបុកក្រុមបា​តុ​ករ​ដោ​យបា​នសម្លាប់ម​​នុស្ស៥នាក់

មនុស្ស៥នាក់ត្រូវបានសម្លាប់និងយ៉ាងហោចណាស់១៥នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាត្រូវបានគេនិយាយថាបានបើករថយន្តរបស់ពួកគេចូលទៅក្នុងក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារនៅរដ្ឋធានីយ៉ាំងហ្គោននៅព្រឹកនេះ។គេហទំព័រព័ត៌មានក្នុងស្រុក Myanmar Nowបានរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើករថយន្តបុកក្រុមអ្នកតវ៉ានៅទីក្រុងយ៉ាំងហ្គោននៅព្រឹកនេះ។រូបថត និងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តមួយគ្រឿងបើកបុកហ្វូងបាតុករនិងសាកសពដេកនៅលើផ្លូវ។គេហទំព័រ​នេះ​បាន​និយាយ​ថាមនុស្ស​៥​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​នោះហើយ​យ៉ាង​ហោច​ណាស់​មនុស្ស១៥នាក់​ត្រូវ​បាន​ចាប់​ខ្លួន។សាក្សីនៅកន្លែងកើតហេតុបានប្រាប់ទីភ្នាក់ងារសារព័ត៌មានReutersថាមនុស្សរាប់សិបនាក់បានរងរបួស។យោងតាមសាក្សីដែលឃើញផ្ទាល់ភ្នែកអំពើហិង្សាបានកើតឡើងត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីការតវ៉ាបានកើតឡើងនៅទីក្រុងយ៉ាំងហ្គោនដែលជារដ្ឋធានីបុរាណនិងក៏ជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ការ​តវ៉ា​មួយ​ទៀត​បាន​កើត​ឡើង​ក្នុង​ទីក្រុង​យ៉ាំងហ្គោន​នៅ​រសៀល​នេះបើ​ទោះ​ជា​មាន​ហេតុការណ៍​ហិង្សា​នៅ​ព្រឹក​ថ្ងៃ​ដដែល​ក៏​ដោយ។បច្ចុប្បន្នរដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ​ទេ។មុន​នេះយោធា​បាន​និយាយ​ថា​បាតុករ​ដែល​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ការតវ៉ាប្រឆាំងរដ្ឋប្រហារនៅតែបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាទោះបីជាមនុស្សជាង ១៣០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈក៏ដោយ។ ការតវ៉ាដែលខ្ចាត់ខ្ចាយជាញឹកញយគឺជាក្រុមតូចៗប្រឆាំងនឹងការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រីAung San Suu Kyiនិងការដឹកនាំរបស់យោធា។ការប៉ះទង្គិចគ្នារវាងក្រុមបះបោរជនជាតិភាគតិចនៅតំបន់ព្រំដែនដាច់ស្រយាលនៅភាគខាងជើង និងភាគខាងកើតប្រទេសមីយ៉ាន់ម៉ាបានកើនឡើងចាប់តាំងពីរដ្ឋប្រហារដែលបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង។ទន្ទឹមនឹងនេះអតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi អាយុ៧៦ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់លើលោកស្រីដូចជាការចោទប្រកាន់ពីបទពុករលួយ ការរំលោភលើច្បាប់សម្ងាត់រដ្ឋនិងបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ Covid-19… កន្លងមក។លោកស្រីបាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ៕យោងតាមReuters

បាតុករ​ម្នាក់​ដេក​លើ​រទេះ​រុញបន្ទាប់​ពី​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ (រូបថត៖ AFP)។