លោកឧ​ត្តមសេនីយ៍ត្រីស៊ុំសុជា​តិបាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជាង​៦០០​ហិក​តា​ម​កឱ្យ​រដ្ឋវិញ​​​គួរ​ស៊ើបអង្កត​​រកមេខ្លោង​នៅពីក្រោយខ្នង

ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រីស៊ុំសុជាតិបាន​ស្ម័គ្រចិត្ត​ប្រគល់ដីព្រៃលិចចំនួន៦៧៥ហិកតាស្ថិតនៅក្នុងឃុំច្រណូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមកឱ្យរដ្ឋវិញ។នេះបើតាមការបញ្ជាក់របស់លោកស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២១នេះ។បើតាមអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់ប្រភពដដែលថាដីជាង ៦០០ហិកតានេះគឺលោកស៊ុំសុ​ជាតិបានប្រគល់ឱ្យរដ្ឋវិញកាលពីថ្ងៃ២៩ខែវិច្ឆិកាឆ្នាំ២០២១ ហើយដីទាំងអស់នេះ​គឺបានមកដោយទិញពីប្រជាពលរដ្ឋនិងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។តែយ៉ាងណាក៏ដោយប្រភពមួយបានលើកឡើងថាបើសិនជាគ្មានការបើកដៃពីលោកងិនហ៊ុនប្រធានមន្ទីកសិកម្មដែលមន្រ្តីជំនាញទេក៏គ្មានអ្នកណាហ៊ានរំលោភយកសម្បត្តិរដ្ឋនោះដែរ។ក្នុងរឿងខាងលើនេះប្រជាពលរដ្ឋអំពាវនាវមានការស៊ើបអង្កេតមេខ្លោងនៅពីក្រោយខ្នងផងដែរ។ពាក់ព័ន្ធករណីខាងលើនេះសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកងិនហ៊ុនដែរតែមិនអាចទាក់ទងបានទេ។
មាត្រា២៥៩ .ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ / និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។ ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្ម ឬ ការរៀបចំ ដែលបានធ្វើលើទ្រព្យនោះឡើយ ។ក្នុងករណី ដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈមុនច្បាប់នេះចូលជាធរមានហើយមានឯកសារសំអាងនិង បញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គលដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់និង ដើម្បីជាប្រយោជន៍របស់ខ្លួនដែលបានរងគ្រោះដោយសារទង្វើនេះ។ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ។
សូមរំឭកថាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹកនិងវាទទីយកដីនៅតាមបឹង​ទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកាលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំ​ក្រុមការងារ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រាន​ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ក្នុងនោះលោក ជា សុផារ៉ា បានដាក់ចេញវិធានការមួយចំនួន ដោយឱ្យអាជ្ញាធរខេត្ត​ និងក្រុម​ការងារចម្រុះ ត្រូវកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់និងត្រូវធ្វើការដកហូតដីព្រៃលិចទឹកដែលរងការកាប់ទន្រ្ទានទាំងនោះយកមករក្សាទុកជារបស់រដ្ឋវិញនិងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចូលមកធ្វើ​ស្រែនៅលើតំបន់ហាមឃាត់នេះជាដាច់ខាតចាប់ពីពេលនេះតទៅ។សូម​ជម្រាបជូនថាក្នុង​សារ​ពិសេស​ជា​សំឡេង នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជា​ឲ្យ​អភិបាលខេត្ត នៅជាប់​បឹង​ទន្លេសាប រួមទាំង​គណៈកម្មការ​សូ​រិ​យោ​ដី​ថ្នាក់ជាតិ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ​ដទៃទៀត ត្រូវធ្វើ​សកម្មភាព​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​តំបន់​បឹង​ទន្លេសាប​។ចំពោះមុខសម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ដកហូត​នូវ​ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ដែល​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង រំលោភ​យក​ជាង ២០០០​ហិកតា ផងដែរ​។យោងតាម​ផេ​ក​ផ្លូវការ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បញ្ជាក់ថា នៅ​ខេត្តកំពង់ធំ​មាន​ករណី​កាប់​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដី​ចំនួន ៣ ៥៦៦,៥៦១ ហិកតា​ចាប់ពី​ឆ្នាំ ២០១៩ រហូតដល់​ឆ្នាំ ២០២១ ស្ថិតនៅក្នុង​ស្រុក​ចំនួន៤​៖ ក្រុង​ស្ទឹងសែន មាន៣ករណី​, ស្រុក​បារាយ មាន​ចំនួន២ករណី​, ស្រុក​ស្ទោង មាន​៦ ករណី​, និង​ស្រុក​កំពង់ស្វាយ មាន​១៩ ករណី ។​
​ប្រភព​ដដែល​បន្តថា​ក្នុងនេះ​នៅ​ឆ្នាំ​២០១៩ មាន​១៤​ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុង​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ​។​ឆ្នាំ​២០២០ មាន​ចំនួន ១២​ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​បារាយណ៍​។​ឆ្នាំ​២០២១ មាន​ចំនួន ១៤​ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅ​ក្នុងស្រុក កំពង់ស្វាយ ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន ។ ករណី​ទាំងអស់នេះ គឺ​ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តកំពង់ធំ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ​រួច​អស់ហើយ ហើយ​កំពុង​ក្នុង​ដៃ​ចៅក្រម​សើ​ប​សួរ ។​
សូមបញ្ជាក់ថា ក្នុងចំណោម ៤០ ករណី គឺមាន​តែមួយ​ករណី​តែប៉ុណ្ណោះ ដែល​បានធ្វើ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​មិនទាន់​បានចេញ​សាលក្រម​ជំ​រះ​ក្តី​នៅឡើយ ដែល​អ្នក​ត្រូវបាន​ចោទប្រកាន់​នោះ គឺជា​ព្រះរាជ​អ​ជ្ញា​រង ខេត្តកំពង់ធំ ។ ទាក់ទង​ទៅនឹង​ករណី​ដែលមាន​កើតឡើង​នៅក្នុង​ខេត្ត​នេះ លោក​ជា សុផារ៉ា ប្រធាន​អង្គប្រជុំ បានស្នើ​ឲ្យ​ព្រះរាជអាជ្ញា និង​តុលាការ​ខេត្តកំពង់ធំ​ព​ន្លឿ​ន​និតិ​វិធី និង​ឈានទៅដល់​ការកាត់ក្តី​ឲ្យ​បាន​ឆាប់​ដែល​អាចធ្វើ​ទៅបាន ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ៕​ពុតសាម៉ាត់

រូបភាពហ្វេសប៊ុករដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​

គណៈកម្មការ​សូ​រិ​យោ​ដី​ថ្នាក់ជាតិ។

រូបភាពកម្ពុជាថ្មី