រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថាដំណឹងក្លែងក្លាយបង្កឱ្យមានការបែកបាក់សាមគ្គីភាពសន្តិសុខរបស់ប្រទេសចុះខ្សោយបែងចែកវណ្ណៈនិងអំពើហិង្សា
AKPឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងក្នុងពិធិបើកវេទិកាតុមូលនិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០(ASEFERT10)នៅរាជធានីភ្នំពេញនាថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១មានប្រសាសន៍ថា«ដំណឹងក្លែងក្លាយបង្កឱ្យមានការបែកបាក់សាមគ្គីភាពសន្តិសុខរបស់ប្រទេសចុះខ្សោយធ្វើឱ្យមានការមិនទុកចិត្តគ្នាការបែងចែកវណ្ណៈ និងអំពើហិង្សាក្នុងចំណោមប្រជាជនលើសពីនេះបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះសារព័ត៌មាន»។ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ផលប៉ះពាល់អវិជ្ជមាននៃដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិតលើនយោយបាយ សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺមិនអាចប្រកែកបាន។ក្នុងអំឡុងពេលជំងឺរាតត្បាតសកល ព័ត៌មានមិនពិតមានការរីករាលដាលលឿនជាងមេរោគឆ្លងទៅទៀត។ វាបានបង្កឱ្យមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងចិត្តរបស់មនុស្ស និងការមិនទុក ចិត្តគ្នានៅក្នុងសហគមន៍កើនឡើង។ក្នុងករណីនេះកម្ពុជាក៏មិនខុសពីប្រទេសដទៃនោះដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងដំណឹងក្លែងក្លាយនៅក្នុងសង្គមកម្ពុជា។ ដំណឹងក្លែងក្លាយក្នុងទម្រង់ជាពាក្យស្អប់ខ្ពើម ការនិទានប្រឌិត ការបរិហារកេរ្តិ៍ និងការញុះញង់ មានការកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍។ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការប្រឆាំងដំណឹងក្លែងក្លាយនៅថ្នាក់ក្រសួងនៅពាក់កណ្តាលឆ្នាំ២០២០។ គោលបំណងចម្បងនៃការបង្កើតគណៈកម្មការនេះគឺដើម្បីផ្តល់នូវព័ត៌មានពិតជូនប្រជាពលរដ្ឋ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងជួនកាលចាត់វិធានការតាមច្បាប់។ជាទូទៅ ការផ្សព្វផ្សាយរឿងរ៉ាវដែលប្រឌិត ខ្លឹមសារក្លែងបន្លំ និងព័ត៌មានក្លែង ភាគច្រើនពឹងផ្អែកលើបច្ចេកវិទ្យាថ្មីៗ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីនធឺណិត។ ជាវិធីសាស្រ្តឆ្លើយតប យើងប្រើបច្ចេកវិទ្យាដូចគ្នាដើម្បីផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងបង្ហាញការពិត។ នៅក្នុងបរិបទប្រទេសកម្ពុជា យើងប្រើប្រាស់ក្រុមតេឡេក្រាម (Telegram) ដើម្បីជួយសម្រួល និងដំណើរការជាមជ្ឈមណ្ឌលផ្ទៀងផ្ទាត់ព័ត៌មាន។ ក្រុមតេឡេក្រាមនេះមាន សមាជិកសរុបចំនួន ៦២០០ នាក់ដែលជាមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល យុវជន និងប្រជាពលរដ្ឋ។ វិធីសាស្រ្តនេះមានប្រសិទ្ធភាពខ្ពស់ ព្រោះអាចកាត់បន្ថយទាំងចំណាយ និងអាចកាត់បន្ថយដំណឹងក្លែងក្លាយបានយ៉ាងច្រើន។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញទស្សន៖ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងមិនចាំបាច់មានច្បាប់ថ្មីរាល់ពេលដែលយើងមានករណីថ្មីនោះទេ។ ភាពជាអ្នកដឹកនាំដ៏រឹងមាំ ការងារជាក្រុម និងកិច្ចសហប្រតិបត្តិការ គឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីកាត់បន្ថយការរីករាលដាលនៃដំណឹងក្លែងក្លាយ»។និពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានធំៗក្នុងបណ្តាប្រទេសដៃគូ ASEMដែលមានវត្តមាននៅថ្ងៃនេះនឹងធ្វើការផ្លាស់ប្តូរនូវទស្សនៈលើកិច្ចការបច្ចុប្បន្នទាក់ទងនឹងដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត និងស្វែងរកយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មានក្នុងទ្វីបទាំងពីរ។ ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយនៅក្រោយវិបត្តិនៃជំងឺរាតត្បាតគឺជាការចាំបាច់ដើម្បីពង្រឹងទំនាក់ទំនងល្អរបស់ប្រជាជននៃទ្វីបទាំងពីរ។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យភាគីពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញនូវកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន និងយុទ្ធសាស្ត្រទំនាក់ទំនងដែលមានស្រាប់ក្នុងការចែករំលែកនូវព័ត៌មាន ការលើកកម្ពស់ភាពជឿជាក់របស់អ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មានត្រឹមត្រូវ និងការផលិតព័ត៌មានដែលមានប្រយោជន៍ របស់អ្នកសារព័ត៌មាននៅក្នុងទ្វីបធំៗទាំងពីរនេះ ដោយលើកជាសំនួរថា «តើយើងបានដើរទៅដល់កម្រិតណា ហើយកិច្ចសហប្រតិបត្តិការអ្វីខ្លះដែលអាចជួយយើងក្នុងការប្រឆាំងនឹងដំណឹងក្លែងក្លាយ ?»។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្ដល់ជាយោបល់ថា «ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយឡើងវិញ ចាំបាច់ត្រូវផលិតមាតិកាដែលគួរឱ្យទាក់ទាញ មានភាពពាក់ព័ន្ធ ការពិត សម្រាប់បម្រើប្រយោជន៍សាធារណៈ។ លើសពីនេះ វាជាការសំខាន់សម្រាប់ស្ថាប័នព័ត៌មានក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ដោយមិនផ្តល់ភាពស្របច្បាប់ជូនព័ត៌មានទាំងនេះ។ យើងអាចធ្វើដូច្នេះបានដោយពឹងផ្អែកលើនិពន្ធនាយករបស់យើង និងអ្នកផ្ទៀងផ្ទាត់ព័ត៌មាន។ ពិភពលោកនេះត្រូវការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលរឹងមាំ និងអាចទុកចិត្តបាន ដែលផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការនៃថ្ងៃអនាគត»។បើតាម ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដំណឹងក្លែងក្លាយគឺជាបញ្ហាដ៏ស្មុគស្មាញនិងមិនដាច់ពីគ្នា។ទោះជាយ៉ាងណាក៏ដោយ លោកជឿជាក់យ៉ាងមុតមាំថា ការខិតខំប្រឹងប្រែងរួមគ្នា និងការប្តេជ្ញាចិត្តដើម្បីប្រឆាំងដំណឹងក្លែងក្លាយគឺជាផ្លូវឆ្ពោះទៅមុខ។ឯកអគ្គរដ្ឋទូត ម៉ូរីកាវ៉ា តូរូ (MORIKAWA TORU) នាយកប្រតិបត្តិ មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ថ្លែងនៅក្នុងពិធីបើកវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ពីប្រទេសសិង្ហបុរីតាមប្រព័ន្ធZoomបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរ វាប៉ះពាល់ដល់សង្គមនៅគ្រប់កម្រិតថ្នាក់ ចាប់ពីបុគ្គលរហូតដល់ក្រុមនានា ដូចជា ទាក់ទងនឹងពូជសាសន៍ ភាសា និងសាសនា។ព័ត៌មានក្លែងក្លាយក៏មានផលប៉ះពាល់លើបញ្ហាសកលលោកធំៗផងដែរ ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាសកល ដូចដែលយើងបានឃើញក្នុងអំឡុងពេលជំងឺកូវីដ-១៩ ស្រាប់។ ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងរដ្ឋាភិបាល និងសង្គម កំពុងតែរងផលប៉ះពាល់កាន់តែច្រើនឡើង និងព្រួយបារម្ភអំពីការកើនឡើងនៃព័ត៌មានក្លែងក្លាយ។ឯកអគ្គរដ្ឋទូត ម៉ូរីកាវ៉ា តូរូ បានថ្លែងថា បញ្ហាមានលក្ខណៈរឹងតែធ្ងន់ធ្ងរថែមទៀតដោយសារតែការប្រើប្រាស់កាន់តែច្រើននូវមធ្យោបាយឌីជីថល និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន។«វាកាន់តែលំបាកថែមទៀតក្នុងការបែងចែកភាពខុសគ្នារវាងការពិតពីការប្រឌិត ឬគេហៅថា “ការពិតជំនួស”។ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយដែលទាក់ទងជាពិសេសទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ បានបង្កភាពស្មុគស្មាញ និងថែមទាំងរារាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាពសាធារណៈរបស់រដ្ឋាភិបាល និងសហគមន៍ជុំវិញសកលលោកផងដែរ»។ នៅក្នុងការបង្ហោះតាមគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ អង្គការ UNDP បានជំរុញឱ្យ “រដ្ឋាភិបាលខិតខំដឹកនាំការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវព័ត៌មានមិនពិត អុចអាល និងបំភាន់ការពិត ដែលជាហេតុធ្វើឱ្យផលប៉ះពាល់ដែលធ្ងន់ធ្ងររួចទៅហើយនៃមេរោគនេះ កាន់តែអាក្រក់ថែមទៀត”។
ឯកអគ្គរដ្ឋទូត ម៉ូរីកាវ៉ា តូរូ បានបន្ថែមថា ការបង្កើតឡើងនិងការរីករាលដាលនៃព័ត៌មានក្លែងក្លាយបែបនេះ ជួនកាលអាចជាការបង្ហាញឱ្យឃើញថា ប្រជាជនមានអារម្មណ៍មិនល្អ ហើយយល់ថា ពួកគេមិនត្រូវបានគេយកចិត្តទុកដាក់។ យើងមិនអាចយកឈ្មោះលើបញ្ហានេះ ដោយគ្រាន់តែថ្កោលទោសវាទេ ប៉ុន្តែដោយការកសាង ឬបង្កើតឡើងវិញនូវការជឿទុកចិត្តរបស់ប្រជាជនទៅលើព័ត៌មានដែលផ្តល់ដោយរដ្ឋាភិបាល ក្រុមហ៊ុន ឬអ្នកជំនាញ ផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រ ដែលជាញឹកញាប់គឺតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។ ក្នុងន័យនេះ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។នាយកប្រតិបត្តិ មូលនិធិអាស៊ី-អឺរ៉ុបរុបនេះ បានលើកទឹកចិត្តដល់និពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់ទាំងអស់ឱ្យចូលរួមឱ្យបានពេញលេញនៅក្នុងព្រឹត្តិការណ៍តុមូលរយៈពេលពីរថ្ងៃនេះ រួមទាំងការផ្សព្វផ្សាយក្នុងវេទិកាសាធារណៈជាមួយអ្នកសារព័ត៌មានកម្ពុជាផងដែរ។ទោះបីជាព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងតាមអនឡាញ ដោយសារតែជំងឺរាតត្បាតជាសកល លោកសង្ឃឹមថា អ្នកទាំងអស់គ្នានឹងរីករាយជាមួយការពិភាក្សាដ៏រស់រវើកនិងប្រកបដោយន័យស្ថាបនារយៈពេល ២ ថ្ងៃ តាមរយៈការចែករំលែកទស្សនៈ និងបទពិសោធន៍នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕សហការី
រូបភាពហ្វេសប៊ុកឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន