ឯកឧ​ត្តមរដ្ឋមន្ត្រីវេ​ងសាខុនបានទទួលជួបពិភាក្សាការងារជាមួយ​ឯ​កអគ្គរដ្ឋទូតនៃសា​​ធារណរដ្ឋសង្គមនិយ​មវៀត​ណាមថ្មី

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៦:០០ រសៀល ថ្ងៃអង្គារ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍និងអបអរសាទរក្នុងខណ:ដែលឯកឧត្តមទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងខ្លួនលោកផ្ទាល់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនវៀតណាមដែលបាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងអនុញ្ញាតឲ្យនាំចេញកសិផលទៅកាន់ប្រទេសវៀតណាមយ៉ាងច្រើន ជាពិសេសស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី និងកៅស៊ូ។ល។ ជាកិច្ចឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវបីតិសោមនស្សយ៉ាងក្រៃលែងដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជានិងបានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមជូនឯកឧត្តមរដ្ឋមន្រ្តី។ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាសម្រេចបាននាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសល្បឿននៃការវិវឌ្ឍន៍រីកចម្រើននិងជញ្ជីងពាណិជ្ជកម្មលើការនាំចេញកសិផលកម្ពុជាទៅប្រទេសវៀតណាមមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយសមិទ្ធផលជាផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ក៏ដូចជារដ្ឋាភិបាលវៀតណាមសូមចូលរួមអបអរសាទរ។ឆ្លៀតយកឱកាសនៃជំនួបការទូតនេះ ភាគីទាំង២បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសទាំង២មានជាអាទិ៍៖
១- រៀបចំកិច្ចកិច្ចព្រមព្រៀងលើការងារសហប្រតិបត្តិការវិស័យកសិកម្ម ប្រទេសទាំង២
២- កិច្ចសហការលើវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការកាប់បំផ្លាញ ការជួញដូរព្រៃឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។
៣- ពង្រឹង និងពង្រីកកិច្ចសហការលើវិស័យជលផលដោយផ្តល់ ការបណ្តុះបណ្តាលបច្ចេកទេសលើការធ្វើវារីវប្បកម្ម ដល់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ។
៤- រៀបចំឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។
៥- ជួយគាំទ្រលើវិស័យធារាសាស្រ្ត ដោយផ្តោតយកបច្ចេកទេសទំនើប និងប្រព័ន្ធស្រោចស្រពបៃតងក្នុងការប្រើប្រាស់ និងគ្រប់គ្រង់ទឹកកសិកម្មឲ្យមានប្រសិទ្ធភាព ដើម្បីបម្រើក្នុងវិស័យកសិកម្ម។
៦- ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគ្រប៉គ្រងនេសាទសមុទ្រ។
៧- ជំរុញការអនុវត្តគម្រោងដែលជាជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលវៀតណាម ពីឆ្នាំ ២០២១-២០២៥ លើវិស័យកសិកម្ម។
៨- ជំរុញការបង្កើតរោងចក្រកែច្នៃកសិផលនៅតាមតាមបណ្តោយព្រំដែនកម្ពុជា។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ភាគីទាំងពីរបានឯកភាពគ្នាថានឹងព្យាយាមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗខាងលើដើម្បីឈានទៅសម្រេចឲ្យបាននូវ កំណើនពាណិជ្ជកម្មរវាងប្រទេសទាំង២ជាពិសេសការនាំចេញកសិផលកម្ពុជា។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏ប្រគល់ភារកិច្ចជូនឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញកិច្ចការពាក់ព័ន្ធសំខាន់ៗខាងលើ ធ្វើយ៉ាងណាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឈានទៅចុះហត្ថលេខានាខែធ្នូខាងមុខនេះ។ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថាក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើកវិស័យកសិកម្ម បន្តជំរុញ និងគាំទ្រការងារវិនិយោគ និងការសម្រួលបែបបទពាណិជ្ជកម្មនាំចេញ-នាំចូលផលិតផលកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យកែច្នៃកសិផល និងការនាំចេញឲ្យកាន់តែល្អប្រសើរទ្វេរឡើង។
ជំនួបការទូតត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កាក្នុងន័យរឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេរភាគីឲ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាប្រទេសសមាជិកអាស៊ាន៕សហការី