
កម្ពុជាបានហៅការដាក់ទណ្ឌកម្មអាមេរិកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
សេចក្តីថ្លែងការណ៍រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងក្រសួងការពារជាតិបានចេញបដិសេធចំពោះការប្រកាសដាក់ទណ្ឌកម្មរបស់អាមេរិកមកលើនាយឧត្តមសេនីយ៍កម្ពុជា២រូប។ការដាក់ទណ្ឌកម្មក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការកសាងមូលដ្ឋានកងទ័ពសមុទ្ររាម ។រដ្ឋាភិបាលកម្ពុជាបានហៅការដាក់ទណ្ឌកម្មជាឯកតោភាគីនេះថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទៅវិញទេ។នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នានៅថ្ងៃទី១២វិច្ឆិកាទាំងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានិងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះក្រសួងរតនាគារជាតិអាមេរិកដែលដាក់ទណ្ឌកម្មជាឯកតោភាគីមកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប។សម្រាប់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាការចោទប្រកាន់នេះគឺ «ជាការលាបពណ៌ហើយមិនត្រឹមតែបំពានលើច្បាប់អន្តរជាតិនិងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិទេ តែក៏បានបង្ហាញពីការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតដែរ»។ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិវិញ បានចាត់ទុកការដាក់ទណ្ឌកម្មនេះថា «ជាកាយវិការខ្វះវិចារណញាណនិងមានលក្ខណៈជាការបង្ករឿងឥតឈប់ឈរ»។
គួររលឹកដែរថាក្រសួងរតនាគារជាតិអាមេរិកកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ដែលបានសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា២រូបបន្ថែមទៀត គឺលោកចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា។ ទម្ងន់នៃទណ្ឌកម្មនេះគឺមិនឲ្យឧត្តមសេនីយ៍ទាំង២រូបនេះចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ បើមានរក្សាទុកនៅអាមេរិក។ ការដាក់ទណ្ឌកម្មនេះគឺអាមេរិកចោទមន្ត្រីយោធា២រូបនេះថា បានប្រើប្រាស់ឥទ្ធិពលនយោបាយប្រព្រឹត្តអំពើពុករលួយក្នុងការកសាងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។ ជាទីដែលសហរដ្ឋអាមេរិកចោទថា កម្ពុជាបានអនុញ្ញាតឲ្យយោធាចិនប្រើប្រាស់ទីតាំងនោះជាមូលដ្ឋានកងទ័ពនៅទីនោះ៕សហការី
រូបសហការី