ឯកឧ​ត្តមវេ​ងសា​ខុនបា​នអញ្ជើញចូ​លរួម​កិច្ចប្រជុំពិ​និត្យនិ​ងពិ​ភាក្សាលើ​សេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត​និងកម្មវិធីស្តារនិ​ងជំរុញកំ​ណើនសេដ្ឋកិច្ចកម្ពុជាក្នុង​ការរស់​នៅជាមួ​យកូវីដ-១៩តាម​កន្លងប្រក្រតី​ភាពថ្មី

នាវេលាម៉ោង ០៨:៣០ព្រឹក ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមរដ្ឋលេខាធិការឯកឧត្តមអគ្គលេខាធិការនិងមន្ត្រីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតតាមរយៈប្រព័ន្ធអនឡាញដើម្បីពិនិត្យនិងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ ១៩ តាមកន្លងប្រក្រតីភាពថ្មី បានឲ្យដឹងពីស្ថានភាព ទស្សនវិស័យ ការកែទម្រង់ និងវិធានការស្តារលើវិស័យកសិកម្ម ដែលបានគូសរំលេចបញ្ជាក់ថាវិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យរីកចម្រើន។ វិធានការណ៍នេះបានជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើន ការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។ មួយវិញទៀត ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហា ប្រឈម ជារចនាសម្ព័ន្ធ (structural issues) ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់ កំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែម ក្នុងរយៈពេលខ្លី (២០២១-២០២៣) និងជំរុញការ ស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចជាតិទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ជាពិសេសចំនួនបួន រួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មនសាលមិនមែនកាត់ដេរ។
នៅក្នុងពេលមានវិបត្តិកូវិដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ដោយសារតម្រូវការចំណីអាហារមានការកើនឡើង។ វិស័យនេះមិនបានទទួលរងផលប៉ះពាល់ តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈ ការផ្តល់ការងារ និងចំណូល។ ជាការវាយតម្លៃរួម វិស័យកសិកម្មនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការណ៍នេះឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្ម និង ការនាំចេញ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទោះបីជាមានវឌ្ឍនភាពល្អប្រសើ វិស័យកសិកម្មនៅបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ ត្រូវមានដំណោះស្រាយ រួមមាន៖
១. កំណើនផលិតភាពទាបដែលបណ្តាលមកពីកត្តាកង្វះខាតពូជ សុទ្ធ បច្ចេកទេស ប្រព័ន្ធស្រោចស្រពកសិកម្ម និងបច្ចេកវិទ្យានៅមានកម្រិត
២. កង្វះការវិនិយោគលើការកែច្នៃ ដែលបណ្តាលមកថ្លៃដើមផលិតកម្មនៅមានកម្រិតខ្ពស់ ជាពិសេសថ្លៃអគ្គិសនីនិងឡូជីស្ទីក ព្រមទាំងស្ថិរ ភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម
៣. ភាពមានកម្រិតនៃការធ្វើពាណិជ្ជបនីយកម្ម កសិកម្ម ពោលគឺ ការនាំចេញផលិតផលកសិកម្មមានលក្ខណៈក្រៅផ្លូវការ
៤. កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ទាប
៥. កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រអំឡុងពេល និងក្រោយពេលប្រមូលផល និង
(៦). កង្វះកិច្ចសម្របសម្រួលស្ថាប័នទាំងក្នុងដំណាក់កាលនៃការធ្វើផែនការ និងការអនុវត្ត។
ក្នុងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩ រាជរដ្ឋាភិបាលនឹងផ្តោតជាអាទិភាពលើគោលនយោបាយ កម្មវិធី និងវិធានការចម្បងដូចជា៖
១. ការផ្តល់ឥណទានបន្ថែមជូនដល់វិស័យឯកជនដែលស្ថិតក្នុងបណ្ដាវិស័យអាទិភាព សំដៅជំរុញដល់ការរស់រាន ផលិតភាព និងការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈការចាប់យកនូវបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការហិរញ្ញប្បទានដល់វិស័យឯកជនតាមរយៈត្រៀមថវិកាប្រមាណ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% សម្រាប់វិស័យសំខាន់ដូចជាការដាំយ័ន ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត និងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃការផ្ដល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ
២. រៀបចំគម្រោងសាកល្បងនៃការផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ (Grant – Matching) ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់/សំណាញ់សម្រាប់ការដាំបន្លែលើផ្ទៃដី ចាប់ពី – ០៥ ហិកតាឡើងទៅ និងកំពុង ឬគ្រោងនឹងអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់៤%
