
ហេតអីបានជាលោកងិនហ៊ុនអធិរាជកសិកម្មទាំងមូលនៅខេត្តកំពង់ឆ្នាំងមិនដឹងឈ្មួញកាប់ទន្ទ្រានព្រៃលិចទឹក?
សុភាសិតខ្មែរ១ឃ្លាថា“ខ្មោចស្រុកឱ្យដៃទើបខ្មោចព្រៃវាហ៊ាន”បានជ្រួតជ្រាបជាទូទៅក្នុងមជ្ឈដ្ឋានមហាជន សូម្បីប្រជាកសិករដែលមានកម្រិតវប្បធម៌ទាប ក៏ពួកគាត់យល់ខ្លឹមសារសុភាសិតនេះយ៉ាងច្បាស់។ ករណីសមគំនិតគ្នារកស៊ីបំផ្លាញជាតិឬផិតក្បត់ប្តីប្រពន្ធបានត្រឹមនាំមកនូវផលវិបាកដល់សង្គមសូមលើករឿង “ខ្មោច” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ “ខ្មោចស្រុក” គឺជាអទិស្សមានកាយ ឬអសុរកាយមួយប្រភេទ ដែលមនុស្សមើល មិនឃើញ ដែលជំនឿបុរាណថា ជីដូនជីតា កុងម៉ា ដែលស្លាប់បានទៅចាប់ជាតិជាខ្មោច ព្រោះជាប់បាបកម្ម។ ខ្មោចស្រុក នៅតែក្បែរមនុស្សយើងហ្នឹងដែលប្រជាពលរដ្ឋខ្មែរធ្លាប់ហៅថា “ខ្មោចជួរ” ឬ “ខ្មោចជំបួរ” ដែលចែកជា “ជួរខាងឪពុក” និង “ជួរខាងម្តាយ”។ ខ្មោច “ជួរខាងឪពុក” នៅតាមតំបន់ខ្លះមានឈ្មោះផ្សេងគ្នា ដូចជា ខ្មោចខ្ទោ, និមន្ត, កាច់ផ្កា, ព្រះវរ, កង- អាកាស, ខ្មៅបង, តីស្រាខ្លោច, កែ, ទូកវែង, ស្រីមាយា, តាសេង និងតាហ្លួង ជាដើម។ រីឯ ខ្មោច “ជួរខាងម្តាយ” មានដូចជា ខ្មោចបំណ, សំពោងសក់ធំ, តីសង្រេង, ក្រសាំងទាប, ជំទាវច័ន្ទ, ដូនគង់ និងតាសោម ជាដើម។ ខ្មោចជំបួរទាំង២ជួរនេះនៅ រក្សាកូនចៅផៅសន្តានជានិច្ចបើកូនចៅណាមានទុក្ខធុរៈត្រូវបន់ស្រន់ឬលៀងមេមត់អន្ទងហៅខ្មោចទាំងនោះមកសេពសោយ ក្រយាហារបូជា ជំងឺឧត្បាតនោះនឹងជាសះស្បើយទៅ។ តាមទំនៀមបុរាណ ត្រូវតែធ្វើ “ពិធីឡើងរោង” ជារៀងរាល់ឆ្នាំ ដើម្បីអញ្ជើញខ្មោចជីដូនជីតាទាំងនោះ មកជប់លៀងសប្បាយ និងប្រសិទ្ធពរជ័យដល់កូនចៅឱ្យបានសុខចម្រើនគ្រប់គ្នា។ ក្នុង ករណីធ្វេសប្រហែស មិនបាននឹកនាដល់ខ្មោចស្រុកទាំងនោះច្បាស់ជាខ្មោចដាក់បណ្តាសាឱ្យជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ដោយឡែក “ខ្មោចព្រៃ” សំដៅដល់អសុរកាយមិននៅក្នុងជួរជំបួរ ប៉ុន្តែមានលំនៅនិវេសនដ្ឋានតាមជ្រោះជ្រលងដងអូរ ព្រៃភ្នំក្រំថ្ម ដូចជា ព្រាយ បិសាច ម្រឹត្យូវ ម្រេញគង្វាល ជាដើម។ ខ្មោចព្រៃទាំងនេះ ប្រៀបបាននឹងចោរព្រៃ ដែលចាំស្ទាក់ ប្លន់អ្នកចូលព្រៃ ឬថាបើអ្នកចូលព្រៃធ្វេសប្រហែសមិនបានសែនព្រេនច្រូចស្រាសុំផ្លូវដើរទេនោះ ច្បាស់ជាម្រេញគង្វាល (បិសាច មានរូបរាងជាកូនក្មេងសម្រាប់ថែហ្វូងដំរីព្រៃ) ធ្វើឱ្យវង្វេងមិនខាន។ ជួនកាលក៏ត្រូវខ្មោចម្រឹត្យូវ (ខ្មោចកំបុតក្បាល) ចូលសណ្ឋិត ធ្វើឱ្យឡប់សតិ នាំទៅចងកសម្លាប់ខ្លួនក៏សឹងមាន។ ខ្មោចព្រៃខ្លះនៅតែក្បែរៗភូមិ ដូចជា ព្រាយកន្ទោងខៀវ ព្រាយសក់កណ្តាញ់ ជាដើម ក៏កាចណាស់ដែរ តែងយាយីមនុស្សឱ្យឈឺថ្កាត់ ដើម្បីទារសំណែន។ រីឯអ្នកតា អ្នកដូន ចាត់ទុកជាខ្មោចជាន់ខ្ពស់ ឬ ឋានៈស្មើនឹងអាជ្ញាធរដែនដី ត្រួតត្រាពីលើខ្មោចជួរជំបួរ និងខ្មោចព្រៃ មានតួនាទីគ្រប់គ្រងថែរក្សាមូលដ្ឋាន មិនខុសពីរចនាសម្ព័ន្ធ មន្ត្រីរាជការនោះទេ។ហេតុអ្វីបានជាមានសុភាសិតថា “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន?” សំណួរនេះ មិនគួរឆ្ងល់ទេ បើពោលតាមន័យ ត្រង់ គឺមកពីខ្មោចខ្ទោ, តាសេង, តាហ្លួង រវល់តែផ្ទំលក់ ឬក៏ត្រូវខ្មោចព្រៃបេះផ្លែឈើទៅថ្វាយ ជាឱកាសឱ្យខ្មោចព្រៃ ចូល អុកឡុកក្នុងភូមិ យាយីគោក្របីឱ្យកើតជំងឺអំបល់មនុស្សកើតជំងឺអាសន្នរោគជាដើម។បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” គឺសំដៅដល់ស្ត្រីជាប្រពន្ធគេមួយ ចំនួន មានមារយាទអាក្រក់ ផិតក្បត់ប្តី ក៏បើកដៃឱ្យប្រុសសហាយទៅដេក។ លុះប្តីតាមទាន់ជាន់កែង នាងនោះប្រកែកថា ជារឿងចាប់រំលោភ តែបើតាមដានអង្កេតឱ្យហ្មត់ចត់ទៅ ចាប់រំលោភយ៉ាងម៉េចកើត បើនាងមិនបើកទ្វារបន្ទប់ឱ្យប្រុសចូលនោះ?យ៉ាងណាមិញឈ្មួញមួយចំនួនកាប់បំផ្លាញព្រៃលិចទឹកវាតទីដីសាធារណៈបើគ្មានការសមគំនិតពីអាជ្ញាធរដែនដីនិងមន្ត្រីជំនាញក៏មិនអាចធ្វើកើតដែរ។លោកងិនហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងអធិរាជមួយដែរហេតុអីលោកមិនដឹង?ចម្លើយមានតែមួយគឺ“ខ្មោចស្រុកឱ្យដៃទើបខ្មោចព្រៃវាហ៊ាន”។គួរឲ្យដឹងដែរស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រីស៊ុំសុជាតិបាស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន៦៧៥ហិកតាស្ថិតនៅក្នុងឃុំច្រណូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមកឱ្យរដ្ឋវិញ។នេះបើតាមការបញ្ជាក់របស់លោកស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២១នេះ។បើតាមអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់ប្រភពដដែលថាដីជាង៦០០ហិកតានេះគឺលោកស៊ុំសុជាតិបានប្រគល់ឱ្យរដ្ឋវិញកាលពីថ្ងៃ២៩ខែវិច្ឆិកាឆ្នាំ២០២១ហើយដីទាំងអស់នេះគឺបានមកដោយទិញពីប្រជាពលរដ្ឋនិងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។តែយ៉ាងណាក៏ដោយប្រភពមួយបានលើកឡើងថាបើសិនជាគ្មានការបើកដៃពីលោកងិនហ៊ុនប្រធានមន្ទីកសិកម្មដែលមន្រ្តីជំនាញទេក៏គ្មានអ្នកណាហ៊ានរំលោភយកសម្បត្តិរដ្ឋនោះដែរ។ក្នុងរឿងខាងលើនេះប្រជាពលរដ្ឋអំពាវនាវមានការស៊ើបអង្កេតមេខ្លោងនៅពីក្រោយខ្នងផងដែរ។ពាក់ព័ន្ធករណីខាងលើនេះសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកងិនហ៊ុនដែរតែមិនអាចទាក់ទងបានទេ។
