
ខួបលើកទី៧៥នៃអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជាសរុបប្រមាណជា២២០នាក់ក្នុងចំណោមនោះក៏មានលោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនផងដែរ
ក្នុងឱកាសខួបអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លើកទី៧៥នាល្ងាចថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានទទួលវិញ្ញាបនបត្រទទួលស្គាល់និងលើកសរសើរស្នាដៃលេចធ្លោររបស់លោកជំទាវក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានិងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ (Fulbright scholarship) ដែលពិធីប្រកាសទទួលស្គាល់នេះ ត្រូវបានប្រារព្ធធ្វើឡើងនិងប្រគល់ដោយឯកឧត្តម ប៉ាទ្រីក មើសហ្វី ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (Residence of H.E. Patric Murphy, Ambassador of the United States of America to the Kingdom of Cambodia) នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។
ឯកឧត្តម ប៉ាទ្រីកមើសហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
បានរំលឹកពីចំណងទាក់ទងការទូត និងការផ្តល់អាហារូបករណ៍ហ្វូលប្រាយរបស់សហរដ្ឋអាមេរិក ដល់និស្សិតកម្ពុជាក្នុងរយ:ពេលកន្លងមកដែលថ្ងៃនេះ គឺជាខួបលើកទី៧៥នៃអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជាហើយមាននិស្សិតកម្ពុជាសរុបប្រមាណជា២២០នាក់ហើយដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយនេះទៅសិក្សានៅសហរដ្ឋអាមេរិក និងបានវិលត្រឡប់មកបម្រើការងារចូលរួមអភិវឌ្ឍប្រទេសកម្ពុជាដែលក្នុងចំណោមនោះ លោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេដែលបានទៅសិក្សានៅសហរដ្ឋអាមេរិកផ្នែកសុខភាពសាធារណ:នៅសាកលវិទ្យាល័យ យែល (Yale University, USA) នៃរដ្ឋខុននិចធីខាត់ (Connecticut) ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩។
ក្រោយពីបានទទួលវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃលេចធ្លោរពីឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករួចមក លោកជំទាវរដ្ឋលេខាធិការ ឱ វណ្ណឌីន បានលើកឡើងថា៖ការទទួលស្គាល់ស្នាដៃលេចធ្លោរនាពេលនេះ គឺមិនអាចកាត់ផ្តាច់ចេញបានពីការចិញ្ចឹមបីបាច់ថែបំប៉ននិងផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ខ្លាំងនោះឡើយ។ លោកជំទាវ ក៏បានមានប្រសាសន៍ផងដែរថា៖ “ ខ្ញុំនៅចងចាំបានថា ខ្ញុំជាស្ត្រីខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Fulbright ដ៏មានកិត្យានុភាពមួយនេះទៅសិក្សានៅសាកលវិទ្យាល័យយេល (Yale University) នៃសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈរបស់ខ្ញុំ ពីពាក់កណ្តាលឆ្នាំ 1994 ដល់ពាក់កណ្តាលឆ្នាំ 1996 ។ បទពិសោធន៍រៀនសូត្រដែលខ្ញុំទទួលបានពីកម្មវិធីនេះបានបង្កើនឡើងនូវសមត្ថភាពរបស់ខ្ញុំយ៉ាងខ្លាំងដែលជំនាញ និងចំណេះដឹងរបស់ខ្ញុំត្រូវបានវិវឌ្ឍន៍គ្រប់ពេលវេលាជាមួយនឹងក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ការជឿទុកចិត្តពីមនុស្សម្នាទាំងឡាយ ហើយសំខាន់ជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ អន្តរកម្មដែលខ្ញុំមាន គឺខ្ញុំបានធ្វើអ្វីៗ រួមទាំងការលះបង់ជីវិតគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ ជាមួយប្រជាជនរបស់ខ្ញុំផ្ទាល់ ក្នុងការជួយពួកគេរាល់ថ្ងៃ មិនថាពេលថ្ងៃ ឫយប់ ទោះបីខ្ញុំកម្របានសម្រាកគ្រប់គ្រាន់ក៏ដោយ។ ខ្ញុំមិនអាចភ្លេចបានទេថា រាជរដ្ឋាភិបាលកម្ពុជា បានចិញ្ចឹម និងជួយខ្ញុំ ដើម្បីឱ្យខ្ញុំបានចេញពីជ្រលងមរណៈ និងគ្រោះអវិជ្ជា បន្ទាប់ពីសម័យប៉ុលពត ហើយផ្តល់ឱកាសឱ្យខ្ញុំ បានរៀនសូត្របន្ថែមទៀត និងរួមចំណែកជួយប្រជាជនខ្ញុំ ដែលទឹកចិត្តខ្ញុំគឺនៅជាមួយប្រជាជន ក្តីបារម្ភរបស់ខ្ញុំគឺសុខភាពប្រជាជន ការយកចិត្តទុកដាក់របស់ខ្ញុំគឺដើម្បីប្រជាជន ហើយទង្វើរបស់ខ្ញុំគឺជួយប្រជាជនរបស់ខ្ញុំ។ នោះជាអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ និងអ្វីដែលកម្មវិធី Fulbright បានជះឥទ្ធិពលមកលើខ្ញុំ ដែលខ្ញុំអាចឈរបានរហូតមកដល់ពេលនេះ។ ខ្ញុំកំពុងបន្តដំណើររបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំផ្នែកសុខភាពសាធារណៈមួយរូប ហើយខ្ញុំនឹងធ្វើអ្វីៗដែលខ្ញុំអាចធ្វើបាន ដើម្បីជួយប្រជាជន និងប្រទេសរបស់ខ្ញុំ។ សូមអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់អាហារូបករណ៍ដ៏ល្បីល្បាញនេះដល់រូបខ្ញុំ ដល់និសិត្សកម្ពុជា និងសូមអរគុណដល់អតីតនិសិត្សអាហារូបករណ៍ហ្វូលប្រាយទាំងអស់ ដែលបានបោះឆ្នោត ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបង្កើតស្នាដៃជួយប្រទេសជាតិ និងជួយប្រជាជនកម្ពុជារបស់ខ្ញុំ ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងសូមឱ្យអ្នកទាំងអស់គ្នាដែលមានវត្តមានក្នុងថ្ងៃនេះ និងប្រជាជនកម្ពុជាមានសេចក្តីសុខ សុខភាពល្អ និងចៀសផុតពីជំងឺកូវីដ-១៩៕សហការី