ឯកឧត្ត​មខៀវកា​ញារីទ្ធបញ្ជាក់ថាអ្នកសារព័ត៌មានគឺជាអ្នកដែលបានចូលរួម​យ៉ាងសំខាន់ក្នុ​ងការ​លុបបំ​បាត់​នូវដំ​ណឹងក្លែ​ងក្លាយ

AKP​ថ្លែងក្នុងសិក្ខាសាលាស្តីពី ផល​ប៉ះពាល់ នៃដំណឹងក្លែងក្លាយនិងដំណោះស្រាយ​របស់រាជរដ្ឋាភិបាល នៅខេត្ត​សៀមរាបនៅ​ព្រឹកថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា អ្នកសារព័ត៌​មាន​យើង គឺ មានតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយទាំងនោះ ក្នុងការ​ជួយ​ណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល តាមរយៈផ្សាយ​​ព័ត៌មាន ពិត សម្ភារផ្សព្វផ្សាយដែលខ្លួនមាន។ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ កម្ពុជា​បាន​ជួបប្រទះ ជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដា​នៃជំងឺកូវីដ១៩នេះ។ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យមហា​ជនបាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាលនិងការចែករំលែកបន្តដោយមិនបានមើល​គ្រប់​ជ្រុងជ្រោយ ពីសំណាក់អ្នកអានមួយចំនួននោះ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការអនុវត្តតួនាទីស្រប តាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាល​នៃ​ជំងឺកូដ-១៩ នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មានដោយសារតែ ទីមួយ​៖​បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយ​តប​ទៅ​នឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ។ ទីពីរ៖ ផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជា​ពល​រដ្ឋបានទាន់ពេលវេលា។ ទីបី៖ ពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូន​រាជរដ្ឋា​ភិបាលវិញ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា យើងសង្កេតឃើញថា ស្ថិតក្នុងស្ថានភាព​បែប​នេះ ប្រជាពលរដ្ឋភាគច្រើនបានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋវិញ ដោយផ្អែក​លើ​ភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត ដែលនេះជាការងារសំខាន់។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជា​មានិត​ចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង” ដែលបានផ្តល់​ជំនួយ​ក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ​ជំនួយ​នេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់​នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វ​ផ្សាយនូវ​សៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែល​ជាលទ្ធផលនៃការស្រាវជ្រាវនេះ។ ជាមួយគ្នានេះ ឯកឧត្ដមបានអះអាងថា ស្ថិតក្នុងតំបន់​អាស៊ាន យើងសង្កេត​ឃើញ​មានប្រទេសសិង្ហបុរីមុនគេ ដែលមាននូវច្បាប់ ប្រឆាំងនឹងព័ត៌​មានក្លែងក្លាយ។ ម៉ាឡេស៊ី ធ្លាប់បានអនុម័ត និងដកចេញវិញ។ រីឯប្រទេស ចំនួនទៀត ត្បិតមិនមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដោយឡែក ប៉ុន្តែយើងសង្កេតឃើញមាន​ច្បាប់​ដទៃទៀត ដែលមានភាពពាក់ព័ន្ធការបង្កើតឱ្យមាននូវដំណឹងក្លែងក្លាយ ដែលមានបង្កផល​ប៉ះពាល់ដល់សង្គមជាតិ។ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់កម្ពុជាយើងមិនទាន់បានគិតគូរ ទៅដល់​យន្តការបង្កើតច្បាប់ដូចប្រទេសសិង្ហបុរីនោះទេ ដោយសារតែយើងគ្រប់គ្រងបានល្អ ក៏​ប៉ុន្តែច្បាប់មួយចំនួនទៀតដែលមានភាពពាក់ព័ន្ធ អាចនឹងត្រូវបានអនុម័ត ដូចជាច្បាប់​ឧក្រិដ្ឋ​កម្មបច្ចេកវិទ្យាជាដើម។ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គ​នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានឱ្យដឹងថា កន្លងមកនេះ ទាក់​ទងនឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈ​កម្មការ​តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តន៍​កិច្ចសហប្រតិ​បត្តិ​ការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនា​គមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុង​ការទប់ស្កាត់ដំណឹងក្លែងក្លាយ។ ជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ បាន​ចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម។ ឯកឧត្ដម​ប្រតិភូបានលើកឡើងថា មូលហេតុនៃការមិនអាចគ្រប់គ្រងបានទាំងស្រុង គឺដោយ​សារតែ​ថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការ​គ្រប់គ្រងរបស់រាជរដ្ឋាភិបាល៕សហការី

ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន។រូបភាព៖វិទ្យុស្រ្តី