ឯក​​ឧត្ត​ម​រ​ដ្ឋមន្រ្តីវេ​ង​​សាខុនជម្រាបជូ​​នសាធា​រណ​ជន​នូវចំ​​​ណុច​ដែ​ល​​​​ជា​ចម្ង​ល់​​ប​ន្ថែ​មទៀ​​ត​ពា​​​ក់ព័​ន្ធនឹ​ង​​វិស័​​យ​​កសិ​​ក​​ម្ម

ដោយបានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅបន្តលើកយកសំណូមពរមកឯកឧត្តមរដ្ឋមន្រ្តីវេងសាខុនឲ្យជួយពិនិត្យនិងដោះស្រាយបញ្ហាដដែលជាដដែលនោះថ្ងៃនេះឯកឧត្តមសូមលើកយកសំណួរនិងចម្លើយដែលឯកឧត្តមបានផុសពន្យល់កន្លងមកមកបញ្ជាក់ជូនសារឡើងវិញ ដើម្បីបងប្អូនដែលមិនទាន់បានអានបានជ្រាបច្បាស់ពីបញ្ហាប្រឈមរបស់យើង។សេចក្តីជូនដំណឹងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានពិនិត្យឃើញថា មួយរយៈកាលកន្លងមកនេះ ក្រសួងបាន ខិតខំបកស្រាយបញ្ហាចម្ងល់ជាបន្តបន្ទាប់ជូនសាធារណជនជុំវិញការងារកសិកម្ម។ប៉ុន្តែក្រសួងក៏បានសង្កេតឃើញថានៅតែមានចម្ងល់ជាបន្តបន្ទាប់តម្រូវឱ្យក្រសួងធ្វើការបកស្រាយបន្ថែមទៀតដើម្បីចៀសវាងការលំបាកចំពោះអ្នកសារព័ត៌មានមួយចំនួនដែលមានការលំបាកក្នុងការស្វែងរកព័ត៌មានសម្រាប់ធ្វើការបកស្រាយចម្ងល់ហើយបានបកស្រាយមិនបានចំបញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងដំណើរការខិតខំដោះស្រាយ។ ដោយហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានកិតិ្តយសសូមជម្រាបជូនសាធារណជននូវចំណុចដែលជាចម្ងល់បន្ថែមទៀតពាក់ព័ន្ធនឹងវិស័យកសិកម្មដូចខាងក្រោម៖
១. តើអ្វីទៅជារបាំងអនាម័យនិងភូតគាមអនាម័យ(Sanitary and Phyto-Sanitary-SPS)?
អនាម័យនិងភូតគាមអនាម័យគឺជាបណ្តាវិធានការនានារបស់រដ្ឋាភិបាលនីមួយៗបានដាក់ចេញក្នុងគោលបំណងដើម្បីការពារសុខភាពអាយុជិវិតមនុស្សសត្វនិងរុក្ខជាតិក្នុងដែនដីនៃប្រទេសរបស់ខ្លួន។
 ប្រទេសនីមួយៗមានសិទ្ធិអធិបតេយ្យក្នុងការកំណត់ស្តង់ដារអនាម័យនិងភូតគាមអនាម័យរបស់ខ្លួន ដោយ ត្រូវផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីការពារសុខភាពឬជីវិតមនុស្សសត្វនិងរុក្ខជាតិក្នុងដែនដីរបស់ខ្លួន។
 កិច្ចព្រមព្រៀងអនាម័យនិងភូតគាមអនាម័យរបស់អង្គការពាណិជ្ជកម្មពិភពលោក (Agreement in the Application of Sanitary and Phytosanitary Measures of the World Trade Organization – WTOSPSAgreement)បានកំណត់បទដ្ឋានជាមូលដ្ឋានសម្រាប់លក្ខខណ្ឌផ្សេងៗទាក់ទងនឹងសុវត្ថិភាពចំណីអាហារ និងសុខភាពសត្វនិងសុខភាពរុក្ខជាតិ។
ឧទាហរហ៍ៈប្រទសថៃមិនទាន់អនុញ្ញាតឱ្យនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជានៅឡើយដោយសារមិនទាន់មានកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យដែលនេះជារបាំងបច្ចេកទេសដែលភាគីថៃដាក់ដាក់សម្រាប់ប្រទេសកម្ពុជា។
២.កម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន (CCFTA) រួចហើយមូលហេតុអ្វីបានជាកម្ពុជាមិនអាចនាំចេញកសិផលមួយចំនួនទៀតទៅកាន់ប្រទេសចិនបាន? តើរបាំងការធ្វើពាណិជ្ជកម្មសេរីទាក់ទងទៅនឹងSPS ជាអ្វី?
