វឌ្ឍនភា​ពនៃ​​ការអនុវត្តគោ​លនយោ​​បាយនៃ​​​ការធ្វើទំនើ​​​ប​កម្មវិស័យកសិ​កម្មនៅ​​កម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសគឺ៖ ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកសាងជាជំហានៗនូវកម្ពុជាមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌ មានប្រជាជនដែលមានចំណេះដឹងខ្ពស់ ហើយមានកម្រិតជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា។
ដើម្បីរួមចំណែកដល់ការធ្វើឲ្យសម្រេចបាននូវគោលនយោបាយ ក៏ដូចជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ការប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលឆ្លើយតបនឹងតម្រូវការសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ដើម្បីវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” គឺជាតម្រូវការចាំបាច់បំផុតមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន និងអនាគត់ ។ការដាក់ចេញនូវគោលដៅគោលនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្ម នឹងធ្វើឱ្យវិស័យនេះក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយថាមវន្តសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចនៅតំបន់ជនបទ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ក្រសួងបានខិតខំតម្រង់ទិសដៅឆ្ពោះទៅនឹង៖ (ទី១) ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខ្សែច្រវាក់តម្លៃកសិកម្ម (ទី២) ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (ទី៣) កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង (ទី៤) កំណែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។
ប្រាកដណាស់ថាការអនុវត្តកសិកម្មទំនើបនឹងជួយឱ្យការងារនៅក្នុងប្រព័ន្ធកសិកម្មចម្រុះមានផលិតភាពខ្ពស់និងនិរន្តរភាពហើយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការផលិតមាននិន្នាការឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងប្រព័ន្ធចំណីអាហារបែបទំនើប។
តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលស្គាល់ថាផលិតផលកសិកម្មមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ហើយក៏បានបំពេញសេចក្តីការក្នុងស្រុក និងបានឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព និងសុវត្ថិភាពជាបណ្តើរ ដោយបានប្រកាន់យកនូវការអនុវត្ត តាមអភិក្រម « រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្ម» ។
ជាក់ស្តែង នៅឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលកសិកម្មសរុបចំនួន ១៣ ពាន់លាន ដុល្លារអាមេរិក និងបានធ្វើការនាំចេញបានចំនួន ៤ ពាន់លាន ដុល្លារអាមេរិក ។ សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងមានក្តីសង្ឃឹមថាផលិតផលកសិកម្មសរុបនឹងទំហំធំជាងឆ្នាំ២០២០ ដែលយើងទទួលបាន ។ ដោយឡែក ការនាំចេញកសិផលសម្រាប់៩ខែឆ្នាំ២០២១ មានចំនួនជាង ៦ លាន តោន ដែលតម្លៃស្មើនឹង ៣,៨ ពាន់លានដុល្លាររអាមេរិក ។
ទន្ទឹមនឹងទទួលបានវឌ្ឍនភាពល្អប្រសើរ ដូចបានបញ្ជាក់ជូនខាងលើ ក្រសួងក៏ទទួលស្គាល់ផងដែរនូវបញ្ហាប្រឈមជាច្រើន ដែលបាននិងកំពុងជួបប្រទះនៅក្នុងវិស័យមួយនេះ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ និងដោះស្រាយ ក្នុងនេះរួមមាន៖
 បម្រែបម្រួលអាកាសធាតុ ជាពិសេសគ្រោះមហន្តរាយដែលបានកើតឡើងជារៀងរាល់ឆ្នាំ ទាក់ទងទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ។
 ស្ថានភាពកសិកម្មកម្ពុជាកំពុងស្ថិតនៅជាលក្ខណៈកសិកម្មខ្នាតតូច និងមានលក្ខណៈប្រពៃណី (ជាទម្លាប់) ។ការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩បានធ្វើឲ្យមានការប៉ះពាល់ដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃខ្ពស់ ។ធាតុចូលកសិកម្មនៅមានតម្លៃខ្ពស់ សម្រាប់ធ្វើការដាំដុះ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម នៅមានតម្លៃខ្ពស់ រួមទាំងការកែឆ្នៃកសិផល ហើយត្រូវប្រគួតប្រជែងតម្លៃជាមួយផលិតផលកសិកម្មនាំចូលពីក្រៅប្រទេស។
 ធនធានមនុស្សនិងថវិកា ហើយនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៅមានកម្រិតនៅឡើយ សម្រាប់ជួយគាំទ្រដល់ការធ្វើទំនើបកម្មកសិកម្ម ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលមានលទ្ធភាពជួយដល់កសិករបានទទួផលពីគម្រោងប្រមាណជា ១,២ លាននាក់ប៉ុណ្ណោះ ក្នុងចំណោមកសិករដែលមាននាពេលបច្ចុប្បន្នចំនួន ជាង ៤លាននាក់ កំពុងបំពេញការងារលើវិស័យកសិកម្ម ។ការបោះទុនវិនិយោគលើការកែឆ្នៃផលិតផលកសិកម្ម របស់វិស័យឯកជន នៅមានកម្រិតនៅឡើយ ។ នៅមានជាប់របាំងនៃការធ្វើពាណិជ្ជកម្ម ទាក់ទងទៅនឹងលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យពីបណ្តាប្រទេសបញ្ជាទិញកសិផល។បើទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្មសេរីយ៉ាងណាក៏ដោយ ។ល។៕សហការី