មាត្រា២៥៩ .ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។ ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្ម ឬ ការរៀបចំ ដែលបានធ្វើលើទ្រព្យនោះឡើយ ។ក្នុងករណី ដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈមុនច្បាប់នេះចូលជាធរមានហើយមានឯកសារសំអាងនិង បញ្ជាក់ជាក់លាក់ថាខ្លួនបានទិញពីជនណាម្នាក់អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គលដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់និង ដើម្បីជាប្រយោជន៍របស់ខ្លួនដែលបានរងគ្រោះដោយសារទង្វើនេះ។ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ។
សូមរំឭកថាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី២៨ ខែវិច្ឆិកា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹកនិងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកាលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ក្នុងនោះលោក ជា សុផារ៉ា បានដាក់ចេញវិធានការមួយចំនួន ដោយឱ្យអាជ្ញាធរខេត្ត និងក្រុមការងារចម្រុះ ត្រូវកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់និងត្រូវធ្វើការដកហូតដីព្រៃលិចទឹកដែលរងការកាប់ទន្រ្ទានទាំងនោះយកមករក្សាទុកជារបស់រដ្ឋវិញនិងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចូលមកធ្វើស្រែនៅលើតំបន់ហាមឃាត់នេះជាដាច់ខាតចាប់ពីពេលនេះតទៅ។សូមជម្រាបជូនថាក្នុងសារពិសេសជាសំឡេង នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាឲ្យអភិបាលខេត្ត នៅជាប់បឹងទន្លេសាប រួមទាំងគណៈកម្មការសូរិយោដីថ្នាក់ជាតិ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិដទៃទៀត ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីទប់ស្កាត់ការកាប់រានព្រៃលិចទឹក ដើម្បីយកដីធ្វើកម្មសិទ្ធិ នៅតំបន់បឹងទន្លេសាប។ចំពោះមុខសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យដកហូតនូវដីព្រៃលិចទឹក នៅបឹងទន្លេសាប ដែលអតីតអភិបាលខេត្តកំពង់ឆ្នាំង រំលោភយកជាង ២០០០ហិកតា ផងដែរ។យោងតាមផេកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតាចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួន៤៖ ក្រុងស្ទឹងសែន មាន៣ករណី, ស្រុកបារាយ មានចំនួន២ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី ។
