មេដឹកនាំកម្ពុជាបានប្រកាសពីការត្រៀមខ្លួនទៅកាន់ភូមា
នាថ្ងៃទី២ខែធ្នូនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសពីការត្រៀមខ្លួនរបស់លោកទៅកាន់ភូមាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជានាពេលខាងមុខ។ នៅថ្ងៃទី៦ និងទី៧ ខែធ្នូ លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសរបស់ភូមានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាតបតាមការអញ្ជើញរបស់ភាគីកម្ពុជា ហើយនឹងជជែកពីបញ្ហារបស់ភូមា។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែនិងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាដែលចំណាយថវិកាសាងសង់សរុបប្រមាណ៣០០លានដុល្លារអាមេរិកក្នុងក្រុងព្រះសីហនុ។សម្តេចលើកឡើងថាសម្តេចបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅកាន់ប្រទេសភូមា ដោយមិនមានដាក់លក្ខខណ្ឌទុកជាមុននោះទេហើយដំណើរទស្សនកិច្ច ដែលគ្រោងធ្វើឡើងនេះ គឺក្នុងរូបភាពជានាយករដ្ឋមន្ត្រីកម្ពុជា។ភូមាបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធារបស់ លោក មីន អ៊ុងឡាំង ក្រោយរដ្ឋប្រហារកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ កាលពីអំឡុង ជំនួបកំពូលថ្ងៃ២៦-២៨តុលា២០២១ អាស៊ានមិនបានអញ្ជើញមេដឹកនាំសឹកភូមា លោក មីន អ៊ុងឡាំង ឱ្យចូលរួមនោះទេ។ ជាវិធានការដ៏កម្ររបស់អាស៊ានចំពោះក្រុមយោធាភូមា ដែលមិនខ្វល់ ឬចង់ដោះស្រាយវិបត្តិក្រោយរដ្ឋប្រហារខែកុម្ភៈ។សម្តេចបានចោទសួរថាបើអាស៊ានមានតែ៩ប្រទេសតើអាចហៅថាជាអាស៊ានយ៉ាងម្តេចនឹងកើតព្រោះអាស៊ានត្រូវការគោលការណ៍កុងសង់ស៊ីស។ដូច្នេះបើកុងសង់ស៊ីសត្រូវតែមាន១០ ហើយម្យ៉ាងធម្មនុញ្ញអាស៊ានមិនអាចដេញសមាជិកណាមួយចេញនោះទេ។ បើតាមសម្តេចនេះគឺជាការគិតគូរខ្លះៗខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ៕សហការី