ឯកឧត្តមរ​ដ្ឋមន្ត្រីវេង សា​ខុនបានអញ្ជើញចូលរួមក្នុងពិធី​​បើកវេទិកា​សេដ្ឋកិច្ចនិងធុ​រកិច្ចអាស៊ី-អឺ​រ៉ុបលើ​កទី១

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តមទីប្រឹក្សាបានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទនៃវេទិកាដ៏សំខាន់នេះគឺ “ការផ្លាស់ប្ដូរទៅ រកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” ដើម្បីប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ក្រុមធុរជន និងជំនាញការតាមវិស័យសំខាន់ៗមកពីអាស៊ី និងអឺរ៉ុបដែលមានសមត្ថភាព និងចំណេះដឹងលើផ្នែកប្រតិបត្តិការធុរកិច្ច ភស្តុភារ និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃ/ផ្គត់ផ្គង់នៃបដិវត្តឧស្សាហកម្ម៤.០ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីឧត្តមានុវត្តន៍ ដែលពាក់ព័ន្ធ។
វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ក្នុងទម្រង់ជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ វេទិកានេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំពិភពលោក អ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ធុរជន និងដៃគូអភិវឌ្ឍន៍ដទៃទៀតមកពីអាស៊ី និងអឺរ៉ុប ក្នុងគោលបំណងពិគ្រោះពិភាក្សាឲ្យបានយ៉ាងស៊ីជម្រៅ-ទូលំទូលាយរវាងអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់លើប្រធានបទផ្សេងៗគ្នាមានជាអាទិ៍៖
ក- ភាពជឿនលឿននៃឌីជីថលូបនីយកម្មជំរុញខ្សែច្រវាក់តម្លៃសកល និងលទ្ធផល
ខ- ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺឆ្លង
គ- តួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ និងគន្លងប្រក្រតីភាពថ្មី
ឃ-កាលានុវត្តភាពកំណើនថ្មីសម្រាប់ពាណិជ្ជកម្មសកល និងអាជីវកម្ម ជាពិសេសធុរកិច្ចថ្មី និងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដែលកើតចេញពីបច្ចេកវិទ្យាថ្មី និងឌីជីថលូប នីយកម្មនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ រួមជាមួយនឹងការកែសម្រួល និងកំណែទម្រង់របស់រដ្ឋាភិបាលដែលកំពុងដំណើរការរួមបញ្ចូលទាំងបញ្ញតិ្តគោលនយោបាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សសម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ជាពិសេសការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង
ង- ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងធុរកិច្ចបៃតង ដើម្បីសម្របទៅនឹងបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកសាងភាពធន់ប្រឈមនឹងវិបត្តិ និងដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕សហការី