ព្រឹកនេះឯក​ឧត្តមវេង​សាខុនបាន​អញ្ជើញចូលរួមជាមួយក្រុ​មគ្រួសារស​​ពក្នុងពិធីបូជា​ស​ពឯកឧត្តម​គុយម៉ារិ​នឌី

នៅព្រឹកថ្ងៃសុក្រ៨កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញចូលរួមជាមួយក្រុមគ្រួសារសពក្នុងពិធីបូជាសពឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវត្តវារិន្ត ព្រែកលៀប ដែល ឯកឧត្តម បានធ្វើមរណកាលលាចាកលោកយើងនេះទៅកាលពីថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧ ៥០នាទីយប់ នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម គុយ ម៉ារិនឌី ជាកូនទី៥ ក្នុងចំណោមបងប្អូនរួមផ្ទៃចំនួន៧នាក់ ក្នុងនោះប្រុស៣នាក់ ស្រី៤នាក់ ដែលមានដើមកំណើតនៅឃុំ ស្វាយរៀង ស្រុកស្វាយរៀង ទីរួមខេត្តស្វាយរៀង។ នៅក្នុងឆាកជីវិត ឯកឧត្តម គុយ ម៉ារិនឌី ជាថ្នាក់ដឹកនាំ ជាធនធានមនុស្សដ៏ល្អប្រសើរ និងជាសកម្មជនមួយរូបនៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជាកម្លាំងកាយចិត្ត និងទ្រព្យធន រួមចំណែកដល់ការកសាងសមិទ្ធផល នៅក្នុងសង្គមជាច្រើន និងបានជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាននានា។ សូមជម្រាបជូនថា ឯកឧត្តម គុយ ម៉ារិនឌី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៣ និងបានផ្ទេរមកបំពេញការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់មកទៀតឯកឧត្តមគុយម៉ារិនឌីត្រូវបានរាជរដ្ឋាភិបាលតំឡើងឋានានុក្រមជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១៨ រហូតដល់ជីវិតចុងក្រោយនាពេលនេះ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះក្នុងអារម្មណ៍ស្រណោះអាលោះអាល័យក្តុកក្តួលរំជួលចិត្តក្នុងការបាត់បង់ធនធានមនុស្សដ៏ល្អប្រសើរនេះ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមស្មឹងស្មាតបួងសួងឧទ្ទិសកុសល ដែលយើងខ្ញុំទាំងអស់គ្នាបានចូលរួមនេះបញ្ជូនដល់វិញ្ញាក្ខន្ធឯកឧត្តមគុយម៉ារិនឌីសូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពនិងសម្រេចបាននូវនិព្វានជាអវសាន្តជាតិកុំបីក្លាយទៅជាបការៈដទៃឡើយ៕សហការី