សភាកម្ពុជាធ្វើជា​ម្ចាស់ផ្ទះកិច្ចប្រជុំភា​ព​ជាដៃគូសភាអា​ស៊ី-អឺរ៉ុបលើ​កទី​១១

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅថ្ងៃទី១៦ ខែវិចិ្ឆកា ស្អែកនេះតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។
កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុបនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះ។ ASEP ជាវេទិកាមួយដ៏សំខាន់ សម្រាប់ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដោយផ្តោតលើការពង្រឹងភាពជាដៃគូ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឈនភាពសង្គម ប្រកបដោយចីរភាព។
ការរៀបចំព្រឹត្តិការណ៍សំខាន់ទំាងពីរនេះ ASEP និង ASEM ជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទំាងមូល បង្ហាញពីតួនាទីសំខាន់លើឆាកអន្តរជាតិ និងការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជានៅក្នុងវិស័យការបរទេស ក្នុងការពង្រឹងវប្បធម៌សន្ទនា ការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។
ក្រៅពីការងារស្នូលនៃកិច្ចប្រជុំ ដែលត្រូវពិភាក្សាលើបញ្ហាកំពុងប្រឈមរបស់ពលរដ្ឋនៅក្នុងតំបន់ទាំងពីរ ក៏ដូចជាបញ្ហាសកល ដែលក្នុងនោះរួមមានបញ្ហា ជំងឺរាតត្បាត អសន្តិសុខ ពាណិជ្ជកម្ម បរិស្ថាន សង្គម សេដ្ឋកិច្ច ជាដើមនោះ ព្រឹត្តិការណ៍នេះក៏ជាឱកាសដែលកម្ពុជាបង្ហាញពីវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្លួនដល់អន្តរជាតិ ពិសេសប្រជាពលរដ្ឋនៅទំាងពីរទ្វីប បានដឹង ក៏ដូចជាការទាក់ទាញ ទំាងអ្នកទេសចរណ៍ និងវិនិយោគឱ្យមកទស្សនានិងបណ្តាក់ទុនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ដែលបានអូសបន្លាញជាង២ ឆ្នាំមកនេះ។ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ នេះ នៅក្នុងពិធីបើកកិច្ចប្រជុំ ដែលនឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៦ វិច្ឆិកា ស្អែកនេះ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជាសហប្រធាន ASEP11 និងក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លៃងសុន្ទរកថាស្វាគមន៍ សុន្ទរកថាគន្លឹះ និងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការផងដែរ។
ថ្នាក់ដឹកនាំនិងតំណាងសភានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប រួមនឹងអង្គការដៃគូជាង៣០ប្រទេស និងស្ថាប័នដៃគូ នឹងចូលរួមកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ៕សហការី