ភាគ​ឦសាន​​នៃ​​ប្រទេ​ស​ចិន​ត្រូវ​​បាន​​បក់​បោក​​ដោយ​​ព្យុះ​ព្រិល​​ជា​កំ​ណត់ត្រា

តំបន់ជាច្រើននៅភាគឦសាននៃប្រទេសចិនត្រូវបានបក់បោកដោយសារព្យុះព្រិលបំបែកកំណត់ត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែលបង្កើនការព្រួយបារម្ភអំពីកង្វះការផ្គត់ផ្គង់ថាមពលនៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ។Reutersបានដកស្រង់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១០ ខែវិច្ឆិកាដោយនិយាយថា ក្នុងសប្តាហ៍នេះព្យុះព្រិលបានរំខានចរាចរណ៍យ៉ាងខ្លាំងនៅក្នុងតំបន់មួយចំនួននៃភាគឦសានប្រទេសចិន។ នៅក្នុងខេត្តLiaoningស្ថានីយ៍ផ្លូវហាយវេភាគច្រើនត្រូវបានបិទ។ស្ថានីយ៍រថយន្តក្រុង និងរថភ្លើងក៏ត្រូវបានបង្ខំឱ្យបិទផងដែរលើកលែងតែទីក្រុង Dalian និង Dandong ។ចាប់តាំងពី​តំបន់​ត្រជាក់​បាន​វាយលុក​កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកាសីតុណ្ហភាព​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​រហូត​ដល់​១៤​អង្សា​សេ​នៅ​តំបន់​ខ្លះ។ នាយកដ្ឋានឧតុនិយមខេត្ត Liaoning និង Jilin បានចេញការព្រមានពណ៌ក្រហមសម្រាប់ព្យុះព្រិល។ នេះគឺជាការព្រមានខ្ពស់បំផុតនៅក្នុងមាត្រដ្ឋានព្រមាន ៤កម្រិត។លោក Zhou Chunxiao ប្រធានរដ្ឋបាលឧតុនិយមខេត្ត Liaoning បាននិយាយថា ការធ្លាក់ព្រិលនាពេលថ្មីៗនេះនៅLiaoningគឺធ្ងន់បំផុតចាប់តាំងពីទីភ្នាក់ងារបានចាប់ផ្តើមប្រមូលទិន្នន័យក្នុងឆ្នាំ១៩៥១។ ច្រើនជាង៥០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅក្នុងទីក្រុងជាច្រើនក្នុងLiaoning រួមទាំងទីក្រុង Anshanផងដែរ។អាជ្ញាធរក្នុងតំបន់នៅភាគឦសានប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការផ្គត់ផ្គង់ថាមពលតាមរយៈការបង្កើនការផលិតអគ្គិសនីនិងបង្កើនការនាំចូលធ្យូងថ្ម។សាជីវកម្មអគ្គិសនីចិនកាលពីចុងសប្តាហ៍មុនបានព្រមានថាស្ថានភាពនៃការផ្គត់ផ្គង់និងតម្រូវការអគ្គិសនីនៅក្នុងប្រទេសនេះក្នុងរដូវរងានឹងមានភាពតានតឹងខ្លាំង។អ្នកជំនាញជាច្រើនបារម្ភថាការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសចិនអាចមានភាពតានតឹងបន្ថែមទៀតក្នុងរដូវរងាបន្ទាប់ពីតំបន់ដ៏ធំមួយនៅភាគឦសាននៃប្រទេសនេះបានទទួលរងការខ្វះខាតថាមពលចាប់តាំងពីខែឧសភា៕យោងតាមReuters


តំបន់មួយចំនួននៅភាគឦសាននៃប្រទេសចិនកំពុងជួបប្រទះព្យុះព្រិលបំបែកកំណត់ត្រា (រូបថត៖ Reuters)