សម្ដេចហ៊ុន​​សែនចែករំលែកនូវការគិតគូរនិងទិស​ដៅរបស់​រាជរដ្ឋាភិបា​ល​ក្នុងសន្និសី​ទចក្ខុវិស័​យប្រទេស​កម្ពុជាឆ្នាំ២០​២២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែនក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នាព្រឹកថ្ងៃទី០៦ខែតុលាឆ្នោះ២០២២នៅឯសណ្ឋាគារសុខាភ្នំពេញនោះ បានចែករំលែកនូវការគិតគូរនិងទិសដៅរបស់រាជរដ្ឋាភិបាលចំនួន៧ចំណុច ដើម្បីសន្និសីទប្រព្រឹត្តទៅបានដោយភាពរលូន និងទទួលបានផ្លែផ្កាល្អ។ ចំណុចសំខាន់ៗទាំងនោះ រួមមានទី១.បន្ថែមពីលើការចាក់វ៉ាក់សាំងរាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខា ភិបាលមួយដ៏រឹងមាំ ដែលអាចជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ ទី២.ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូនប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញនិងលើក ទឹកចិត្តឱ្យ ប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុង ប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ។ ទី៣. ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិងជំនាញ គឺជា កត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាព សេដ្ឋកិច្ច និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើកម្លាំងពលកម្មដែលមានជំនាញទាប ឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យា។ ទី៤. ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការ វិនិយោគ ផ្ទាល់ពីបរទេស និងការនាំចេញសហគ្រាសធុនតូចនិង មធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា។ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាសធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួមក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធជាដើម។ ទី៥. បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្ដល់លទ្ធភាពឱ្យបណ្តាប្រទេស ដែល មានសេដ្ឋកិច្ចកំពុងលូតលាស់ ឬ កំពុងអភិវឌ្ឍន៍អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្ម ប្រពៃណីទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលដ៏ខ្លី។ ដូចនេះ កម្ពុជាត្រូវចាប់យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ » និង គោលនយោបាយពាក់ព័ន្ធផ្សេងទៀត។
ទី៦. ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និង ភាពធន់ ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការក សាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរ-កាល ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា-បៃតងជាដើម។ ទី៧. កិច្ចការងារធំៗ ដែលបានលើកខាងលើ ពិតជាត្រូវការ ធនធានហិរញ្ញវត្ថុ ទាំងពីវិស័យឯកជន និង វិស័យសាធារណៈ ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូល ប្រកបដោយភាពធន់ និងបរិយាបន្ន ដោយមានការចូល រួមពីវិស័យឯកជន គឺពិតជាមានសារៈ-សំខាន់ ។ ជាមួយគ្នានេះដែរ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈបាន ទទួលលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅ កាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគសាធារណៈ អាចសន្សំ លើកស្ទួយឯករាជ្យភាពផ្នែកថវិការបស់កម្ពុជានិង អនុវត្តន៍គោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយប្រជាជន និងវិស័យឯកជនដែលបាននិងកំពុង បន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ការអនុវត្តដោយជោគជ័យនូវគោលដៅធំៗរបស់ កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជានាពេលអនាគត៕AKP