ឯកឧត្តមសសុខា៖គុ​ណបំ​ណា​ច់លោកគ្រូអ្នកគ្រូពិ​តជាមិនអាច​កាត់ថ្លៃបា​ន

ភ្នំពេញ៖ឯកឧត្តម ស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានគូសបញ្ជាក់ថា “គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃបាន” ។ នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ស សុខាដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ក្នុងសារដដែលឯកឧត្តមសសុខាបានសម្ដែងការសាទរក្នុងឱកាសដែលប្រទេសកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន0៥តុលាខួបលើកទី២៥ ក្រោមប្រធានបទ“គ្រូបង្រៀនយើង អនាគតយើងប្រទេសជាតិយើង” នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ។ឯកឧត្តម ស សុខា បានលើកឡើងថាក្នុងរយៈពេលជាង២ឆ្នាំ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ មក គ្រូបង្រៀននៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានឈានមុខគេក្នុងការគាំទ្រសិស្សានុសិស្ស ឲ្យបន្តការសិក្សានិងស្តារការរៀនសូត្រដែលបាត់បង់។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្ខំអោយមនុស្សនៅលើសកលលោកត្រូវរៀនសម្របខ្លួនក្នុងវិស័យជាច្រើននៃជីវិត ។ ក្នុងនោះគ្រូបង្រៀននៅប្រទេសកម្ពុជាត្រូវខិតខំរៀនជំនាញថ្មីៗ ឲ្យបានឆាប់រហ័ស ទាន់សភាពការណ៍ដើម្បីត្រៀមខ្លួនសម្រាប់ជួយសិស្សានុសិស្សឲ្យបន្តការសិក្សារៀនសូត្រនៅពេលដែលស្ថានភាពប្រែប្រួល” ។ឯកឧត្តម ស សុខា បានបន្តទៀតថាដោយក្នុងបរិបទកូវីដ-១៩ សាលារៀនត្រូវបានបិទទ្វារ លោកគ្រូ អ្នកគ្រូជាច្រើន បានខ្នះខ្នែងរៀនជំនាញឌីជីថលថ្មីៗ ដើម្បីផ្លាស់ទីការបង្រៀននិងរៀនពីថ្នាក់រៀនបែបប្រពៃណីទៅជាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងតាមបែបចម្រុះ។ជាមួយគ្នានោះឯកឧត្តមក៏បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតីដើម្បីបង្ហាត់បង្រៀនផ្ទេរចំណេះដឹងនិងបទពិសោធក៏ដូចជាអប់រំទូន្មានតម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូននោះ ។ឯកឧត្តម ស សុខា ក្នុងនាមពលរដ្ឋខ្មែរ និងជាកូនសិស្សមួយរូប បានចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” និងជូនពរលោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ទូទាំងប្រទេស សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕សហការី