សម្ដេចតេ​​ជោហ៊ុន សែនរដ្ឋមន្ត្រីការបរទេ​សនៃ​​សា​ធារណ​រដ្ឋឥណ្ឌូណេស៊ីចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជាបានអនុញ្ញាតឱ្យលោកជំទាវ Retno L.P MarsuDi រដ្ឋមន្ត្រីការបរទេសនៃ​សាធារណ​រដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព លោកជំទាវ Retno L.P MarsuDi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានមាន​ប្រសាសន៍គាំទ្រព្រះរាជាណាចក្រកម្ពុជា ១០០ភាគរយក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ​២០២២ខាងមុខ។ ក្នុងខណៈ ដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍​ចំពោះ​លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ ហើយសម្ដេច ក៏បានលើកនូវចំណុចមួយចំនួន​ពាក់​ព័ន្ធទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការងារអាស៊ាន ដែលជាកិច្ច​ការងារ​សំខាន់ៗរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី។ លោកជំទាវរដ្ឋមន្ត្រីការ​បរទេស​ឥណ្ឌូណេស៊ីបានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ ខាងមុខនេះ ជាឆ្នាំសំខាន់ ដោយសារកម្ពុជា ធ្វើជាប្រធានអាស៊ាន ហើយឥណ្ឌូណេស៊ី ជាប្រធាននៃក្រុមប្រទេស២០ ដូច្នេះទស្សនកិច្ចរបស់​លោកជំទាវលើកនេះ គឺដើម្បីពង្រឹងកិច្ចសហការទ្វេភាគីផង និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងរវាងកម្ពុជានិងអាស៊ាន។ចំពោះការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ លោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានប្រកាសគាំទ្រកម្ពុជា១០០ភាគរយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពី​ឯកឧត្តម​ប្រធានាធិបតីឥណ្ឌូណេស៊ី ហើយសម្ដេចក៏បានអរគុណចំពោះការគាំទ្រពេញទំហឹង សម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។ សម្ដេចតេជោក៏បានបញ្ជាក់ផងដែរ នូវ​ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី ដែលមានលក្ខណៈល្អប្រសើរ ហើយសម្ដេច ក៏ចង់​ឃើញមានការបើកជើងហោះហើរឡើងវិញរវាងប្រទេសទាំងពីរ ដោយសារស្ថានភាពកូវីដ-១៩ នៃប្រទេសទាំងពីរមានការគ្រប់គ្រងបានល្អប្រសើរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន​បញ្ជាក់​អំពីកិច្ចសហការដែលកម្ពុជា ធ្លាប់មានជាមួយឥណ្ឌូណេស៊ីកន្លងមក ជាពិសេស​ថ្លែង​អំណរគុណឥណ្ឌូណេស៊ី ចំពោះការចូលរួមនៅក្នុងដំណើរការនៃការស្វែងរកសុខសន្តិភាព​នៅ​ប្រទេសកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ៨០ និង៩០ រហូតដល់មានកិច្ចព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីស។ សម្ដេចតេជោក៏បានជម្រាបជូនលោកជំទាវផងដែរ អំពីបន្តកិច្ចសហការលើការ​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ ជាពិសេស ក្នុងក្របខ័ណ្ឌទ្វេភាគីផង និងក្របខ័ណ្ឌអាស៊ានផង។ សម្ដេចតេជោលើកឡើងពីជំនួយរបស់កម្ពុជាជូនប្រទេសឡាវនៅក្នុង​ការប្រយុទ្ធប្រឆាំងជំងឺ​កូវី-១៩ ដោយសម្តេចបានមានប្រសាសន៍ថា ចំពោះក្របខ័ណ្ឌអាស៊ាន ដែលកម្ពុជាជាប្រធាននេះ គឺគាំទ្រដល់ប្រទេសឡាវដោយផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសឡាវ ខណៈដែលប្រទេស​ឡាវ​កំពុងមានការឆ្លងច្រើន។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅកម្ពុជា មានការចាក់វ៉ាក់​សាំងបានចំនួន ៨៨ភាគរយនៃប្រជាពលរដ្ឋ ១៦លាននាក់ ដូច្នេះជាប្រទេសមួយដែល​មាន​អត្រាការចាក់វ៉ាក់សាំងខ្ពស់ ក្នុងចំណោមប្រទេសទាំងឡាយក្នុងពិភពលោក។ សម្ដេចតេជោ ក៏បានលើកឡើងអំពីការងារអាស៊ានមួយចំនួន ជាពិសេស ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន​នៅឆ្នាំ ២០២២ ខាងមុខនេះ ដោយសម្ដេចបានគូសបញ្ជាក់អំពីការជំរុញការកសាង​សហ​គមន៍អាស៊ាន ការពង្រឹងអាស៊ាន ជាពិសេសទៀត គឺក្នុងក្របខ័ណ្ឌអាស៊ាននេះ ដោយ​សម្ដេច​បានបញ្ជាក់អំពីការបន្តផ្ដល់អាទិភាពក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ ហើយនឹងធ្វើយ៉ាង​ណា ជំរុញឱ្យបណ្ដាប្រទេសអាស៊ានបើកការតភ្ជាប់ឡើងវិញ និងជំរុញកិច្ចសហប្រតិ​បត្តិការ​លើវិស័យប្រយុទ្ធប្រឆាំងកូវីដ-១៩ និងលើវិស័យសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរពីគោលជំហររបស់កម្ពុជា ក្នុងការគាំទ្រដល់ប្រទេសទីម័រខាងកើត ដែលជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនទាន់បានចូលជាសមាជិកអាស៊ាន​ពេញលេញនៅឡើយ ដោយសម្ដេចបញ្ជាក់ថា កម្ពុជា គាំទ្រទីម័រខាងកើតឱ្យចូលជា​សមាជិក​អាស៊ាន ឱ្យបានឆាប់នៅពេលខាងមុខនេះ។នៅក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ អំពីតួនាទីសំខាន់​របស់ឥណ្ឌូនេស៊ីនៅក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងទស្សនទាន ជាពិសេស អនុវត្តន៍ទស្សន​ទាន​ឥណ្ឌូប៉ាស៊ីហ្វិក ហើយសម្ដេចក៏បានគូសបញ្ជាក់ដែរថា ចំពោះទស្សនទាននៅក្នុង​ក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺធ្វើយ៉ាងណាឱ្យមានគោលដៅគាំទ្រ គោលដៅសន្តិភាព និងការអភិវឌ្ឍគោលដៅ ធ្វើយ៉ាងណាកុំឱ្យមានការប្រឆាំងនឹងប្រទេសណាមួយនៅក្នុងតំបន់ ហើយសំខាន់ជាងនេះទៅទៀត គឺគាំទ្រតួនាទីស្នូលរវាងមជ្ឈភាពអាស៊ាន​នៅក្នុងតំបន់នេះ​ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរពីបញ្ហាផ្សេងទៀត ជាពិសេស គឺការ​ជំរុញការចរចានូវក្រមប្រតិបត្តិCOC ដោយសារឆ្នាំក្រោយ ជាឆ្នាំខួបលើក ទី ២០ នៃ DOC ដែលអាស៊ាន និងចិន នឹងប្រារព្ធនៅឆ្នាំក្រោយនេះ ដូច្នេះការជំរុញធ្វើយ៉ាងណា ឱ្យចេញនៃ COC នេះ នៅពេលវេលាសមស្របដែលអាចធ្វើទៅបាន។ សម្តេចតេជោក៏បាន​មាន​ប្រសាសន៍ ពាក់ព័ន្ធទៅនឹងសភាពការណ៍នៅមីយ៉ាន់ម៉ា និងចំណុចផ្សេងៗទៀតផងដែរ ជាពិសេស ពាក់ព័ន្ធនឹងសភាពការណ៍ក្នុងតំបន់ដែលជាការងារអាស៊ានដែល​ត្រូវយកចិត្ត​ទុក​ដាក់។លោកជំទាវ Retno L.P MarsuDi បានឆ្លើយតបដែរថា ទី១- លោកជំទាវ ពិតជា​មានការរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាជាមួយឥណ្ឌូណេស៊ី ជាពិសេស ការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ ជារឿងសំខាន់។ ចំពោះ​បញ្ហាកូវីដ-១៩ លោកជំទាវបានកោតសរសើរដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា ដែលមានអត្រានៃការចាក់វ៉ាក់សាំង៨៨ភាគរយ ដែលនេះ គឺលោកជំទាវចាត់ទុកថា​ជាអត្រា​ខ្ពស់មែនទែន ហើយលោកជំទាវបានជម្រាបជូនសម្ដេចផងដែរ អំពីស្ថានភាពកូវីដ-១៩ និង​ការចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌូណេស៊ីថា ដោយសារប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមួយ​ដែលប្រជុំដោយបណ្ដាកោះទាំងឡាយ ដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំងជាការលំបាក តែទោះ​ជាយ៉ាងណាក៏ដោយ ឥណ្ឌូណេស៊ី បានប្រយុទ្ធប្រឆាំងជោគជ័យ ធ្វើឱ្យអត្រានៃការឆ្លងមាន​ការធ្លាក់ចុះដល់កម្រិតទាបបំផុត។ ចំណុចមួយទៀត ដែលពាក់ព័ន្ធ នឹងជំនួយដល់​ប្រទេស​ឡាវ លោកជំទាវបានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកម្ពុជាបានយក​ចិត្ត​ទុកដាក់ផ្ដល់ទៅជំនួយដល់ប្រទេសឡាវ ដោយលោកជំទាវមានប្រសាសន៍ថា ឥណ្ឌូណេស៊ី ក៏នឹងជួយប្រទេសឡាវផងដែរនៅពេលខាងមុខនេះ។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្សេ​ងទៀត គឺពាក់ព័ន្ធនឹងលើវិស័យកសិកម្ម សុខាភិបាល និងការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​នេះ លោកជំទាវស្នើធ្វើយ៉ាងណា ឱ្យប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី បន្តពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះជាពិសេស លើវិស័យកសិកម្ម។ ទាក់ទងនឹងប្រទេស​ទីម័រខាងកើត លោកជំទាវ Retno L.P MarsuDi មានប្រសាសន៍ថា ឥណ្ឌូណេស៊ី គាំទ្រ​លើការធ្វើយ៉ាងណាឱ្យប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ហើយឥណ្ឌូណេស៊ី គឺបានគាំទ្រតាំងពីដើមដំបូងមកម្ល៉េះ ហើយក៏បានចូលរួមចំណែកកសាងផងដែរក្នុងសមាស​ភាពមន្ត្រីពីប្រទេសទីម័រខាងកើតនេះ។ ចំពោះទស្សនទានអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ឥណ្ឌូណេស៊ីគាំទ្រ និងឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកអំពី​ទស្សនៈ ៣សំខាន់ៗ ហើយលោកជំទាវ បានគូសបញ្ជាក់ថា នេះគឺជាស្នូល ជារឿងសំខាន់​នៃអាស៊ាន ជាពិសេស ធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល ហើយឥណ្ឌូណេស៊ី នឹង​សហការជាមួយកម្ពុជា ក្នុងការរៀបចំនូវផែនការសកម្មភាពជាពិសេស ធ្វើយ៉ាងណាអាច​អនុវត្តន៍ទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកនេះ។លោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏បានឯកភាពជាមួយនឹងសម្ដេចតេជោ​នាយករដ្ឋមន្ត្រី ជាពិសេស លើការងារអាទិភាពរបស់អាស៊ាន នៅពេលកម្ពុជាធ្វើជាប្រធាន​អាស៊ាន ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាស៊ាន អាចធ្វើ​ដំណើរឡើងវិញនៅក្នុងតំបន់អាស៊ាន ជាពិសេស គឺការតភ្ជាប់តែម្ដង។ លោកជំទាវ ក៏បានមានប្រសាសន៍គាំទ្រផងដែរ ជាពិសេស ទស្សនៈរបស់សម្ដេច ចំពោះសភាពការណ៍​នៅមីយ៉ាន់ម៉ា ហើយលោកជំទាវ បានបញ្ជាក់ និងកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេស នៅពេលសម្ដេចចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សារកាតា កាលពីខែមេសា ដោយពេលនោះ មានជំនួបមេដឹកនាំអាស៊ាន ដោយសម្ដេចបានចែករំលែកនូវបទ​ពិសោធន៍​របស់កម្ពុជា ក្នុងការចរចាស្វែងរកសន្តិភាព ជាពិសេសទៀត គឺការបង្រួបបង្រួមជាតិ ដែល​ជាបទពិសោធន៍ដ៏ល្អក្នុងការចែករំលែក ជាមួយនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាននេះ៕សហការី