សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបថ្កោ​លទោស​ការបាញ់មីស៊ី​លរបស់កូ​រ៉េខាងជើង​​ពីលើប្រទេស​ជប៉ុន

សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ប្រទេសកូរ៉េខាងជើងថាបានបំពានច្បាប់អន្តរជាតិបន្ទាប់ពីខ្លួនបានបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីបលើទឹកដីជប៉ុន។បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកថ្កោលទោសការបាញ់មីស៊ីលនេះហើយជំរុញឱ្យកូរ៉េខាងជើងជៀសវាងអំពើខុសច្បាប់និងអស្ថិរភាព” បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងពីលើទឹកដីជប៉ុន ដោយបង្ខំឱ្យអាជ្ញាធរជប៉ុនចេញការជម្លៀសខ្លួនអ្នកស្រុក។កាំជ្រួចនេះត្រូវបានគេនិយាយថាមានរយៈចម្ងាយពី ៤,៥០០-៤,៦០០គីឡូម៉ែត្រ ដែលអាចទៅដល់កោះ Guam និងកោះ Aleutian យ៉ាងងាយស្រួល ដែលជាកន្លែងមានមូលដ្ឋានទ័ពជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន។ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJakeSullivanក៏បាននិយាយតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុនដើម្បីពិភាក្សាអំពី “ការឆ្លើយតបជាអន្តរជាតិ សមស្រប និងរឹងមាំ” ចំពោះចំណាត់ការរបស់កូរ៉េខាងជើង។លោកSullivanក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះការការពាររបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសរសេរនៅលើ Twitter ថា “សហភាពអឺរ៉ុប (EU) ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកូរ៉េខាងជើង ចំពោះចេតនាគំរាមកំហែងសន្តិសុខក្នុងតំបន់ ដោយការបាញ់មីស៊ីលពីលើប្រទេសជប៉ុន” ។ លោក​បាន​ហៅ​ការ​បាញ់​សាកល្បង​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ថា​ជា​សកម្មភាព​ឈ្លានពាន​ដែល​មិន​ញញើត​និង​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ។ ក្រោម​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ កូរ៉េ​ខាងជើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាកល្បង​អាវុធ​ផ្លោង​ចម្ងាយ​ឆ្ងាយ​ឡើយ​។នេះជាលើកទី៧ហើយ ដែលកូរ៉េខាងជើងបាញ់មីស៊ីលពីលើទឹកដីជប៉ុន ចាប់តាំងពីឆ្នាំ១៩៩៨មក។ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានថ្កោលទោសទង្វើរបស់កូរ៉េខាងជើង ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានព្រមានពី “ការឆ្លើយតប” យ៉ាងម៉ឺងម៉ាត់ជាមួយនឹងសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង។ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចគ្រប់ប្រភេទចំនួន៥ដងក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ នៅពេលដែលសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍មុនបានធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគីដែលមានខ្លឹមសារផ្សេងៗគ្នា រួមទាំងនាវាមុជទឹកតាមប្រមាញ់ផងដែរ។ សកម្មភាពជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាងបានធ្វើឱ្យរដ្ឋាភិបាលក្នុងតំបន់ ទីក្រុងវ៉ាស៊ីនតោន និងអ្នកសង្កេតការណ៍ព្រួយបារម្ភថាកូរ៉េខាងជើងកំពុងបង្កើតសន្ទុះសម្រាប់ការសាកល្បងនុយក្លេអ៊ែរ។សហគមន៍ចារកម្មកូរ៉េខាងត្បូងជឿថា ការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់កូរ៉េខាងជើង អាចនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៦ខែតុលាដល់ថ្ងៃទី០៧ខែវិច្ឆិកាពោលគឺជិតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ ការត្រៀមរៀបចំនៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើងត្រូវបានបញ្ចប់។កូរ៉េ​ខាង​ជើង​បាន​សាកល្បង​អាវុធ​នុយក្លេអែរ​៦​លើក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ហើយ​ថ្មី​បំផុត​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៧៕យោងតាមAFP

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJakeSullivan។Reuters