
រដ្ឋាភិបាលបានកំណត់យកថ្ងៃទី០៨ខែធ្នូជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិថ្វាយចំពោះព្រះសពអតីតនាយករដ្ឋមន្ដ្រីទី១
សារាចរណែនាំចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែននៅថ្ងៃសុក្រទី០៣ខែធ្នូមុនពេលដែលព្រះសពសម្ដេចក្រុមព្រះត្រូវយាងដង្ហែមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យទី០៥ខែធ្នូស្អែកនេះរដ្ឋាភិបាលបានកំណត់យកថ្ងៃទី០៨ខែធ្នូជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិផ្លូវការ ថ្វាយចំពោះព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ដ្រីទី១និងជាអតីតប្រធានរដ្ឋសភាកម្ពុជា។ ការសម្រេចនេះ
នៅថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២១ ដើម្បីកាន់ទុក្ខថ្វាយព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន វត្តអារាម មន្ទីរពេទ្យរដ្ឋនិងឯកជន មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ។ ចំណែកគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។ នេះគឺជាការសម្រេចរបស់រដ្ឋាភិបាលតាមរយៈសារាចរណែនាំ ចុះថ្ងៃទី០៣ខែធ្នូ។រដ្ឋាភិបាលឲ្យជនរួមជាតិ ចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
រដ្ឋាភិបាលកម្ពុជាក៏បង្កើតឲ្យមានគណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្ដេចក្រុមព្រះ ព្រះប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រកម្ពុជា។ បើតាមគម្រោងក្រោយពេលដែលយាងដង្ហែមកដល់កម្ពុជានាថ្ងៃអាទិត្យទី៥ខែធ្នូ ព្រះសពរបស់សម្ដេចក្រុមព្រះ នឹងត្រូវតម្កល់ធ្វើបុណ្យរយៈពេល៣ថ្ងៃនៅអតីតព្រះដំណាក់ចាស់នៅផ្លូវសម្ដេចប៉ានមុនពេលប្រារព្ធពិធីបូជាថ្វាយព្រះភ្លើង នៅទីលានមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ស្ថិតក្នុងព្រះរាជហឫទ័យសោកស្ដាយដ៏ជ្រាលជ្រៅចំពោះការយាងចូលទិវង្គតនៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន១២ម៉ឺនដុល្លារ ជូនព្រះបុត្រាបុត្រីសម្ដេចក្រុមព្រះ សម្រាប់រៀបចំពិធីបុណ្យសព។ ក្នុងនោះ ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារ ជាព្រះរាជទ្រព្យរបស់ហ្លួងព្រះមហាក្សត្រ និង១០ម៉ឺនដុល្លារ ជាព្រះរាជទ្រព្យរបស់ហ្លួងម៉ែ។គួរជម្រាបឲ្យដឹងថាសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលបានយាងសោយទិវង្គតនៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៨វិច្ឆិកា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕សហការី
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។រូបភាពReuters