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីអនុញ្ញាតឱ្យមានការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្មដោយពុំជាប់របាំងពន្ធគយ(Tariff measures) បានជាច្រើនបន្ទាត់ពន្ធ។ប៉ុន្តែមិនមានន័យថា ប្រទេសទាំង២អាចនាំចេញនាំចូលទំនិញជាផលិតផលកសិកម្មដោយមិនជាប់ជារបាំងមិនមែនពន្ធគយផ្សេងៗទៀតទេ (Non-tariff measures-NTMs) ដែលរួមមានផងដែរនូវរបាំងអនាម័យនិងភូតគាមអនាម័យ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះនឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំផលិតផលកសិកម្មជាច្រើនមុខចូលទីផ្សារប្រទេសចិនដោយមិនជាប់ពន្ធគយ។ក៏ប៉ុន្តែទំនិញជាផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យនិងភូតគាមអនាម័យនិងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។ដូចគ្នានេះដែរ ការនាំទំនិញជាផលិតផលកសិកម្មពីប្រទេសចិនចូលកម្ពុជាក៏ជាកម្មវត្ថុស្ថិតក្រោមរបបគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យដែលមានជាធរមាន។ទាំងកម្ពុជានិងប្រទេសចិន មានសិទ្ធិរៀងៗខ្លួនដែលបានផ្តល់ដោយ WTO SPS Agreement ក្នុងការបង្ការទប់ស្កាត់ហានិភ័យចំពោះសុខភាពឬជីវិតមនុស្សសត្វ និងរុក្ខជាតិក្នុងដែនដីរបស់ខ្លួនដោយធានាថាផលិតផលកសិកម្ម ដែលនាំចូលក្នុងប្រទេសរបស់ខ្លួន ត្រូវតែស្របតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យនិងស្តងដារសុវត្ថិភាពចំណីអាហារដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាតិរៀងៗខ្លួន។ក្នុងឆ្នាំ២០២០កម្ពុជាបាននាំចេញផលិតផលកសិកម្មចូលទីផ្សារប្រទេសចិនចំនួន១៧មុខមានបរិមាណជាង ៧៣៦០០០តោន ក្នុងនោះយើងមានផលិតផលសំខាន់ៗដូចជា ផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមី ម្ស៉ៅដំឡូងមី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ស្វាយស្រស់ ដំណាប់ស្វាយ ដូងប្រេង។ល។ សូមបញញជាក់ថា៖ផលិតផលទាំងនេះ អាចនាំចេញបានគឺដោយសារតែប្រទេសទាំងពីរបានចុះពិធីសាររួចរាល់ជាមុនហើយដែរ ។
 ដើម្បីទាញយកនូវផលប្រយោជន៍ឱ្យបានជាអតិបរិមាពីកាលានុវត្តិភាពនេះ បងប្អូនប្រជាកសិករ ផ្នែកឯកជន ជាអ្នកកែច្នៃ វេចខ្ចប់នាំចេញ និងផ្នែកពាក់ព័ន្ធដទៃទៀតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ត្រូវខិតខំផលិត និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីផលិតនិងកែច្នៃ វេចខ្ចប់នាំចេញឱ្យស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារគុណភាព សុវត្ថិភាព អនាម័យនិងភូតគាមអនាម័យនៃប្រទេសចិនដែលជាទីផ្សារដែលមានសក្តានុពលបំផុតសម្រាប់ទំនិញកសិកម្មកម្ពុជាព្រោះមានអ្នកទិញជាង១,៤ពាន់លាននាក់។ដូច្នេះកម្ពុជាត្រូវតែពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួននៅលើទីផ្សារប្រទេសចិនតាមរយៈការពង្រឹងស្តង់ដារគុណភាព សុវត្ថិភាព និងស្តង់ដារអនាម័យនិងភូតគាមអនាម័យដើម្បីអាចទាញបាននូវផលប្រយោជន៍ជាអតិបរិមាពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងអាចធានាឧត្តមភាពប្រកួតប្រជែងនេះក្នុងរយៈពេលវែងសម្រាប់ទាំងទីផ្សារប្រទេសចិននិងពង្រីកទីផ្សារនាំចេញទៅកាន់ទិសដៅផ្សេងៗទៀត។ ស្របតាមគំនិតខាងលើនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ចេញនូវចក្ខុវិស័យដែលមុតស្រួចនៅក្នុងឯកសារគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១០-២០៣០និងឯកសារផែនការមេអភិវឌ្ឍវិស័យកសិកម្ម២០៣០ របស់ខ្លួនដោយប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។
៣. តើមូលហេតុអ្វីបានជាតម្រូវឱ្យក្រុមហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញចុះបញ្ជីជាចម្ការនាំចេញ?
 ក្នុងបណ្តាឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការបច្ចេកទេសបានខិតខំពង្រីកទីផ្សារនាំចេញសម្រាប់កសិផលតាមរយៈការចរចារនិងសម្រេចបានពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញកសិផលមួយចំនួនជាមួយប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗរួមមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសកូរ៉េ ប្រទេសថៃ។ល។
គួរកត់សម្គាល់ថាលក្ខខណ្ឌតម្រូវមួយនៃពិធីសារដែលសម្រេបានកន្លងមកគឺបណ្តារោងចក្រប្រព្រឹត្តកម្មរម្ងាប់សមាសភាពចង្រៃ កែច្នៃ វេចខ្ចប់នាំចេញ (Packinghouses) និងកសិដ្ឋានដំណាំពាក់ព័ន្ធ ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 ការចុះបញ្ជីទីតាំងនិងកសិដ្ឋានពាក់ព័ន្ធគឺជាផ្នែកមួយនៃការលើកកម្ពស់និរន្តរភាពនិងប្រសិទ្ធភាពផលិតកម្ម និងការគ្រប់គ្រងហានីភ័យពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យនិងសុវត្ថិភាពចំណីអាហារ ដែលត្រូវបានអនុវត្តជាទូទៅនៅក្នុងខ្សែច្រវាក់តម្លៃដំណាំសម្រាប់នាំចេញ ដែលមានអត្ថប្រយោជន៍ដូចខាងក្រោម៖
oដើម្បីទទួលបានលេខកូដសម្គាល់សម្រាប់កំណត់អត្តសញ្ញាណនៃទីតាំងនិងកសិដ្ឋាន។ ក្នុងករណីរកឃើញនូវករណីមិនមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវនៃការនាំចូលជាយថាហេតុណាមួយពាក់ព័ន្ធនឹងទំនិញកសិផលដោយសមត្ថកិច្ចអនាម័យនិងភូតគាមអនាម័យនៃប្រទេសនាំចូល អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញនៃប្រទេសនាំចេញអាចកំណត់បាននូវប្រភពដើមនៃផលិតផលដើម្បីអនុវត្តវិធានការកែតម្រូវជាក់ស្តែង។
o បង្កលក្ខណៈងាយស្រួលក្នុងកិច្ចប្រតិបត្តិការផ្តល់ការណែនាំបច្ចេកទេសពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ ដែលធ្វើឡើងក្នុងគោលបំណងដើម្បីធានាការបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារគុណភាព សុវត្ថិភាពនិងស្តង់ដារអនាម័យនិងភូតគាមអនាម័យផ្សេងៗរបស់ប្រទេសនាំចូលឱ្យបានពេញលេញខ្ជាប់ខ្ជួន ឆ្ពោះទៅទទួលបានជំនឿទុកចិត្តកាន់តែខ្ពស់ពីប្រទេសនាំចូលមកលើផលិតផលកម្ពុជានិងចុងក្រោយដើម្បីធានានិរន្តរភាពនៃការនាំចេញផលិតផលនោះទៅកាន់ទីផ្សារនាំចូលនិងការធ្វើពិពិធកម្ម ទីផ្សារនាំចេញទៅកាន់ទិសដៅផ្សេងទៀត។
o ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងផែនការផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារឱ្យមាននិរន្តរភាព តាមរយៈការបង្កើតឱ្យបាននូវចំណងទាក់ទងដ៏រឹងមាំនិងស្ថិរភាពរវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់នៅក្នុងខ្សែច្រវាក់តម្លៃនិងភាពងាយស្រួលក្នុងការចុះកិច្ចសន្យាច្បាស់លាស់រវាងក្រុមហ៊ុននាំចេញ និងសហគមន៍អ្នកផលិត។
oដើម្បីទទួលបាននូវកម្មវិធីគ្រប់គ្រងចម្ការច្បាស់លាស់រួមទាំងអនាម័យចម្ការកម្មវិធីចម្រុះគ្រប់គ្រងសមាសភាពចង្រៃដើម្បីជៀសវាងនិងកាត់បន្ថយការកកើតនូវសមាសភាពចង្រៃភូតគាមអនាម័យដែលប្រទេសនាំចូលហាមឃាត់ក្នុងទិសដៅធានាឱ្យបានសុវត្ថិភាពភូតគាមអនាម័យតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។
ដើម្បីសម្រេចគោលដៅនេះយើងត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាតាមនីតិវិធីជាធរមានជាមួយគ្រប់ក្រសួង-ស្ថាប័នអាជ្ញាធរដែនដីវិស័យឯកជននិងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋឯកជនដៃគូអភិវឌ្ឍន៍និងសហគមន៍” ។
៤.មូលហេតុអ្វីការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់និងពិភពលោកមានការធ្លាក់ចុះ?
 ក្នុងឆ្នាំ២០២០កម្ពុជាបាននាំចេញអង្ករសរុបចំនួន៦៩០៨២៩តោនខ្ពស់ជាងឆ្នាំ២០១៩ចំនួន១១,៤% ដែលត្រូវបាននាំចេញទៅកាន់ទិសដៅចំនួន៦០ប្រទេស។ទិសដៅប្រទេសចិនកើន១៦,៦% ទិសដៅសហភាពអឺរ៉ុបកើន០,៣៩%ទិសដៅអាស៊ានកើន៤,៤៩%និងទិសដៅផ្សេងទៀតកើន២៨,៩៥%។
 ការនាំចេញអង្ករក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១នេះ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ដែលមានចំនួន ៤៨៨ ៧៧៥ តោន។
 តាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករគឺ បណ្តាលមកពីកត្តាចំបងៗមួយចំនួនដូចខាងក្រោម៖
(១)-បញ្ហាការដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃយ៉ាងខ្លាំង ដែលបាននិងកំពុងដាក់សំពាធលើការនាំចេញអង្កររបស់កម្ពុជា។តម្លៃនៃការដឹកជញ្ជូនបានកើនពី៥ទៅ៦ដង ឬ ពី ១៥០០ ដុល្លារ ទៅ ៧០០០-៨០០០ ដុល្លារ/កុងតេន័រ (២០ហ្វីត) ដែលតម្លៃដឹកជញ្ជូនពេលនេះស្ទើរតែស្មើនឹងតម្លៃអង្ករ១កុងតេន័រដែលជាហេតុធ្វើឱ្យអ្នកទិញមិនបង្ខំឬ ដាក់បញ្ជារទិញច្រើនព្រោះខ្លាចពេលតម្លៃការដឹកជញ្ជូនចុះថោកហើយស្តុកចាស់លក់មិនអស់នាំឱ្យខាតបង់ធ្ងន់ធ្ងរការបញ្ជារទិញសម្រាប់តែតម្រូវការទីផ្សារជាក់ស្តែងមិនស្តុកទុកច្រើន។
