សម្ដេ​ចក្រឡាហោមស​ខេងបា​នអញ្ជើញដឹកនាំប្រតិភូ​ក្រសួងមហាផ្ទៃដាក់​កម្រងផ្កាគោរព​ព្រះវិញ្ញាណក្ខន្ធព្រះ​ករុណាព្រះបរមរត​ន​កោដ្ឋ

នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ប្រតិភូក្រសួងមហាផ្ទៃដែលអញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ រួមមានឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃមួយចំនួនទៀត។
ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងសោយព្រះទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ មានក្ដីអាលោះអាល័យ និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងចំពោះជាតិមាតុភូមិកម្ពុជា៕សហការី