៣. រៀបចំយន្តការលើកលែង ឬព្យួរអាករលើតម្លៃបន្ថែម (VAT) និងពន្ធនាំចូល (Tariff) លើសម្ភារៈសម្រាប់សាងសងផ្ទះកញ្ចក់ សំណាញ់ ទុយោតំណក់ទឹក ទុយោបាចសាច បំពង់ទីបជ័រ ដែលបម្រើដល់ការដាំដុះបន្លែ សម្ភារៈ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ ផលិតផលកសិកម្ម រម្ងាប់ដង្កូវរុយចោះផ្លែស្វាយ និងមឿនប៉ៃលិន មាស៊ីនសម្រាប់បំពាក់ក្នុងបន្ទប់ត្រជាក់ផ្ទុកស្វាយស្រស់ (Chiller Machine) ប្រព័ន្ធកង្ហាត្រជាក់បំពាក់រោងចិញ្ចឹមសត្វ និងប្រព័ន្ធដាក់ចំណីសត្វស្វ័យប្រវត្តិ
៤. ជំរុញការវិនិយោគឯកជនលើប្រព័ន្ធដឹកជញ្ជូនត្រជាក់ តាមរយៈយន្តការនៃការលើកលែង ឬព្យួរពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទូកុងតឺន័រត្រជាក់ ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផ្លែចេកអំបូងលឿង និងស្វាយស្រស់ ទៅទីផ្សារអន្តរជាតិ
៥. ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និង គ្រាប់ពូជវិញ្ញាបនបត្រ (Certified Seeds) នៃប្រភេទស្រូវក្រអូប ផ្ការំដួល និងសែនក្រអូប ពូជដំណាំដំឡូងមី និងស្វាយចន្ទី ដែលមានគុណភាព និង ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន
៦. ពង្រឹងសមត្ថភាពក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្មតាមកិច្ចសន្យារវាងក្រុមផលិត សមាគមនិងសហគមន៍កសិកម្ម ឧស្សាហកម្ម និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃផលិតផលកសិកម្មលើអនុវិស័យដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ
៧. ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ (GAP) និងការបំពេញលក្ខខណ្ឌតម្រូវអនាម័យ និងភូតតាមអនាម័យ សម្រាប់ផលិតផលស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូបទៅដល់កសិករក្រុមផលិត និងសហគមន៍កសិកម្ម
៨. បន្តជំរុញការវិនិយោគ និងថែទាំប្រព័ន្ធស្រោចស្រពខ្នាតតូច ដែលតភ្ជាប់ពីប្រឡាយមេ និងផ្លូវលំជនបទតាមយន្តការនៃគម្រោងសាច់ប្រាក់ពលកម្ម (Cash for Work)
៩. វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម (Quality control and certification systems including e-phyto)ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល (Traceability system) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និង/ឬឯកជន ដែលមានសក្តានុពលខ្ពស់ក្នុងការប្រមូលផ្តុំបន្លែចំនួន ០៣ កន្លែងសាកល្បងក្នុងជំហានទី ១ ដូចជា តំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងត្បូងឃ្មុំ
១០. ជំរុញការវិនិយោគសាធារណៈលើមជ្ឈមណ្ឌលចែកចាយត្រីកម្រិតសហគមន៍ – រដ្ឋបាលជលផល និងហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) និងកន្លែងធ្វើតេស្តគុណភាព (quality testing facility)
១១. ពិនិត្យលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្ម (Agro-Industrial Park) – ឧត្តមក្រុមប្រឹក្សាជាតិក្នុងខេត្តដែលមានសក្តានុពលផលិតផលកសិកម្មតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាព សេដ្ឋកិច្ចនៃសហគ្រាសកែច្នៃផលិតផលកសិកម្ម
១២. ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យសម្រាប់ នាំចូលផ្លែមៀនប៉លិន, ទុរេន, ម្រេច, ដូងក្រអូប និងការចរចាលើការលើកលែង ការតម្រូវឱ្យបង់ពន្ធនាំចូលលើផលិតផលកៅស៊ូ ជាមួយភាគីចិន
១៣. ធ្វើសុខដុមនីយកម្ម និងសមាហរណកម្មផែនការសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលគាំទ្រដោយថវិការដ្ឋ និងថវិកាដៃគូ ក្នុងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈ
១៤. សិក្សាថ្លៃធាតុចូលក្នុងវិស័យកសិកម្មដូចជា ដី ថ្នាំ ចំណីសត្វ និងពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល
១៥. ជំរុញការរៀបចំ និងដាក់ឱ្យអនុវត្ត “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម – ២០២១-២០៣០។
មានមតិ និងយោបល់ចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋានដែលបានរៀបចំឯកសារក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩បានយ៉ាងល្អប្រសើរ និងបានឆ្លើយតបបានទៅនឹងគន្លងប្រក្រតីភាពថ្មីដែលបានគូសរំលេចពី(១)ភាពរឹងមាំនិងសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀងនៅកម្ពុជា(២)ទស្សនទាននិងការធ្វើកំណែទម្រង់មានលក្ខណៈប្រទាក់ក្រឡានិងគ្រប់ជ្រុងជ្រោយនិង(៣)មធ្យោបាយគាំទ្រនិងការអនុវត្តវិធានការលើវិស័យកសិកម្មបានឆ្លើយទៅនឹងគោលនយោបាយនៃការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ក្រសួងក៏បានពិនិត្យឃើញនូវចំណុចមួយចំនួនដែលគួរត្រូវបានកែលម្អ និងអាចគូសរំលេចបន្ថែមទៅនឹងសេចក្តីព្រាងគោលនយោបាយ និងវិធានការទាំងឡាយដែលបានលើកឡើង និងសូមផ្ញើជូននូវយោបល់មួយចំនួនជូនដល់អគ្គលេខាធិការដ្ឋានពិនិត្យ កែលម្អរ និងពិភាក្សាជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មីក្នុងវិស័យកសិកម្ម៕សហការី