(២)-ការដឹកជញ្ជូនក៏ជួបបញ្ហាកង្វះទូរកុងតេន័រផ្ទុកទំនិញចំណុះ២០ហ្វីត(ជាស្តង់ដារទូរកុងតេន័រផ្ទុកអង្ករចេញពីកម្ពុជា)ដោយសំបកកុងតេន័រប្រភេទនេះភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែនិងទីលាននានាក្នុងសហគមន៍អ៊ឺរ៉ុបដោយសារការរីករាលដាលកូវីដ-១៩បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូននៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបបានរាំងស្ទះ(ខ្វះកម្មករនិងអ្នកបើកឡានដឹកកុងតែន័រជាដើម)។
(៣)-មិនមាន Shipping Spaceគ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញដោយសារអង្ករជាទំនិញធ្ងន់។ ក្រុមហ៊ុនកប៉ាល់មានជើងធ្វើដំណើរចំនួនតិចជាងមុនដោយក្រុមហ៊ុនកប៉ាល់ផ្តល់ជម្រើសដឹកទំនិញស្រាលច្រើនហើយទំនិញធ្ងន់ដូចជាអង្ករមានចំនួនកំណត់មួយ។ ជាក់ស្តែងកម្ពុជាត្រូវការ Space លើកប៉ាល់ចន្លោះពី៣៥០ ទៅ៤០០ទូរកុងតេន័រក្នុងមួយសប្តាហ៍សម្រាប់ពីកំពង់ផែមេដូចជា សិង្ហបូរី ទៅកាន់កំពង់ផែនៅសហគមន៍អ៊ឺរ៉ុបតែការផ្តល់ឱ្យសម្រាប់អង្ករ ឬទំនិញធ្ងន់ដទៃទៀតបានត្រឹមតែ១០០ទៅ ១៥០ទូរកុងតេន័រតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។
(៤)-ព្រមគ្នាជាមួយនឹងបញ្ហាប្រឈមក្នុងការដឹកជញ្ជូនខាងលើនេះការនាំចេញអង្ករក៏បាននិងកំពុងរងឥទ្ធិពលនៃការធ្លាក់ចុះតម្លៃទីផ្សារពិភពលោកនៃអង្ករក្រអូបផងដែរ។ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះតម្រូវការទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាគំហុកដែលនាំឱ្យតម្លៃអង្ករក្រអូបនៅលើពិភពលោកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបនឹងប្រភេទអង្ករសធម្មតា គឺពីជាង ៨០០ ដុល្លារ/តោន ធ្លាក់មកត្រឹម៦៥០ ដុល្លារ/តោន។ គួរកត់សម្គាល់ថាប្រមាណ៨០%នៃបរិមាណអង្ករនាំចេញរបស់កម្ពុជាជាប្រភេទអង្ករក្រអូប។
៥. មូលហេតុអ្វីដែលកម្ពុជាបាននាំចេញកសិផលត្រឹមតែប្រទេសជិតខាង?
មកទល់បច្ចុប្បន្ននេះប្រទេសជិតខាងធំៗ២ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជាគឺប្រទេសវៀតណាមនិងប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជាង១៦៧លាននាក់។ ជាសត្យានុម័តប្រទេសទាំង២នេះគឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុពលក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា។ប៉ុន្តែជាក់ស្តែងក្នុងរយៈពេល៣ឆ្នាំចុងក្រោយផលិតផលកសិកម្មកម្ពុជាបានជ្រៀតចូលទីផ្សារពិភពលោកចំនួន៩០ប្រទេសរួចមកហើយ។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ការនាំចេញសម្រេចបានជាង៥,៩៣លានតោនក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួណ៦៤,១១%ប្រទេសថៃចំនួន២១,៤៩%ប្រទេសចិនចំនួន៦,៦៩%និងគោលដៅប្រទេសដទៃទៀតចំនួន៤,៧១%តែប៉ុណ្ណោះ។ស្ថានភាពនៃជញ្ជីងពាណិជ្ជកម្មគឺជាទំនាក់ទំនងរវាងការផ្គត់ផ្គង់និងតម្រូវការ។ ទីណាមានតម្រូវការ លំហូរពាណិជ្ជកម្មនឹងតម្រង់ទិសទៅកាន់ទីនោះ ទៅក្នុងទម្រង់ជាវត្ថុធាតុដើម ឬផលិតផលសម្រេច។ការធ្វើពាណិជ្ជកម្មជារឿងខាតនិងចំណេញ។ សុភាសិទខ្មែរពីបុរាណបានពោលថា “ជួញជិតជាជាងជួញឆ្ងាយ”។ការពិតមួយទៀតនោះគឺថាប្រទេសទាំង២បានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មពិភពលោកមុនកម្ពុជាដោយទទួលបានបទពិសោធន៍ពេញលេញជាប្រទេសកែច្នៃនាំចេញផលិតផលកសិកម្មនិងម្ហូបអាហារទៅកាន់ទីផ្សារតំបន់និងពិភពលោក។ ជារួម ប្រទេសទាំង២ បានអភិវឌ្ឍខ្លួនទៅជាចំណុចប្រមូលផ្តុំស្បៀង (Food Hub/Basket) សម្រាប់ពិភពលោកមុនកម្ពុជា។ ដូច្នេះត្រូវការវត្ថុធាតុដើមច្រើនពីប្រទេសផ្សេងរួមទាំងកម្ពុជាផងដែរដើម្បីផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃរបស់ខ្លួនសម្រាប់នាំចេញ។ ក្នុងពេលខាងមុខនៅពេលកម្ពុជាមានការអភិវឌ្ឍខ្សែច្រវាក់តម្លៃ សមត្ថភាពកែច្នៃ និងហេដ្ឋរចនាសម្ព័ន្ធភស្តភាកម្មពាក់ព័ន្ធបានមួយកម្រិតបន្ថែមទៀតនឹងជំរុញឱ្យមានការស្រូបយកវត្ថុធាតុដើមមកធ្វើការកែច្នៃពង្រីកការនាំចេញត្រទៅកាន់ទីផ្សារមានសក្តានុពលមួយចំនួនដូចជាប្រទេសចិន និងបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលជាកត្តាសន្យានុម័តកាត់បន្ថយការនាំចេញផលិតផលកសិកម្មទៅកាន់តីផ្សារប្រទេសជិតខាងទាំង២។
 សំខាន់បំផុតនោះកម្ពុជាបានជួបប្រទះទៅនឹងបញ្ញានៃការដឹកជញ្ជូនទៅកាន់ទីផ្សារក្រៅតំបន់ ដូចបានបញ្ជាក់ជូននៅក្នុងសំណួរទី៤ខាងលើរួមទាំងតម្លៃនៃការកែឆ្នៃក្នុងស្រុកមានតម្លៃខ្ពស់ជាងគេបន្តិចបើប្រៀបធៀបទៅនឹងប្រទេសជិតខាងទាំង២។ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានលក្ខណៈភូមិសាស្ត្រប្រហាក់ប្រហែលគ្នានាំឱ្យមានការអនុវត្តនូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចូលទំនិញកសិផលមានលក្ខណៈទន់ភ្លន់មិនសូវស្មុគស្មាញបើធៀបជាមួយលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសទី៣។
៦.មូលហេតុអ្វីបានជាកម្ពុជាបន្តអនុញ្ញាតឱ្យកសិផលប្រទេសជិតខាងនៅតែបន្តហូរចូលមកកម្ពុជា?
