លោកហ៊ុនម៉ានីបានអញ្ជើ​ញចូលរួមក្នុងកិច្ចប្រជុំកំ​​ពូលថ្នាក់ដឹ​កនាំវ័យ​ក្មេងនៃមូល​និធិអាស៊ី​-អឺរ៉ុបលើ​កទី៤

លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩”។លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបង្ហោះលើផេកផ្ទល់ខ្លួនថាថ្ងៃនេះខ្ញុំមានឱកាសបានចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩” ដែលជាវេទិកាអមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។
លោកបន្តថាកិច្ចប្រជុំ ដែលចាប់ផ្តើមនារសៀលនេះ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ លើសាមគ្គីភាពរបស់យុវជនក្នុងតំបន់ និងបណ្តាយុវជនលើសកលលោក ហើយក៏ជាវេទិកាដ៏មានឥទ្ធិពលមួយដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិដែលនានាដែលបាន និងកំពុងកើតឡើង ជាពិសេស រួមគ្នាដោះស្រាយបញ្ហានានាក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ១៩។លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ខ្ញុំសង្ឃឹមថា អ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់ នឹងយកពុទ្ធិ ចំណេះដឹង បទពិសោធន៍ដែលបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកចេញពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ រួមជាមួយអនុស្សាវីយ៍ល្អៗនៃកម្មវិធីចម្រុះកាលពី១០ខែមុនដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួនប្រកបដោយក្តីមោទនៈហើយបន្តរឹតចំណងសាមគ្គីភាពរវាងជាតិនិងប្រជាជននៃតំបន់ទាំង២ឲ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។លោកលើកឡើងថាខ្ញុំសូមឆ្លៀតឱកាសនេះអបអរសាទរកម្ពុជាជាពិសេសក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងភាពជាម្ចាស់ផ្ទះ រួមជាមួយការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ក្នុងដឹកនាំកម្មវិធីអន្តរជាតិមួយនេះបានដោយរលូននិងទទួលបានជោគជ័យ គួរជាទីមោទនៈបំផុត៕សហការី