ឯកឧត្ត​ម​រដ្ឋមន្ត្រីវេ​ង ​សាខុនបាន​ទ​​ទួលជួបឯ​ក​អគ្គរដ្ឋទូ​ត​​ឥណ្តូនេស៊ី​ដើ​ម្បីសម្តែង​ការគួរស​មពិ​ភាក្សាការ​ងា​រ​និង​កិច្ចសហ​ប្រតិ​បត្តិ​ការក្នុងវិស័យ​កសិ​កម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ី ដើម្បីសម្តែងការគួរសមពិភាក្សាការងារនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ និងកោតសរសើរក្នុងខណ:ដែលឯកឧត្តមបានបំពេញការងារទទួលបានជោគជ័យក្នងរយៈពេលជាង ០៣ឆ្នាំកន្លងទៅនេះជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតយកឱកាសនៃជំនួបការទូតនេះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតដោយសង្ខេបអំពីស្ថានភាពនិងដំណើរការវិវត្តរីកចម្រើនក្នុងវិស័យកសិកម្មកម្ពុជាជាពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលវិស័យកសិកម្មកម្ពុជាជាវិស័យអាទិភាពមួយហើយបានប្រែក្លាយទៅជាប្រទេសមួយដែលមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងផង និងធ្វើការនាំចេញកសិផលសំខាន់ដែលមានសក្តានុពលសំខាន់ផង មានជាអាទិ៍៖ ស្រូវ អង្ករ ចេក ដំឡូងមីស្រស់-ក្រៀម គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃរួច ស្វាយស្រស់ ផលិតផលមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគាំទ្របក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យកែច្នៃកសិផលនិងខ្សែច្រវាក់តម្លៃបន្ថែមជាពិសេសការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងនិងអភិរក្សធនធានព្រៃឈើឲ្យកាន់តែល្អប្រសើរទ្វេរឡើង និងរង់ចាំស្វាគមន៍ជានិច្ចចំពោះវិស័យឯកជនឥណ្តូនេស៊ីដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្មនាពេលអនាគតហើយបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតនិងក្រុមគ្រួសារឲ្យទទួលបានជោគជ័យក្នុងការបន្តបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម Sudirman Haseng បានថ្លែងអំណរគុណចំពោះពេលវេលា និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើចំណុចសំខាន់ៗដែលបានរំលេចឡើងខាងលើដោយឯកឧត្តមរដ្ឋមន្រ្តី។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការគាំទ្របក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ភាគីឥណ្ឌូនេស៊ីនឹងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃដល់មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជាដែលស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងកម្មវិធីនៃការគ្រប់គ្រងព្រៃឈើនៅក្នុងមហាអនុតំបន់មេគង្គ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូតក៏បានបន្ថែមថា ភាគីឥណ្ឌូនេស៊ីបានរៀបចំសេចក្តីព្រៀងអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិលើវិស័យកសិកម្មរវាងប្រទេសទាំង២ហើយសង្ឃឹមថានឹងអាចចុះហត្ថលេខានាពេលវេលាសមស្របណាមួយខាងមុខ។
សូមជម្រាបជូនថា ជំនួបការទូតត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគីឲ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាប្រទេសសមាជិកអាស៊ាន៕សហការី