នាយករដ្ឋមន្ត្រីអំពា​វនាវ​ឲ្យពល​រដ្ឋ​នៅ​ឃុំ​ព្រះ​ដាក់កុំអាល​ឆោឡោ​ពីការ​រើចេញ​ពីតំបន់​អង្គរ

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅថ្ងៃទី០៦​តុលាបានចេញ​មក​អំពាវនាវ​កុំឲ្យ​ប្រជាពលរដ្ឋ​រស់នៅឃុំព្រះដាក់​ នៃតំបន់​អង្គរ​កុំ​អាល​មាន​ការឆោឡោ​ពីការ​រុះរើទីលំនៅ។ការ​អំណាវ​នាវ​របស់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ យ៉ាង​ដូច្នេះ ​គឺបន្ទាប់​ពីប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឃុំព្រះដាក់​ បាន​ស្នើឲ្យរដ្ឋាភិបាល​កុំរុះរើ​លំនៅឋាន​ពួកគេ ​ដោយប្តូរ​ទៅតំបន់​រុនតាឯក។​ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលមិនទាន់ប៉ះពាល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់នោះទេ។ ផ្ទុយមកវិញ គឺរដ្ឋាភិបាលគ្រាន់តែបានគិតគូរពីហេដ្ឋារចនាសម្ព័ន្ធតំបន់រមណីយដ្ឋានអង្គរ នៃការស្តុកទុក។នៅចំពោះមុខនៃការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណជាង២០០០នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមានការស្ងៀមស្ងាត់ ដោយលោកនឹងចាត់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅពន្យល់ប្រជាពលរដ្ឋ។បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺរដ្ឋាភិបាលកំពុងគិតគូរពីការស្តុកទឹកនៅតំបន់បារាយណ៍ទាំងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើត។ ក៏ប៉ុន្តែសម្រាប់តំបន់បារាយណ៍ខាងកើត គឺមានបញ្ហាខ្វះទឹកដែលរដ្ឋាភិបាលត្រូវសិក្សា។ តាមលោក ហ៊ុន សែន បញ្ហានេះក៏មិនមែនរដ្ឋាភិបាលទាមទារស្តុកទឹករហូតដល់៣០លានម៉ែត្រគីប ដែលតម្រូវឲ្យប្រជាពលរដ្ឋនៅឃុំព្រះដាក់ទាំងអស់ត្រូវរុះរើនោះដែរ។គួរបញ្ជាក់ថា រដ្ឋាភិបាលបានតម្រូវឲ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អង្គរ ដោយខុសច្បាប់ ត្រូវរុះរើផ្ទះសម្បែង ទៅតំបន់រុនតាឯក។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងនគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា មានពលរដ្ឋចំនួន ៥៦៦២គ្រួសារ បានចាប់ឆ្នោតស្ម័គ្រចិត្តរើចេញ។ ភាគច្រើននៃប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើចេញមានផ្ទះសម្បែងនៅកៀកនៅប្រាសាទអង្គរវត្ត។យ៉ាងណាក្តី បើតាមផែនទីបញ្ជាក់ នៅមានប្រជាពលរដ្ឋមួយចំនួន មិនទាន់ស្ម័គ្រចិត្តរុះរើផ្ទះសម្បែងនៅឡើយ។ ក្នុងនោះរួមមាន ឃុំគោកបេង ឃុំខ្វៀន ឃុំវាល ឃុំត្រពាំងសេះ ឃុំទ្រាំង ឃុំស្រះស្រង់ និងឃុំព្រះដាក់ ជាដើម។ ល។ការណ៍នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីនេះថ្ងៃចន្ទកន្លងទៅ ក៏បានព្រមានអំពីការបណ្តេញចេញប្រសិនបើមានករណីប្រជាពលរដ្ឋទាមទារសំណងហួសហេតុ។ លោក ហ៊ុន សែន លើកឡើងថា ពេលនេះជាវិធីដែលរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ក៏ប៉ុន្តែបើពេលវេលាមកដល់នោះរដ្ឋាភិបាលនឹងមិនចំណាយប្រាក់សម្បីមួយកាក់មួយសេននោះឡើយ។ លោកថា ករណីនេះ គឺដើម្បីបង្ការកុំឲ្យអង្គការ UNESCO ដកអង្គរវត្តចញពីសម្បត្តិបេតិកភណ្ឌពិភពលោក៕RFI