ប្រភពដដែលបន្តថាក្នុងនេះនៅឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍។ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។ ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ ។
សូមបញ្ជាក់ថា ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ ។ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ លោកជា សុផារ៉ា ប្រធានអង្គប្រជុំ បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។សូមបញ្ជាក់ថាបញ្ជីឈ្មោះសមត្ថកិច្ច អាជ្ញាធរ ឈ្មួញអ្នកមានប្រាក់មានអំណាចនិងបុណ្យស័ក្តិខ្ពង់ខ្ពស់ ដែលបានរួមគំនិតគ្នា រំលោភកាន់កាប់ រំលោភយកដីព្រៃលិចទឹកដែលបណ្តាញព័ត៌មានក្នុងស្រុកចុះផ្សាយរួមមាន÷
១/ -លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង មានដីទំហំ ៦៧៥ ហិកតា។
២/-លោកវរ:សេនីយ៍ទោ កែវ ណារុន ថ្នាក់ជានាយ-ការិយាល័យ មានដីទំហំ ចំនួន៣២ ហិកតា។
៣/-ឈ្មោះ ស្រី ស៊ីថា ជាមន្ត្រីចូលនិវត្តន៍ មានដីទំហំ២៥ ហិកតា។
៤/-ឈ្មោះ យឹម សារ៉ាត់ មេយោធាសឹករង-ស្រុកំពង់លែង ដីទំហំ ចំនួន ៦០ហិកតា។
៥/-ឈ្មោះ គង់ ស៊ីម ជាប្រជាពលរដ្ឋ ជាមេឈ្មួញធំមានដីទំហំ ដល់ចំនួន ២០០ហិកតា។
៦/-ឈ្មោះ ស៊ន បូរិន មន្រ្តីចូលនិវត្តន៍មានដីទំហំចំនួន២៥ហិកតា។
៧/- ឈ្មោះ នូ ដេត ជាប្រជាពលរដ្ឋ មេឈ្មួញមានដីទំហំ ចំនួន ៨៩ហិកតា។
៨/-ឈ្មោះ ឡុង សុខេង ជាប្រជាពលរដ្ឋ មេឈ្មួញធំមានដីទំហំ ចំនួន ៤០០ ហិកតា។
៩/-ឈ្មោះ ស៊ិន ប៉ូលីន ជាប្រជាពលរដ្ឋ មេឈ្មួញធំ មានដីទំហំចំនួន ២៦០ ហិកតា។
១០/- ឈ្មោះសៅ ស៊ុយ អតីត-ស្មៀនឃុំច្រណូក ដីទំហំ ចំនួន ៣០ ហិកតា។
១១/-ឈ្មោះ សែប ស៊ីវុតធី ជាប្រជាពលរដ្ឋ មេឈ្មួញធំ មានដីទំហំ ចំនួន ១៧៥ ហិកតា។
១២/-ឈ្មោះ ស្រី ងួន គឹមយួន ជាប្រជាពលរដ្ឋ មេឈ្មួញ មានដីទំហំ ចំនួន ៥៧ ហិកតា។
ទី១៣/-ឈ្មោះស្រី ប៉ូ ចំរ៉ុង ជាប្រជាពលរដ្ឋ មេឈ្មួញមានដីទំហំ ចំនួន ៣០ ហិកតា។
សូមជម្រាបជូនថាសមត្ថកិច្ច អាជ្ញាធរ ឈ្មួញ ទាំង១៣ នាក់ខាងលើនេះបានរួមគំនិតគ្នាជាមួយមន្រ្តីជំនាញ មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធព្រមទាំងបើកភ្លើងខៀវជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាច្រើនឆ្នាំកន្លងមកក៏ដូចជាពេលថ្មីៗផងដែរ៕ពុតសាម៉ាត់
លោកងិនហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។រូបភាពCPP
រូបភាពកាសែតកម្ពុជាថ្មី