
លោកសមរង្ស៊ីថាការរឹបអូសអគារជាការសងសឹកខណៈមេធាវីរដ្ឋាភិបាលជាការអនុវត្តតាមច្បាប់
វិទ្យុបារាំងបានចេញផ្សាយថាលោកសម រង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃម្សិលមិញ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថាការរឹបអូសអគារដែលជាទីស្នាក់ការរបស់អតីតគណបក្សសង្គ្រោះជាតិថា ជាការតាមសងសឹករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមកលើរូបលោកទៅលើផ្នែកហិរញ្ញវត្ថុ។ ការលើកឡើងរបស់លោក សម រង្ស៊ី ដូច្នេះធ្វើឡើងក្រោយតុលាការក្រុងភ្នំពេញចេញដីការរឹបអូសទីស្នាក់ការអតីតគណបក្សប្រឆាំងដែលជាទ្រព្យសម្បត្តិលោក សម រង្ស៊ី ដាក់លក់ឡៃឡុង ដើម្បីសងបំណុលរាប់ពាន់លានរៀលដល់លោកហេង សំរិន លោក ហ៊ុន សែន និងលោក ស ខេង ដែលបានឈ្នះក្តីលើលោកសម រង្ស៊ី កន្លងមក។ពីក្រៅប្រទេស លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការរឹបអូសទីស្នាក់ការធំអតីតគណបក្សសង្គ្រោះជាតិ តាមដីការរបស់តុលាការក្រុងភ្នំពេញនៅសង្កាត់ចាក់អង្រែរ គឺជាការតាមធ្វើទុក្ខបុកម្នេញសងសឹកទៅលើរូបលោកទាំងនយោបាយ និងហិរញ្ញវត្ថុពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ តាមពិតទៅជាដីរបស់លោក សម រង្ស៊ី និងភរិយា តែជួលឲ្យអតីតគណបក្សសង្គ្រោះជាតិដោយតម្លៃនិម្មិតរូបមួយ ដើម្បីបើកទីស្នាក់ការបក្សប្រឆាំង។ក៏ប៉ុន្តែលោក សម រង្ស៊ី បញ្ជាក់តាមរយៈការសាកសួរពីវិទ្យុអាស៊ីសេរីថា លោកមិនខ្វល់ទេ ដោយសារតែលោកមិនមែនជាមនុស្សសម្ភារៈនិយម ហើយការបាត់បង់ទ្រព្យសម្បត្តិបន្តិចបន្ទួចនៅប្រទេសកម្ពុជាក៏ជាការល្អដែរ ។ក៏ប៉ុន្តែក្រុមមេធាវីរបស់រដ្ឋាភិបាល ដែលដឹកនាំដោយលោក គី តិច កាលពីថ្ងៃម្សិលមិញ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ដែរថាលោក សម រង្ស៊ី និងភរិយា គឺលោកស្រី ជូឡុង សូមូរ៉ា ត្រូវបានតុលាការចេញសេចក្តីសម្រេចថាមានទោស ហើយ លោក សម រង្ស៊ី និងភរិយា មិនបានអនុវត្តសំណងរដ្ឋប្បវេណីចំពោះដើមបណ្តឹងដោយស្ម័គ្រចិត្តឡើយ។ ក្នុងករណីនេះ ដើមបណ្តឹង មានសិទ្ធិសុំឲ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសងសំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមានអានុភាពអនុវត្តដោយបង្ខំ។ នេះបើតាមក្រុមមេធាវីរដ្ឋាភិបាល។សូមរំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់ លោក សម រង្ស៉ី ដែលជាទីស្នាក់ការកណ្តាល អតីតគណបក្សសង្រ្គោះជាតិ ដើម្បីអនុវត្តតាមអំណាចសាលក្រម សាលដីកាស្ថាពរ ដើម្បីយកទៅសងសំណងផ្នែករដ្ឋប្បវេណី និងប្រាក់ពិន័យតាមច្បាប់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីចំនួន៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន៤សំណុំរឿងទៀត។ ដើមបណ្តឹងរដ្ឋប្បវេណី ដែលលោក សម រង្ស៊ី ត្រូវសងជំងឺចិត្តពីបទបរិហារកេរ្តី៍កាលពី៣ និង៤ឆ្នាំមុន រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៤ ០០០លានរៀល លោក ហេង សំរិន ប្រធានរដ្ឋសភាចំនួន៤ ០០០លានរៀល និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំនួន ២ ០០០លានរៀល។ ដោយឡែក ក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងរដ្ឋាភិបាលកម្ពុជា តុលាការបានបង្គាប់ឲ្យលោក សម រង្ស៉ី សងជំងឺចិត្តចំនួន ១ ៨០០លានរៀលទៀត ដែលសាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១៕សហការី
លោកសម រង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។រូបភាពAP