 ប្រទេសកម្ពុជាជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអនុវត្តរបបពាណិជ្ជកម្មសេរីជាមួយនឹងសមាជិកភាពនៃអង្គការតំបន់និងពិភពលោកនេះ មកទល់ពេលបច្ចុប្បន្នកម្ពុជាបានសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងជ្រៅចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក។ជាក់ស្តែងកម្ពុជាបានក្លាយជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ពហុភាគីចំនួន១០កិច្ចព្រមព្រៀងដែលរួមមាន៖ ATIGA (ASEAN Trade in Goods Agreement), AHKFTA (ASEAN-Hong Kong Free Trade Agreement), ACFTA (ASEAN-China Free Trade Agreement), AKFTA (ASEAN-Korea Free Trade Agreement), AIFTA (ASEAN-India Free Trade Agreement), AJCEP (ASEAN-Japan Comprehensive Economic Partnership), AANZFTA (ASEAN-Australia-New Zealand Free Trade Agreement), CCFTA (Cambodia-China Free Trade Agreement), RCEP (Regional Comprehensive Economic Partnership)។
ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាត្រូវគោរពតាមបទដ្ឋាននិងគោលការណ៍នៃការធ្វើពាណិជ្ជកម្មសេរីដែលបានឯកភាពគ្នា។ការសន្និដ្ឋានថាកម្ពុជាអនុញ្ញាតឱ្យកសិផលនៃប្រទេសជិតខាងហូរចូលមកកម្ពុជាជាការសន្និដ្ឋានមួយដែលឆ្លុះបញ្ចាំងនូវស្ថានភាពជាក់ស្តែងនៃជញ្ជីងពាណិជកម្មកសិកម្មរវាងកម្ពុជាជាមួយនឹងប្រទេសជិតខាង។ដូចតួលេខនាំចេញ៩ខែ ឆ្នាំ២០២១បានបញ្ជាក់ខាងលើ។ ម្យ៉ាងទៀត ជាការសន្និដ្ឋានមួយបង្ហាញពីកង្វះខាតការយល់ដឹងជាទូទៅស្តីពីរបបទីផ្សារសេរីអនុញ្ញាតក្រោមឆ័ត្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ពហុភាគីនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននិងកំពុងជំរុញអនុវត្តយុទ្ធសាស្ត្រនៃការកាត់បន្ថយលំហូរកសិកម្មពីខាងក្រៅតាមរយៈការពង្រឹងឧត្តមភាពប្រកួតប្រជែងផលិតផលកសិកម្មរបស់ខ្លួននៅលើទីផ្សារក្នុងស្រុកដើម្បីកាត់បន្ថយការហូរចូលពីទីផ្សារក្រៅស្រុក។ការវិនិយោគនានាក្នុងពេលបច្ចុប្បន្ននេះបាននិងកំពុងអនុវត្តតាមអភិក្រមពង្រឹងខ្សែច្រវាក់តម្លៃជារួមដែលមានគោលបំណងនាំឆ្ពោះទៅដល់ការផលិតមួយដែលមានស្តង់ដារគុណភាព សុវត្ថិភាពខ្ពស់ ស្របតាមវិធានអនាម័យនិងភូតគាមអនាម័យ និងមានភាពប្រកួតប្រជែងខាងតម្លៃ។
៧.មូលហេតុអ្វីបានជីនិងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ?
ទាក់ទងនឹងបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសូមជម្របជ្រាបថានៅបណ្តាប្រទេសផលិត ថ្នាំកសិកម្មនិងជីកសិកម្មនាំចេញមានបញ្ហារអាក់រអួលផ្នែកផលិតកម្ម។ វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយដោយកម្លាំងពលកម្មថយចុះដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ដូចជានៅក្នុងប្រទេសចិនប្រទេសថៃនិងប្រទេសវៀតណាម។ ការដឹកជញ្ជូនប្រើពេលវេលាយូរនិងមានតម្លៃខ្ពស់ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩។ ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជានៅបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ។ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញក៏ជាបន្ទុកមួយទៀត ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំមិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ដោយទិញតាមរយៈឈ្មួញកណ្តាលជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។ ជាមួយគ្នានេះតម្រូវការជីកសិកម្មក្នុងស្រុកមានក៏ការកើនឡើងច្រើនដែរ។
៨. មូលហេតុអ្វីបានជាកសិករមួយចំនួនមិនបានទទួលសេវាកសិកម្មកន្លងមក?
 ចំនួនភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៅថ្នាក់ខេត្តមានចំនួនតិចដែលធ្វើឱ្យការផ្តល់សេវាកម្មដល់កសិករចំនួន៣ ៥៥៣០២១គ្រួសារមិនគ្រប់គ្រាន់និងមិនទាន់ពេលវេលាសមត្ថភាពនិងជំនាញរបស់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៅមូលដ្ឋាននៅមានកម្រិតក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង និងបច្ចេកទេសកសិកម្មដល់កសិករ
 កសិករភាគច្រើនជាកសិករដែលមានវ័យចំណាស់មិនទាន់បានចងជាបណ្តុំឬសហគមន៍កសិកម្មនៅឡើយ ហើយមិនអាចប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីទទួលបានព័ត៌មានចំណេះដឹង និងបច្ចេកទេសកសិកម្មផ្សេងៗសេវាអ៊ីនធឺណិតមិនទាន់បានគ្របដណ្តប់ទូទាំងប្រទេសយ៉ាងទូលំទូលាយនៅឡើយបញ្ហាកូវីដ-១៩ ជាបញ្ហាចម្បងបានធ្វើឱ្យរាំងស្ទះនូវសកម្មភាពផ្សព្វផ្សាយមួយចំនួនដែលរួមមាន៖
– ការបង្កើននូវសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយកសិកម្មដើម្បីធ្វើបច្ចុប្បន្នភាពសេវាកម្ម បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនកសិករ
-ការចុះតាមដាននិងជំរុញការអនុវត្តកសិករមានការខកខានដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងពុំអាចជួបជុំជាមួយកសិករបានញឹកញាប់
-មិនអាចចុះផ្សព្វផ្សាយដល់កសិករទូទាំងប្រទេសជាពិសេសសហគមន៍ឬបណ្តុំកសិករនានាទាន់ពេលវេលា។ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលើកទឹកចិត្តឱ្យមានការប្រើប្រាស់សេវាកម្មផ្សព្វផ្សាយបច្ចេកទេសកសិកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិក ហើយការចូលរួមសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជនលើការវិនិយោគសេវាកម្មផ្សព្វផ្សាយកសិកម្មគឺពិតជាមានសារសំខាន់ និងត្រូវជំរុញបន្ថែមទៀតជាចាំបាច់។
៩. មូលហេតុអ្វីបានតម្លៃជ្រូករស់បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន?
 ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ឡើងដល់ចំនួន៥៣៩កន្លែងក្នុងឆមាសទី១ឆ្នាំ២០២១។កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ក្នងឱកាសរៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ប៉ុន្តែត្រូវបានផ្អាកកម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌបានធ្វើឱ្យជ្រូកមានការកកស្ទះ។
 តម្លៃជ្រូកនៅប្រទេសជិតខាងដូចជាប្រទេសវៀតណាមមានការធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល/គីឡូក្រាមប៉ុណ្ណោះដែលខុសពីតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀលទៅចំនួន ១០ ១០០រៀល/គីឡូក្រាម នាពេលសព្វថ្ងៃនេះ។
 ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ២០១៩មានត្រឹមចំនួន ២២ ០០០ក្បាលនិងនៅឆ្នាំ២០២០ មានការកើនឡើងដល់ចំនួន ២៧៥ ៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បានាំចូលបានចំនួន ៧ ៨៤០ក្បាល ក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួន ២៨ ១៤៣ក្បាលក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន ២៤ ៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន ១២៦ ១១៦ក្បាល។ វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ពុំមានកម្មវិធីតាមបុណ្យទានកម្មវិធីជួបជុំផ្សេង។ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកំសាន្តតាមតំបន់រម្យណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។បទល្មើសចរាចរសត្វ និងផលិតផលសត្វពីប្រទេសជិតខាងគិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ករណីក្នុងនេះបទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន២៣ករណីនិងសាច់ជ្រូកបង្កកចំនួន២ករណី។
 អគ្គនាយកដ្ឋាននឹងពិនិត្យមើលបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចូល ព្រោះកន្លងមកនេះតម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន៨៥០០រៀល/គីឡូក្រាមបន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០រៀល/គីឡូក្រាម។បច្ចុប្បន្នការនាំចូលជ្រូករស់ពីបរទេសនៅថ្ងៃខ្លះមានត្រឹម៣០០ក្បាល/ថ្ងៃប៉ុណ្ណោះ។
អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនឹងបន្តពិនិត្យនិងពិភាក្សារកដំណោះស្រាយអំពីបញ្ហាតម្លៃជ្រូកនេះបន្ថែមទៀត ព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ។
ទទួលបានសេចក្តីជូនដំណឹងនេះសូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕សហការី