
អាស៊ី-អឺរ៉ុបលើកទី១៣៖លទ្ធផលសំខាន់៣ត្រូវបានអនុម័តជាផ្លូវការ
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកានេះលទ្ធផលសំខាន់ៗចំនួន៣រួមមានទី១៖ សេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំកំពូលASEMលើកទី១៣។ទី២៖សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩និងទី៣៖ឯកសារសកម្មភាពអនាគតស្ដីការតភ្ជាប់ ASEMត្រូវបានអនុម័តជាផ្លូវការក្នុងកិច្ចប្រជំកំពូលASEMលើកទី១៣ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជំកំពូលនោះ។ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមក្រោយបញ្ចប់កិច្ចប្រជំកំពូល ASEM លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅយប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១តាមប្រព័ន្ធវីដេអូសម្ដេចហ៊ុនសែនមានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាពដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បញ្ហាប្រឈមក្នុងតំបន់និងសកលជាច្រើនផ្សេងទៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេស និងស្ថាប័នដៃគូ ASEM មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មាការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។ សម្ដេចបន្តថាកិច្ចប្រជុំកំពូលASEMលើកទី១៣នេះជាសញ្ញាច្បាស់មួយថាយើងប្ដេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីលើកកម្ពស់ដំណើរការASEM។លើសពីនេះទៀតយើងមិនបានងាកចេញពីការស្វែងរកដំណោះស្រាយជាពហុភាគី ចំពោះបញ្ហាប្រឈមជាសកលនោះឡើយ។ សម្ដេចបញ្ជាក់ថាជាការពិតកិច្ចប្រជុំកំពូល ASEM លើកទី១៣បានផ្ដល់ឱកាសដ៏ពិសេស និងទាន់ពេលសម្រាប់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM បង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាពសន្តិសុខព្រមទាំងផ្ដល់នូវដំណោះស្រាយជាក់ស្ដែង ទៅលើបញ្ហាប្រឈមតំបន់សកល នាពេលបច្ចុប្បន្ន ក៏ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ សុវត្ថិភាពនិងសន្តិសុខសាធារណៈភាពមានការងារធ្វើរបស់យុវជន ការប្រែប្រួលអាកាសធាតុ ការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក អំពើភេរវកម្ម បញ្ហាសន្តិសុខតំបន់ និងសកលនិងក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀត។សម្ដេចហ៊ុនសែនថ្លែងថាឯកសារទាំង៣ដែលត្រូវបានអនុម័តជាផ្លូវការក្នុងកិច្ចប្រជំកំពូលASEM លើកទី១៣នេះពិតជាបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូASEM ទាំងអស់ ក្នុងការចូលរួមពង្រឹងពហុភាគីនិយម ដើម្បីអនាគត និងភាពជាដៃគូអាស៊ី-អឺរ៉ុបកាន់តែប្រសើរឡើង កាន់តែរឹងមាំប្រកបដោយបរិយាប័ន្ននិងមានភាពធន់។ ជាងនេះទៀតថ្នាក់ដឹកនាំនៃបណ្ដាប្រទេស និងស្ថាប័នដៃគូ ASEM បានបន្តប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងសហគមន៍មួយ ដែលមានសុខដុម មានភាពប្រកួតប្រជែង ភាពធន់ និងចីរភាពសម្រាប់ប្រជាជនអាស៊ី និងអឺរ៉ុប ក៏ដូចជា សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុបពោរពេញទៅដោយថាមវន្តដោយផ្អែកលើគោលការណ៍ស្នូលនៃASEMគឺភាពមិនផ្លូវការភាពបត់បែនបាននិងការគោរពគ្នាទៅវិញទៅមកនៅក្នុងស្មារតីកុងសង់ស៊ីស និងភាពជាដៃគូស្មើភាព។ក្នុងប្រជុំកំពូលអាស៊ី-អឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក សាល មីស៊ែល (Charles Michel) បានថ្លែង សរសើរកម្ពុជា និងបញ្ជាក់ពីភាពត្រូវការគ្នាទៅវិញទៅមក រវាងអាស៊ីនិងអឺរ៉ុប ដើម្បីចូលរួមដោះស្រាយនិងស្តារសេដ្ឋកិច្ចពាណិជ្ជកម្មក្រោយរងគ្រោះពីវិបត្តិកូវីដ១៩។ ការចាក់វ៉ាក់សាំង ប្រឆាំងនឹងកូវីដត្រូវថ្នាក់ដឹកនាំ ASEM យល់ថា ជាមធ្យោបាយដ៏សំខាន់ ដើម្បីចាកចេញពីវិបត្តិ។ប៉ុន្តែ បើទោះបីជាប្រទេសជាច្រើន នៅក្នុងទាំងទ្វីប២អាស៊ីអឺរ៉ុបកំពុងតែជំរុញការផ្តល់ថ្នាំបង្ការកូវីដក្តីតែ អតុល្យភាពភាពក្នុងចំណោមពលរដ្ឋទទួលថ្នាំបង្ការរួច គឺមាននៅគម្លាតគ្នាឆ្ងាយរវាងប្រទេសធំមាននិងនៅតាមប្រទេសក្រីក្រ។នៅក្នុងកិច្ចប្រជុំចង្អៀតថ្ងៃទី២មានប្រធាបទក្តៅៗ គួរឲ្យទាក់ចិត្ត គឺថ្នាក់ដឹកនាំ ASEM មួយចំនួនរបស់ ASEM លើកឡើងពីសំណុំរឿងសមុទ្រចិនខាងត្បូង និងរឿងភូមាដែលចៀសមិននិយាយមិនបាន។ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានប្រសាសន៍ថាសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង គឺថ្នាក់ដឹកនាំASEMនៅតែជំរុញចង់ឲ្យភាគីកូរ៉េខាងជើងចូលតុចរចា។ ចំណែកវិបត្តិអាហ្វហ្គានីស្ថាន, អាស៊ី-អឺរ៉ុប កោតសរសើរស្មារតីជួយយកចិត្តទុកដាក់ដល់ជនភៀសខ្លួន។ក្នុងអង្គប្រជុំ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក សាល មីស៊ែល បានរំលឹកប្រាប់វេទិកាកំពូលនេះ ពីជំហរសហភាពអឺរ៉ុបគឺនៅតែប្រកាន់យ៉ាងមុតមាំពីការគោរពគោលការណ៍សិទ្ធិមនុស្សលទ្ធិប្រជាធិតេយ្យ និងសេរីភាពជាមូលដ្ឋាន។ការរំលឹកនេះពុំមែនជារឿងចៃដន្យនោះទេ ខណៈដែលប្រជាជាតិច្រើននៅតំបន់អាស៊ីនិងអឺរ៉ុបកំពុងតែប្រឈមរឿងរំលោបបំពានសិទ្ធិពលរដ្ឋពិសេសក្នុងដំណាក់កាលប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីដ។ក៏ប៉ុន្តែលោកលុយដាវីដមន្ត្រីជាន់ខ្ពស់ខ្មែរដែលតាមដានដិតដល់ក្នុងអង្គប្រជុំបានបញ្ជាក់ថាប្រសាសន៍របស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបគឺស្តីពីគោលការណ៍សិទ្ធមនុស្សនិងសេរីភាពទូទៅដែលជាសសរស្តម្ភរបស់សហភាពអឺរ៉ុបតែប៉ុណ្ណោះហើយមិនសំដៅប្រទេសណាមួយក្នុងអង្គប្រជុំនទេ៕សហការី