សម្ដេចហ៊ុន​សែន៖កម្ពុជា​បានខិតខំបង្កើនការចូលរួមជាលំដាប់ក្នុងការដោះ​ស្រាយ​​ប​ញ្ហាប្រឈម​បរិស្ថានស​ក​លរាប់​ទាំងការប្រែប្រួល​​អាកា​សធាតុ

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថាកម្ពុជាបានខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយ​បញ្ហា​ប្រឈម បរិស្ថានសកល រាប់ទាំងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍«ការទទួលខុសត្រូវរួម។ប៉ុន្តែកម្រិតផ្សេងគ្នាផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុងពិធីបើកសន្និសីទគណបក្សអន្តរ​ជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាននិង ការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ីតាមប្រព័ន្ធវីដេអូ នារសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាការរួមចំណែកដោះស្រាយបញ្ហា​ប្រែប្រួល​​អាកាសធាតុ ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់​តិច កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់​សកល ដោយ​បានបង្កើនថវិកាជាតិចំនួន៣ដងសម្រាប់សកម្មភាពពាក់ព័ន្ធនឹង​ការទប់​ទល់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន​ប្រមាណ ៤២​ភាគរយ នៅត្រឹមឆ្នាំ ២០៣០។ ជាមួយគ្នានេះ កម្ពុជាបានដាក់​ចេញនូវយុទ្ធ​សាស្ត្រអភិវឌ្ឍន៍​សម្រាប់រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសេដ្ឋកិច្ច​បៃតង ដែលធន់​នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ។ លើសពីនេះ​ទៀត កម្ពុជាក៏​បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួល​អាកាស​ធាតុ ជាសមាស​ភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិ​នៃ​ជំងឺ កូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែល​ជា​ច្បាប់ វិនិយោគ​ថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ចចក្រា និងកិច្ចការពារ​បរិស្ថាន។
សម្ដេចតេជោគូសបញ្ជាក់ថា បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុ​នេះ មានតែកិច្ចសហប្រតិបត្តិការនិងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះទើបអាចដោះ​ស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាពនិងជួយសង្គ្រោះភពផែនដីពីគ្រោះ​មហន្តរាយទាំងឡាយសម្រាប់ជនានុជនជារៀងដរាបតទៅ។ សម្ដេចតេជោជឿជាក់ថា យើង​ទាំងអស់ពិត ជាអាចធ្វើបាន ក្នុងនោះក៏មានឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាព និងកិច្ចសហការទាំងនេះ ដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និង​ឈានទៅលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូន បានធ្វើឱ្យសម្ដេចមានសង្ឃឹមយ៉ាង​មុតមាំថា យើងពិតជាអាចជម្នះនូវរាល់ បញ្ហាទាំងនេះ ជាមួយគ្នាបាន ។ ជាទិសដៅ​បន្ត​សម្ដេចតេជោយល់ថា យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេ​រភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ នយោបាយ វប្បធម៌ និង ជំនឿ​សាសនាដោយឡែក។ សម្ដេចតេជោបានអះអាងថា ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេក​វិទ្យា​ពីប្រទេសអភិវឌ្ឍន៍ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រការចាំបាច់ដើម្បីចូល​រួមដោះ​ស្រាយបញ្ហាបរិស្ថានសកលឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយ​គ្នា​នេះ យើងក៏គួរផ្តោតជាសំខាន់ ផងដែរ លើការកសាង និងការធ្វើសមាហរ​ណកម្មធន​ធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្ម​វិធីទស្សនកិច្ចសិក្សាជាដើមដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល។សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «កម្ពុជាបានត្រៀមខ្លួនជាស្រេច ហើយយើងត្រូវការដៃគូ ទាំងសាធារណៈ និងឯកជន ដើម្បីជួយយើងសម្រេចបាននូវ​ការ​ប្ដេជ្ញាចិត្តទាំងនេះ៕AKP