ស​ម្តេចអ​គ្គម​ហាព​ញាចក្រី​ហេងសំ​រិន៖ASEP11​បា​នរួមគ្នាគំាទ្រយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ-១៩ដោះស្រាយសន្តិសុខ​សន្តិភា​ព​​ការប្រែប្រួល​អាកា​​សធាតុវិស​មភា​ពយេ​នឌ័រ

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ បានបញ្ចប់ដោយជោគជ័យក្រោយពីបានដំណើរការប្រជុំ ផ្លាស់ប្តូរទស្សនៈគ្នាដោយឈរលើគោលការណ៍ពហុភាគីនិយម សាមគ្គីភាពជាអន្តរជាតិ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការស្វែងរកដំណោះស្រាយជួនពលរដ្ឋ លើបញ្ហាសន្តិភាព និងសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ និងជាពិសេសអន្តរកម្មនៃសន្តិសុខស្បៀង ទឹក និងថាមពល និងវិសមភាពសង្គមនិងយេនឌ័រ ជាពិសេសការរួមគ្នាដែលមិនអាចខ្វះបាននៅក្នុង ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងការស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ ក្រោយពីវិបត្តិជំងឺនេះ។
ក្នុងនាមសហប្រធានដឹកនាំកិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈប្រតិភូ ទាំងអស់ដែលចូលរួមចែករំលែកពុទ្ធិដោយមិនខ្លាចនឿយហត់ នៅក្នុងក្រុមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ទស្សនៈរវាងគ្នាទៅវិញទៅមក យ៉ាងផុលផុស និងសកម្ម សំដៅពង្រឹងការទូតសភានិងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាជាសកលដែលពលរដ្ឋក្នុងអាស៊ី និងអឺរ៉ុបក៏ដូចជាពលរដ្ឋក្នុងសកលោកជួបប្រទះនោះ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថាអង្គប្រជុំបានឯកភាពនិងគាំទ្រដល់យុទ្ធសាស្ត្រសំខាន់និងអាទិភាពដើម្បីស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញប្រកបដោយបរិយាប័ន្ន រឹងមាំ ហើយធន់ទៅនឹងវិបត្តិ ដែលនឹងអាចកើតមាននាពេលក្រោយទៀត ដែលក្នុងនោះកត្តាអាទិភាព និងចំពោះមុខគឺ ការចាក់វ៉ាក់សាំងសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទាំងអស់បានចាក់វ៉ាកសាំងគ្រប់គ្នាៗ។អង្គប្រជុំក៏បានឆ្លុះបញ្ចាំងផងដែរនូវសារៈសំខាន់នៃ ពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងភាពជាដៃគូរកាន់តែទូលំទូលាយរវាងតំបន់ទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់មួយចំនួនដូចជា ការអភិវឌ្ឍបៃតង វិស័យបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់តំបន់ និងប្រព័ន្ធសុខាភិបាលជាដើម។
សម្តេចប្រធានរដ្ឋសភា និងជាសហប្រធានដឹកនាំកិច្ចប្រជុំ បានសម្តែងការកោតសរសើរចំពោះគណៈកម្មការកិច្ចប្រជុំរៀបចំសេចក្តីប្រកាស ASEP11 ដែលបានបំពេញការងារយ៉ាងសកម្ម តាំងពីមុនកិច្ចប្រជុំចាប់ផ្តើមដោយបានសម្របសម្រួល ពិភាក្សា ពិគ្រោះនិងផ្លាស់ប្តូរយោបល់គ្នាលើធាតុចូលជាច្រើនពីប្រទេសសមាជិក ទៅក្នុងសេចក្តីព្រាងសេចក្តីប្រកាស រហូតទទួលបានការឯកភាពនិងការអនុម័តជាឯកច្ឆ័ន្ទលើឯកសារដ៏សំខាន់នេះ ដែលឆ្លុះបញ្ចាំងពីស្មារតី ជំហរ និងឆន្ទៈរួមរបស់សមាជិកសភាតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៃតំបន់ទាំងពីរ នូវក្តីបំណងប្រាថ្នារួម គឺការរស់ក្នុងសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពជានិរន្តរ៍។
សម្តេចបានគូសបញ្ជាក់ថាសេចក្តីប្រកាសASEP11ដែលបានអនុម័តនេះជាលទ្ធផលនៃកិច្ចប្រជុំគឺជាឯកសារលទ្ធផលគន្លឹះនឹងត្រូវបង្ហាញជូនដល់មេដឹកនាំនៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ខាងមុខ ពិចារណាលើសារពិសេសរបស់ប្រជាពលរដ្ឋដើម្បីពិនិត្យយកទៅប្រតិបត្តិដើម្បីបម្រើផលប្រយោជន៍រួមសម្រាប់ប្រជាជននៃតំបន់ទាំងពីរ៕សហការី